សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យតំណាងឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង និងឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ពលទោ សុខ ព្រី ដែលបានជួបគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុ

ខេត្តមណ្ឌលគិរី ៖ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ បានចាត់ឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង នាយកនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា រួមជាមួយ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគិរី អមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធានគណៈកិត្តិយស គណៈកម្មាធិការ និងសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ពលទោ សុខ ព្រី ភេទប្រុស អាយុ២២ឆ្នាំ ដែលបានជួបគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុ មានលំនៅដ្ឋានស្ថិតនៅក្នុងភូមិជ្រៃសែន សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង និងឯកឧត្តម គង់ គឹមនី បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី ឪពុក និងសាច់ញាតិជាទីស្រឡាញ់បំផុត និងជាការបាត់បង់ធនធានមនុស្សមួយរូបរបស់ប្រទេសជាតិ។ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងវិញ្ញាណក្ខនសព ពលទោ សុខ ព្រី បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយនឹងការរំលែកទុក្ខនេះ កាកបាទក្រហមកម្ពុជា បានចូលរួមបុណ្យសព នូវគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ១០០គីឡូក្រាម, ត្រីខកំប៉ុង ៥យួរ, ទឹកបរិសុទ្ធ៥កេស, មីជាតិ ៥កេស, ទឹកក្រូច៥កេស និងថវិកា ៥លានរៀល៕