រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយ គ.ប.ឆ.ប បើកយុទ្ធនាការទ្រង់ទ្រាយធំ “បោសសម្អាតផ្ទះ” ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ខេត្តព្រះសីហនុ៖ ក្នុងស្មារតីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងកសាងទំនុកចិត្តដល់វិនិយោគិន ក៏ដូចជាទេសចរ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ប.ឆ.ប) បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការក្តៅ ក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់ពីជោគជ័យនៃជំហានទី៣ ក្នុងការអនុវត្តចរាចរណ៍លេខ០៣ របស់រាជរដ្ឋាភិបាល ដែលបានបញ្ចប់ដោយលទ្ធផលដូចជា ទីតាំងសរុបដែលបានត្រួតពិនិត្យ ១ ០១៣ ទីតាំង (រួមមានសណ្ឋាគារ ផ្ទះជួល និងបឹងហ្កាឡូ)។ រកឃើញទីតាំងពាក់ព័ន្ធ Online Scams ៤៧ ទីតាំង។ រកឃើញការស្នាក់នៅខុសច្បាប់ ៣០ ទីតាំង។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា «យើងត្រូវតែរួមគ្នាធ្វើការបង្ក្រាប និងបោសសម្អាតផ្ទះរបស់យើងឱ្យមានភាពស្អាតស្អំ។ ប្រសិនបើរកឃើញមានសម្ភារៈបច្ចេកវិទ្យា (Computer) នៅតាមទីតាំងដែលបានបិទសៀល (Seal) កន្លងមក ត្រូវតែដកហូតភ្លាមៗ ដើម្បីឈានទៅរកការបិទបញ្ចប់អាជីវកម្មខុសច្បាប់ទាំងស្រុង»។

យោងតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត យ៉េត វីណែល ក្រុមការងារចម្រុះនឹងចាប់ផ្តើមបេសកកម្មទ្រង់ទ្រាយធំ រយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លើទីតាំងគោលដៅចំនួន ៦៨ កន្លែង ដោយផ្តោតសំខាន់លើ៖
១.ការត្រួតពិនិត្យទីតាំងកាស៊ីណូ ពិនិត្យសៀល (Seal) ដែលបានបិទរួច ការបំពាក់កាមេរ៉ាសុវត្ថិភាព និងការកាត់ផ្តាច់ប្រព័ន្ធទឹក-ភ្លើង-អ៊ិនធរណែត។
២.ស្ថានភាពអាជ្ញាប័ណ្ណ ក្នុងចំណោមកាស៊ីណូទាំង ៩៤ នៅក្នុងខេត្ត មានចំនួន ៣៨ ទីតាំងហើយដែលត្រូវបានដកហូត និងព្យួរអាជ្ញាប័ណ្ណ។
៣. ទីតាំងក្រៅកាស៊ីណូ ត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់នូវរាល់ទីតាំងសង្ស័យដែលធ្លាប់មានសកម្មភាពឆបោក ដើម្បីធានាថាគ្មានការលួចលាក់ដំណើរការឡើងវិញ។

កិច្ចប្រជុំបានបញ្ចប់ទៅដោយការឯកភាពគ្នាយ៉ាងស្អិតរមួតរវាងរដ្ឋបាលខេត្ត និងលេខាធិការដ្ឋាន គ.ប.ឆ.ប ក្នុងការបន្តតាមដាន និងត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំ។ វិធានការ “បោសសម្អាតផ្ទះ” នេះ មិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងរូបភាពវិជ្ជមានរបស់ខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចគំរូ និងជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពបំផុតសម្រាប់មនុស្សគ្រប់រូប។
អាជ្ញាធរខេត្តក៏បានអំពាវនាវដល់ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវសហការផ្តល់ព័ត៌មាន និងតម្លាភាពក្នុងការជួលទីតាំង ដើម្បីចៀសវាងការជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ដែលអាចប្រឈមនឹងការបិទអាជីវកម្មជាស្ថាពរ៕


រូបភាព៖ លោក អ៊ូ ជោត
អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ