រដ្ឋមន្រ្តីសុខាភិបាល៖ «ការទទួលស្គាល់គុណភាព (Accreditation) គឺជាយន្តការនៃគុណភាពសម្រាប់ការផ្តល់សេវាសុខាភិបាល ដែលធ្វើឱ្យមាននិរន្តរភាព ពង្រឹងវប្បធម៌ការងារ និងធានានូវ គុណភាព សុវត្ថិភាព និងក្រមសីលធម៌វិជ្ជាជីវៈ។»

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅពេល ឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំ​លើកទី២ នៅទីស្ដីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦   របស់គណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.) ​ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត ដាក់ឱ្យប្រើប្រាស់នូវឯកសារមួយចំនួន សម្រាប់ដំណើររបស់គណៈកម្មាធិការ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តទៅលើ៖
១.ការធ្វើបច្ចុប្បន្នភាពស្តង់ដាទទួលស្គាល់គុណភាពសេវា របស់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដើម្បីប្រើប្រាស់វាយតម្លៃការទទួលស្គាល់គុណភាព សម្រាប់មន្ទីរពេទ្យសាធារណៈ ឯកជន និងមណ្ឌលសុខភាព
២.សេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៦-២០៣០) របស់ គ.ទ.គ.ស.
៣.សេចក្តីព្រាងឯកសារមួយចំនួនសម្រាប់ដំណើរការ គ.ទ.គ.ស.។

​ស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ និងមណ្ឌលសុខភាព ​ នឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងវិស័យសាធារណៈ និងឯកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា​ ដើម្បីជួយលើកកម្ពស់សមត្ថភាពមូលដ្ឋានសុខាភិបាល ក្នុងការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព និងបង្កើតទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋចំពោះប្រព័ន្ធសុខាភិបាលជាតិ។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក លោកស្រី សមាជិក និងអ្នកជំនាញ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.) សរុបចំនួន ២៣រូប។