ក្រុម VKH Racing Team ដណ្តើមបានពាន Class A និង Class C ក្នុងការប្រណាំងរថយន្ត off-road ជើងឯកថ្នាក់ជាតិ ២០២៦

ការប្រកួតកីឡាយានយន្តឆ្លងកាត់ឧបសគ្គ (OFF Road) ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៦ ដែលបានធ្វើឡើងដោយជោគជ័យ នៅខេត្តព្រះសីហនុ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាយានយន្តកម្ពុជាជាមួយមហាគ្រួសារ Off Road ។

លោក វង្ស គីមហួត ប្រធាក្រុមVKH បានបញ្ជាក់ថា នៅក្នុងការប្រណាំង OFF Road) ខាងលើនេះ ក្រុម VKH Racing Team បានបញ្ជូនរថយន្ត off-road ចំនួន ៨គ្រឿងចូលរួមប្រកួត ក្នុងនោះមាន៣គ្រឿងត្រៀមប្រកួតក្នុង Class C ៣គ្រឿងក្នុង Class B និង២គ្រឿងប្រកួតក្នុង Class A។

ក្រុមកីឡាករទាំង៣ក្រុម ដូចជាក្រុម VKH ក្រុម HC និងក្រុម Happy Off Road នឹងរួមគ្នាក្នុងការជួយគ្រប់គ្រងការរៀបចំបច្ចេកទេសសេវា ការមើលផ្លូវ។

នៅក្នុងការប្រកួតជើងឯកនេះ គឺClass A ដណ្តើមបានម្ចាស់ជើងឯក ដោយកីឡាករ ហេង បញ្ញា, Class B ទទួលបានចំណាត់ថ្នាក់លេខ៥ និងក្រុមផ្សេងទៀតទទួលបានចំណាត់ថ្នាក់ល្អបង្គួរ។ Class C ដណ្តើមបានជើងឯកទទួលបានពានរង្វាន់១ ចំណាត់ថ្នាក់លេខ៣ លេខ៦ និងលេខ៦។

លោក វង្ស គីមហួត បានវាយតម្លៃថា នៅក្នុងការប្រកួតClass A គឺកីឡាករដែលបើកបររថយន្តសុទ្ធតែមានគុណភាពបច្ចេកទេសខ្ពស់ៗ ដែលជាការរីកចម្រើនជាងមុនច្រើន ហើយការលទ្ធផលពិន្ទុពី១ចំណាត់ថ្នាក់ទៅ១ចំណាត់ថ្នាក់ទៀតមានកម្រិតពិន្ទុខុសគ្នាបន្តិចបន្តួចបំផុត។ ចំពោះ Class B ទាំងកីឡករ និងយានយន្តសុទ្ធតែថ្មីៗ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់គឺបច្ចេកទេសពួកគាត់ពិតជាធ្វើឱ្យភ្ញាក់ផ្អើលជាមួយលទ្ធផលល្អប្រសើរទទួលយកបាន។ សម្រាប់ Class C វិញ គឺត្រូវបានលោកវាយតម្លៃខ្ពស់ថា ការដណ្តើមបានជ័យលាភីនេះ កីឡាករយើងពិតជាធ្វើបានល្អខ្លាំងណាស់ជាមួយនឹងការមើលឃើញនូវការរីកចម្រើនបន្ថែមនៃគុណភាពបច្ចេកទេសនាឆ្នាំបន្តបន្ទាប់ទៀត។

លោក វង្ស គីមហួត បានគូសបញ្ជាក់ទៀតថា ការរៀបចំរបស់សហព័ន្ធ និងក្លឹបមហាគ្រួសារ Off Road ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ ស្យាម ឆ្នាំ២០២៦នេះពិតជាការរៀបចំបានល្អប្រសើរ ក្នុងការលើកកម្ពស់ដល់ការប្រកួតប្រជែងបង្កើនបច្ចេកទេសរបស់កីឡាករ ខណៈការផ្តល់ពិន្ទុរបស់គណៈកម្មការបច្ចេកទេសពិតជាបានផ្តល់នូវភាពសុក្រិត យុត្តិធម៌គ្រប់ការប្រកួតទាំងអស់ ដែលធ្វើឱ្យកីឡាករចូលរួមប្រកួតគោរពបាននូវបទបញ្ជាបច្ចេកទេស វិន័យ ក្រមសីលធម៌វិជ្ជាជីវៈកីឡាយានយន្តបានល្អ និងរលូនជោគជ័យ។

ជាមួយគ្នានេះ លោកក៏បានបង្ហាញសុទិដ្ឋិនិយមថា VKH Racing Team បន្តប្តេជ្ញាចិត្តខ្ពស់ថា នឹងបន្តការខិតខំអភិវឌ្ឍកីឡាករឱ្យកាន់តែសម្បូរបែប ក្នុងការជួយជ្រោមជ្រែងលើកកម្ពស់វិស័យកីឡាយានយន្តកម្ពុជាឱ្យកាន់តែរីកចម្រើន។ លោកក៏បានអំពាវនាវដល់យុវជន មហាជនចូលរួមគាំទ្រលើកទឹកចិត្តដល់ជំនាញកីឡាមួយនេះឱ្យកាន់តែប្រសើរបន្ថែមទៀត។ ក្រៅពីការចូលរួមប្រកួតថ្នាក់ជាតិ VKH Racing Team ក៏គ្រោងនឹងចូលរួមប្រកួតអន្តរជាតិ នាខែមករា ឆ្នាំ២០២៧ខាងមុខ នៅប្រទេសវៀតណាម និងប្រទេសឡាវ៕