រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ការវិនិយោគដែលមានចីរភាពត្រូវផ្អែកលើគោលការណ៍ច្បាស់លាស់ចំនួនបី៖ គុណភាពនៃគម្រោង សុចរិតភាពក្នុងអាជីវកម្ម និងការទទួលខុស ត្រូវចំពោះសង្គម
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា គោលការណ៍ “សុចរិតភាពក្នុងអាជីវកម្ម សហប្រតិបត្តិការឈ្នះទាំងអស់គ្នា និងនវានុវត្តន៍ដើម្បីការអភិវឌ្ឍ” គួរត្រូវបានបន្តអនុវត្តជាក់ស្តែង ដើម្បីធានាថា ការរីកចម្រើនរបស់ក្រុមហ៊ុននឹងនាំមកនូវអត្ថប្រយោជន៍ដល់ដៃគូ អតិថិជន និងសង្គមទាំងមូល។
ឯកឧត្តម បានលើកឡើងថា នៅក្នុងបរិបទបច្ចុប្បន្ន វិស័យឯកជនមានតួនាទីកាន់តែសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ហើយការវិនិយោគដែលមានចីរភាពត្រូវផ្អែកលើគោលការណ៍ច្បាស់លាស់ចំនួនបី៖ ទីមួយ គុណភាពនៃគម្រោង; ទីពីរ សុចរិតភាពក្នុងអាជីវកម្ម; និងទីបី ការទទួលខុសត្រូវចំពោះសង្គម។
នេះជាការថ្លែងរបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធ “សមាគមពាណិជ្ជកម្មជិនហូរនៅកម្ពុជា” ព្រមទាំងពិធីសម្ពោធផ្សារបោះដុំសម្ភារៈសំណង់គ្រប់ប្រភេទ ដែលមានឈ្មោះថា “Ding Feng Guo Ji Building Materials City” នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នាទីតាំងនៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក Huang Jianhai ប្រធានសមាគមពាណិជ្ជកម្មជិនហួរនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សហគ្រិន វិនិយោគិន និងភ្ញៀវកិត្តិយសជាច្រើនរូប។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរៀបចំពិធីដែលមានអ្នកវិនិយោគិនចិនចូលរួមជាច្រើននាឱកាសនេះ មិនមែនគ្រាន់តែជាការបើកសម្ពោធក្រុមហ៊ុនមួយនោះទេ ប៉ុន្តែជាការបង្ហាញពីជំនឿជាក់របស់វិស័យឯកជនលើស្ថិរភាព បរិយាកាសវិនិយោគ និងសក្តានុពលអភិវឌ្ឍន៍របស់កម្ពុជា។
ពាក្យស្លោករបស់ក្រុមហ៊ុន “រួមដៃឈ្នះទាំងអស់គ្នា · បង្កើតអនាគតរួមគ្នា ឈរជើងនៅកម្ពុជា · បម្រើអាស៊ាន · តភ្ជាប់ទៅពិភពលោក” គឺជាទស្សនវិស័យមួយដែលមានអត្ថន័យជ្រាលជ្រៅ។ វាបង្ហាញថា ការវិនិយោគដែលមានគុណភាព មិនត្រឹមតែសម្លឹងមើលផលចំណេញរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែត្រូវចូលរួមបង្កើតតម្លៃរួម សម្រាប់អតិថិជន ដៃគូអាជីវកម្ម សហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ចជាតិផងដែរ។
ដូច្នេះការវិនិយោគដែលល្អបំផុត គឺការវិនិយោគដែលគោរពច្បាប់ គោរពវប្បធម៌មូលដ្ឋាន គោរពសិទ្ធិ និងអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយចូលរួមជាមួយអាជ្ញាធរ សហគមន៍ និងដៃគូក្នុងស្រុក ដើម្បីបង្កើតបរិយាកាសអាជីវកម្មដែលមានសុខភាពល្អ និងចីរភាព។
ឯកឧត្តមបានជម្រាបជូនថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានបន្តរីកចម្រើនយ៉ាងសំខាន់ ក្នុងបរិយាកាសនៃមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រួម។ ការចូលរួមរបស់សហគ្រាសចិននៅកម្ពុជា បានក្លាយជាផ្នែកមួយនៃការជំរុញការវិនិយោគ ការបង្កើតការងារ ការផ្ទេរជំនាញ និងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន។
តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនចិន Dingfeng International បានកំណត់ខ្លួនជាវេទិកាសហគ្រាសចម្រុះ ដែលរួមបញ្ចូលការគ្រប់គ្រងប្រតិបត្តិការពាណិជ្ជកម្ម សម្ភារៈសំណង់ ការអភិវឌ្ឍអចលនទ្រព្យ ការវិនិយោគគម្រោងទីក្រុងចម្រុះ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទិសដៅនេះស្របពេលជាមួយនឹងការរីកចម្រើនរបស់កម្ពុជា ដែលកំពុងបន្តជំរុញការអភិវឌ្ឍទីក្រុង ទំនើបកម្មវិស័យពាណិជ្ជកម្ម និងការបង្កើតប្រព័ន្ធសេដ្ឋកិច្ចដែលមានភាពប្រកួតប្រជែងកាន់តែខ្ពស់។
ក្នុងន័យនេះ Dingfeng International កំពុងដើរតួនាទីជាស្ពានតភ្ជាប់រវាងធនធាន បច្ចេកទេស បទពិសោធន៍ និងឱកាសអាជីវកម្ម។ ការឈរជើងនៅកម្ពុជា គឺជាការបង្ហាញពីការជឿជាក់លើអនាគតរបស់ប្រទេស ខណៈដែលការបម្រើទីផ្សារអាស៊ាន និងការតភ្ជាប់ទៅកាន់ពិភពលោក គឺជាការបង្ហាញពីសមត្ថភាពពង្រីកបណ្តាញពាណិជ្ជកម្មឆ្លងព្រំដែន និងការចូលរួមរបស់កម្ពុជាក្នុងខ្សែសង្វាក់តម្លៃតំបន់ និងអន្តរជាតិ។
គម្រោងសំខាន់ៗដែលត្រូវបានអភិវឌ្ឍក្រោមទស្សនវិស័យរបស់ Dingfeng International មានតម្លៃយុទ្ធសាស្ត្រគួរឱ្យកត់សម្គាល់។ ជាពិសេស Dingfeng International Building Materials City ដែលមានផ្ទៃដីសរុបប្រមាណ ៣៤,០០០ ម៉ែត្រការ៉េ នៅរាជធានីភ្នំពេញ ផ្តោតលើផលិតផលហាតវែរ គ្រឿងម៉ាស៊ីនអគ្គិសនី និងសម្ភារៈតុបតែងសំណង់។ គម្រោងនេះអាចរួមចំណែកដល់ការផ្គត់ផ្គង់សម្ភារៈសំណង់ដែលមានគុណភាព ជួយគាំទ្រដល់វិស័យសំណង់ និងការអភិវឌ្ឍទីក្រុង ដែលជាវិស័យសំខាន់មួយក្នុងសេដ្ឋកិច្ចកម្ពុជា។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Cambodia Fuguanyuan Real Estate Development Co., Ltd. ដែលផ្តោតលើការអភិវឌ្ឍអចលនទ្រព្យ និងគម្រោងទីក្រុង ក៏អាចជួយបង្កើនភាពរស់រវើកនៃទីផ្សារអចលនទ្រព្យ និងបង្កើតឱកាសការងារ ជំនាញ និងកិច្ចសហការជាមួយសហគ្រាសក្នុងស្រុក។
ជាមួយគ្នានេះ Acto City Automobile City ដែលមានផ្ទៃដីសរុបប្រមាណ ៥២,០០០ ម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី សម្តេច ហ៊ុន សែន ក៏ជាគម្រោងពាណិជ្ជកម្មមួយដែលមានសក្តានុពល។ ការរៀបចំតំបន់បង្ហាញរថយន្តជាច្រើនកម្រិត ដូចជា Standard Showroom, Premium B Showroom និង Premium A Showroom នឹងជួយលើកកម្ពស់បទពិសោធន៍ពាណិជ្ជកម្ម បង្កើតស្តង់ដារសេវាកម្មថ្មី និងជំរុញភាពទំនើបនៃទីផ្សាររថយន្តនៅកម្ពុជា។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យ Dingfeng International បន្តចាត់ទុកកម្ពុជា មិនត្រឹមតែជាទីតាំងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូអភិវឌ្ឍន៍រយៈពេលវែង។ ការរីកចម្រើនរបស់ក្រុមហ៊ុន គួរត្រូវបានភ្ជាប់ជាមួយការបណ្តុះបណ្តាលធនធានមនុស្សខ្មែរ ការផ្តល់ឱកាសដល់សហគ្រាសក្នុងស្រុក ការប្រើប្រាស់សេវាកម្ម និងផលិតផលក្នុងស្រុកតាមលទ្ធភាព និងការចូលរួមក្នុងសកម្មភាពសង្គមដែលមានប្រយោជន៍៕




