រដ្ឋបាលខេត្តព្រះសីហនុរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ និងរំលឹកខួបលើកទី៣៣ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»

ខេត្តព្រះសីហនុ៖  រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ ដើម្បីរំលឹកខួបលើកទី៣៣ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»១៧ផែន នៅវេទិកា៧មករា ស្ថិតក្នុងភូមិ៣សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សាមុត សុធារឹទ្ធ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជុំវិញខេត្តយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

ពិធីគោរពរដ្ឋធម្មនុញ្ញ ឬទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ត្រូវបានរៀបចំឡើងដើម្បីរំលឹកដល់ប្រវត្តិសាស្ត្រកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលជាថ្ងៃប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសជាផ្លូវការ ដោយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ»។ ព្រឹត្តិការណ៍នេះក៏ធ្វើឡើងដើម្បីសម្តែងនូវការដឹងគុណចំពោះព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាតិ ដែលបានខិតខំកសាងរដ្ឋធម្មនុញ្ញនេះឡើង ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការគោរព ការពារ និងប្រតិបត្តិតាមច្បាប់កំពូលរបស់ជាតិ។ ជាមួយគ្នានេះដែរ ពិធីនេះមានគោលបំណងលើកកម្ពស់ស្មារតីនីតិរដ្ឋ បញ្ជាក់ជាថ្មីអំពីការស្ដារឡើងវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ដែលមានបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងជាមូលដ្ឋានគ្រឹះនៃការធានាសិទ្ធិ សេរីភាព ប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍជាតិ។ លើសពីនេះ ពិធីនេះក៏ជាការអប់រំ និងដាស់តឿនស្មារតីកូនខ្មែរគ្រប់ជំនាន់ ឱ្យយល់ដឹងពីតម្លៃនៃរដ្ឋធម្មនុញ្ញ ដែលជាឆ្អឹងខ្នងនៃការដឹកនាំរដ្ឋ និងជាមធ្យោបាយបង្រួបបង្រួមជាតិឱ្យមានឯកភាព ស្ថិរភាព និងសន្តិភាពយូរអង្វែង។

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកំណត់នូវគោលការណ៍ជាមូលដ្ឋានសម្រាប់ការរៀបចំ និងដំណើរការរបស់រដ្ឋ ព្រមទាំងការធានាសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការចូលរួមគោរពរដ្ឋធម្មនុញ្ញ មិនត្រឹមតែជាពិធីធ្វើឡើងតាមប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីស្មារតីគោរពច្បាប់ និងការទទួល ខុសត្រូវរួមក្នុងការថែរក្សាគោលការណ៍នៃនីតិរដ្ឋ។

អត្ថបទ: មន សូត្រ