ឯកឧត្តម ឈួរ សុបញ្ញា : ពុទ្ធិកសិក្សាជាគ្រឹះសំខាន់ក្នុងការបណ្តុះមនុស្សឱ្យមានស្មារតីទទួលខុសត្រូវចំពោះសង្គម ជាតិ និងសាសនា ដោយភ្ជាប់ចំណេះដឹងជាមួយគុណធម៌
រាជធានីភ្នំពេញ-នៅព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាសមាជិកគណ:កម្មាធិការនាយកនៃពុទ្ធិកសមាគមកម្ពុជរដ្ឋបានអញ្ជើញចូលរួមពិធីបើកបវេសនកាលពុទ្ធិកសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ នៅពុទ្ធិកបឋមសិក្សា វត្តភ្នៀតសិម្ពលីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះឥន្ទមុនី សុំ សុខា ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការវត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រមទាំងជាប្រធានគណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សាវត្តភ្នៀតសិម្ពលី ជាមួយគ្នានេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមយ៉ាងកិត្តិយសពីអគ្គមហាឧបាសិកាធម្មរតនវិវឌ្ឍនា សុខ ឈាង ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈគ្រប់គ្រងក្រោមឱវាទ មន្ត្រីសង្ឃវត្ត ព្រះឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូនិងសមណសិស្សគ្រប់អង្គ ស្ថិតក្នុងបរិយាកាសពោរពេញដោយសេចក្តីស្ងប់ស្ងាត់ គោរព និងសទ្ធាជ្រះថ្លា។ពិធីបើកបវេសនកាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វិស័យពុទ្ធិកសិក្សា បណ្តុះបញ្ញា និងសីលធម៌ដល់សមណសិស្ស ព្រមទាំងពង្រឹងតួនាទីរបស់សាលាពុទ្ធិកក្នុងការផលិតធនធានមនុស្សដែលមានគុណភាព ទាំងផ្នែកចំណេះដឹង និងគុណធម៌។
ក្នុងឱកាសដ៏មហោឡារិក ព្រះឥន្ទមុនីបានផ្តល់ព្រះឱវាទដ៏ជ្រាលជ្រៅ ដល់សមណសិស្ស លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រង ដោយផ្តោតលើសារៈសំខាន់នៃការអប់រំពុទ្ធិកសិក្សា ដែលមិនមែនគ្រាន់តែជាការសិក្សាព្រះធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះបញ្ញា សីលធម៌ និងស្មារតីជាតិឱ្យរឹងមាំ។ ព្រះអង្គបានផ្តាំផ្ញើថា៖
១- សមណសិស្សគ្រប់អង្គ ត្រូវខិតខំរៀនសូត្រ ដោយមានវិន័យជាមូលដ្ឋាន និងការប្តេជ្ញាចិត្តក្នុងការសិក្សា
២-ត្រូវប្រកាន់ខ្ជាប់សីលធម៌ សុចរិតភាព និងការគោរពគ្នាក្នុងសហគមន៍សិក្សា
៣- ត្រូវយកព្រះធម៌ជាគោលដៅក្នុងជីវិត ដើម្បីក្លាយជាមនុស្សល្អ និងព្រះសង្ឃល្អ
៤- ពុទ្ធិកសិក្សាជាគ្រឹះសំខាន់ក្នុងការបណ្តុះមនុស្សឱ្យមានស្មារតីទទួលខុសត្រូវចំពោះសង្គម ជាតិ និងសាសនា ដោយភ្ជាប់ចំណេះដឹងជាមួយគុណធម៌ និងសន្តិភាព។
ដើម្បីជាទស្សនទានក្នុងអង្គពិធី ក្នុងនាមជាសមាជិកគណ:កម្មាធិការនាយកនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ឯកឧត្តមបានផ្តល់យោបល់ជាទស្សនទានសំខាន់ៗ ចំពោះសមណសិស្ស លោកគ្រូ និងអធិបតីមួយចំនួនដូចខាងក្រោម៖
១. ការសិក្សាជាមូលដ្ឋាននៃអនាគត ព្រោះការអប់រំគឺជាមូលដ្ឋានសំខាន់បំផុតក្នុងការកសាងអនាគតរបស់បុគ្គល និងសង្គម ដូច្នេះសមណសិស្សត្រូវយកចិត្តទុកដាក់ខ្ពស់លើការសិក្សាទាំងផ្នែកធម៌ និងវិជ្ជាទូទៅ។
២. វិន័យ និងសីលធម៌ជាគ្រឹះជីវិត ដោយសាលាពុទ្ធិកត្រូវរក្សាឱ្យបាននូវវិន័យខ្ជាប់ខ្ជួន ការគោរពគ្នា និងការរស់នៅប្រកបដោយសីលធម៌ ដើម្បីបង្កើតបរិយាកាសសិក្សាដែលមានសុខដុម។
៣.លោកគ្រូ អ្នកគ្រូ គឺជាមូលដ្ឋានសំខាន់ក្នុងការបណ្តុះទាំងចំណេះដឹង និងគុណធម៌ ដូច្នេះត្រូវបន្តបំពេញតួនាទីជាគ្រូបង្រៀន និងគ្រូជីវិត។
៤. ការអប់រំភ្ជាប់ជាមួយសង្គមជាតិ ដោយការអប់រំមិនអាចផ្តាច់ចេញពីសង្គមបានទេ ប៉ុន្តែត្រូវបណ្តុះមនុស្សឱ្យមានស្មារតីស្រឡាញ់ជាតិ សាសនា និងវប្បធម៌ខ្មែរ។
៥. ការរួមចំណែកអភិវឌ្ឍសង្គម តាមរយៈសមណសិស្សដែលបានបញ្ចប់ការសិក្សា ត្រូវក្លាយជាកម្លាំងមនុស្សមានគុណភាព ដែលអាចរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិបានយ៉ាងមានប្រសិទ្ធភាព។



