គណៈប្រតិភូជាន់ខ្ពស់ឡាវ ធ្វើទស្សនកិច្ចសិក្សា និង ដកស្រង់បទពិសោធន៍ ក្នុងការកសាង អភិវឌ្ឍ និង អនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង ការចែករំលែកបទពិសោធន៍ល្អៗ ក្នុងវិស័យគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (Lao PDR) បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សា នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សា និង ដកស្រង់បទពិសោធន៍ជាក់ស្តែង ក្នុងការរៀបចំ ការកសាង ការអភិវឌ្ឍ និង ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ដំណើរទស្សនកិច្ចសិក្សានេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៦ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
ក្នុងដំណើរទស្សនកិច្ចនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពាក់ព័ន្ធ បានជួបសំដែងការស្វាគមន៍ និង ពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ ឯកឧត្តម Phouvong Kittavong អនុរដ្ឋមន្រ្តី នៃក្រសួងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេស ចំនួន ២៥ រូប ។ អមដំណើរទស្សនកិច្ចនេះដែរ ក៏មានវត្តមានរបស់តំណាងធនាគារពិភពលោក កញ្ញា ទេសា ឃ្លែ ឃូឡេន (Miss Tessa Clear Cullen) អ្នកជំនាញវិស័យសាធារណៈ និង ជាប្រធានកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំប្រទេសកម្ពុជា និង ឡាវ ។
ក្នុងឱកាសដ៏វិសេសនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពទូទៅ និង ការវិវត្តនៃគម្រោង FMIS ដែលត្រូវបានអនុវត្តជាបន្តបន្ទាប់ ចាប់ពីជំហានទី១ ពោលគឺចាប់ពីឆ្នាំ២០១៣ មក ដោយអនុលោមតាមយុទ្ធសាស្ត្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) ។ គម្រោង FMIS បានលទ្ធផលផ្លៃផ្កាទៅតាមជំហានៗ ចាប់ពីដំណាក់កាលបង្កើត និង កសាងនូវមូលដ្ឋានគ្រឹះ (ជំហានទី១) ដល់ដំណាក់កាលពង្រីក ពង្រឹង និង ការធ្វើឱ្យកាន់តែប្រសើរឡើង (ជំហានទី២ និង ជំហានទី៣), ជាពិសេស កំពុងធ្វើដំណើរឆ្ពោះទៅកាន់ជំហានទី៤ (២០២៦-២០៣០) ដែលត្រូវបានតម្រង់ទិសតាមចក្ខុវិស័យដ៏ច្បាស់លាស់ គឺ “នៅឆ្នាំ ២០៣០ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នឹងក្លាយជាថ្នាលគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទំនើប មានលក្ខណៈសមាហរណកម្ម និង មានទិន្នន័យពេញលេញ ដែលអនុញ្ញាតឱ្យក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ មានលទ្ធភាពធ្វើការសម្រេចចិត្តបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និង ប្រចក្សភាព” ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា តាមរយៈបទពិសោធន៍នៃការអនុវត្ត FMIS នៅកម្ពុជា បាននាំមកនូវសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖ ការកែលម្អប្រព័ន្ធគ្រប់គ្រង អនុវត្តថវិកា និង ការតាមដានប្រតិបត្តិការហិរញ្ញវត្ថុ, ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកាត់បន្ថយនីតិវិធីអនុវត្តការងារដោយដៃ មកជាការប្រើប្រាស់ប្រព័ន្ធឌីជីថល, និង ការពង្រឹងសមត្ថភាព តម្លាភាព និង គណនេយ្យភាពនៃការគ្របគ្រងហិរញ្ញវត្ថុសាធារណៈ ។ FMIS បានបង្កើតមូលដ្ឋានទិន្នន័យមួយសំខាន់សម្រាប់គាំទ្រដល់ការវិភាគ និងការសម្រេចចិត្តជាលក្ខណៈយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងបរិការណ៍នៃការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management), តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានចែករំលែកបទពិសោធន៍សំខាន់ៗ ដោយផ្តោតលើការរៀបចំផែនការ និង យុទ្ធសាស្ត្រក្នុងការកៀរគរឱ្យមានការចូលរួមពី ថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់ជាន់ថ្នាក់, ជាពិសេសការបណ្តុះនូវឆន្ទៈភាពជាម្ចាស់នៃការប្រើប្រាស់ប្រព័ន្ធ ។ ការបណ្តុះបណ្តាល ការផ្សព្វផ្សាយ និង ការគាំទ្រយ៉ាងជិតស្និទ្ធទៅកាន់អ្នកពាក់ព័ន្ធ ដើម្បីធានាថាប្រព័ន្ធត្រូវបានអនុវត្តដោយរលូន និងមានប្រសិទ្ធភាព ។ តំណាងក្រសួង បានបង្ហាញអំពីមុខងាររបស់ FMIS និង ទំនើបកម្មនៃការអភិវឌ្ឍប្រព័ន្ធ FMIS ស្របតាមស្តង់ដា និង នវានុវត្តន៍អន្តរជាតិ ។ បន្ទាប់មក, គណៈប្រតិភូសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបន្តទស្សនកិច្ចនៅទីតាំងបំពេញការងាររបស់ក្រុមការងារ FMIS និង ការបង្ហាញនូវមជ្ឈមណ្ឌលទិន្នន័យសុវត្ថិភាពរបស់FMIS ។
បច្ចុប្បន្ន, គម្រោង FMIS ត្រូវបានអនុវត្តនៅគ្រប់ក្រសួង-ស្ថាប័ន, គ្រឹះស្ថានសាធារណៈរដ្ឋបាល, រតនាគាររាជធានី-ខេត្ត, មន្ទីរជំនាញ និង អង្គភាពថវិកាពាក់ព័ន្ធទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ចំនួន ៣០០ការដ្ឋាន ដោយមានអ្នកប្រើប្រាស់សរុបប្រមាណ ៣,៩៩២ រូប និង បានអនុវត្តកម្មវិធីបណ្តុះបណ្តាលបន្តបន្ទាប់ជាច្រើន ដើម្បីធានាដល់ការប្រើប្រាស់ប្រព័ន្ធឱ្យទទួលបានប្រសិទ្ធភាព នៅគ្រប់ការដ្ឋាន ។ FMIS ត្រូវបានកំណត់ថាជាស្នូលដ៏សំខាន់ ក្នុងការពង្រឹងគុណភាព និង ប្រសិទ្ធភាពនៃការគ្រប់គ្រងថវិកាជាតិ ដោយធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការគ្រប់គ្រងធនធានសាធារណៈ ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ, គណៈប្រតិភូសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព និងទិសដៅនៃគម្រោងអភិវឌ្ឍប្រព័ន្ធ IFMIS របស់ប្រទេសឡាវ ដោយផ្តោតលើគោលបំណង និង តម្រូវការក្នុងការផ្លាស់ប្តូរ ពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុបែបប្រពៃណី ទៅកាន់ប្រព័ន្ធគ្រប់គ្រងព័ត៌មានហិរញ្ញវត្ថុសាធារណៈបែបទំនើប និង មានលក្ខណៈសមាហរណកម្ម និង មានទិន្នន័យ ដើម្បីពង្រឹងប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន ។ គណៈប្រតិភូឡាវបានគូសបញ្ជាក់ថា ការអនុវត្ត IFMIS គឺជាផ្នែកសំខាន់នៃកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និង ការធ្វើបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាលឡាវ ដោយមានគោលបំណងបង្កើតប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ដែលមានសមត្ថភាពពេញលេញ គាំទ្រដល់សមាហរណកម្ម រវាងការភ្ជាប់ទិន្នន័យរបស់ស្ថាប័ន ទៅនឹងការគាំទ្រការសម្រេចចិត្តដោយផ្អែកលើព័ត៌មានទិន្នន័យទាន់ពេល និងប្រកប ដោយភាពប្រាកដប្រជា ។
គណៈប្រតិភូឡាវបានលើកឡើងអំពីយន្តការកែលម្អប្រព័ន្ធ IFMIS ជាពិសេសលើដំណើរការរៀបចំថវិកា (Budget Preparation) ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវការរៀបចំផែនការ ការប៉ាន់ប្រមាណចំណូល-ចំណាយ និង ការភ្ជាប់ថវិកា ជាមួយគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ គណៈប្រតិភូឡាវ បានចែករំលែកអំពីបញ្ហាប្រឈមមួយចំនួន ក្នុងការអនុវត្តគម្រោង IFMIS រួមមាន៖ បញ្ហាសមត្ថភាពធនធានមនុស្ស, ការគ្រប់គ្រងការផ្លាស់ប្តូរ, ការសម្របសម្រួលរវាងស្ថាប័ន, ការតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យា និង ការធានានិរន្តរភាពនៃការប្រើប្រាស់ប្រព័ន្ធ ។ បញ្ហាទាំងនេះត្រូវបានពិភាក្សា និង ផ្លាស់ប្តូរយោបល់ជាមួយភាគីកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយ និង បទពិសោធន៍អនុវត្តល្អៗ ។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរចំណេះដឹង ស្វែងយល់ ក៏ដូចជាដកស្រង់បទពិសោធន៍ រវាងប្រទេសទាំងពីរ និង ជាកត្តាជំរុញសំខាន់ ក្នុងការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវរដ្ឋាភិបាលឌីជីថល ដែលមានប្រសិទ្ធភាព តម្លាភាព និងចីរភាពក្នុងតំបន់ ៕



