ឯកឧត្តម កឹម គុណវឌ្ឍន៍ និងឯកឧត្តម ផឹង ពីន អញ្ជើញជាអធិបតីពិធីបើក «ព្រឹត្តិការណ៍អំណានសហគ្រិនភាពយុវជន កម្ពុជា-ចិន (Tomorrow’s Boss)» និងសម្ពោធទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង»

ភ្នំពេញ៖ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ជាតំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ផឹង ពីន អនុប្រធានផ្នែកឃោសនាការ និងជាប្រធានការិយាល័យកសាងអរិយធម៌ខាងស្មារតី នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តយូណាន នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «ព្រឹត្តិការណ៍អំណានសហគ្រិនភាពយុវជន កម្ពុជា-ចិន (Tomorrow’s Boss)» និងពិធីសម្ពោធទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅទីស្តីការក្រសួងព័ត៌មាន។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌អំណាន បំផុសស្មារតីសហគ្រិនភាព និងនវានុវត្តកម្មរបស់យុវជន ព្រមទាំងជំរុញការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការយល់ដឹងពីវប្បធម៌រវាងយុវជនកម្ពុជា និងចិន តាមរយៈសៀវភៅ និងការអាន។

ឯកឧត្តម កឹម គុណវឌ្ឍន៍ បានគូសបញ្ជាក់ថា ប្រធានបទនៃ «ព្រឹត្តិការណ៍អំណានសហគ្រិនភាពយុវជន កម្ពុជា-ចិន (Tomorrow’s Boss)» ផ្តោតលើស្មារតីសហគ្រិនភាពយុវជន នវានុវត្តកម្ម និងការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ដែលជាកត្តាសំខាន់សម្រាប់យុវជនក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចសកល។

ឯកឧត្តមបានបញ្ជាក់ថា ការយក «ថ្ម» ជានិមិត្តរូបវប្បធម៌ និងការដកស្រង់ទស្សនទានសំខាន់ៗ ដូចជា «ទឹកស្រក់ទម្លុះថ្ម» ដែលសំដៅលើការតស៊ូព្យាយាមមិនបោះបង់ «ការប្រែក្លាយថ្មទៅជាមាស» ដែលបង្ហាញពីការបង្កើតតម្លៃបន្ថែម និងនវានុវត្តកម្ម និង «ថ្មមកពីភ្នំដទៃ» ដែលសំដៅលើការស្រូបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីគ្នា បានឆ្លុះបញ្ចាំងពីផ្នត់គំនិត និងគុណតម្លៃដែលចាំបាច់សម្រាប់យុវជនជំនាន់ថ្មី។

ឯកឧត្តម កឹម គុណវឌ្ឍន៍ ក៏បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅទីស្តីការក្រសួងព័ត៌មាន ព្រមទាំងកិច្ចសហប្រតិបត្តិការផលិតកម្មវិធីទូរទស្សន៍រវាងទូរទស្សន៍ជាតិកម្ពុជា (TVK) និងមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិខេត្តយូណាន។

ឯកឧត្តមបានលើកឡើងថា សកម្មភាពជាក់ស្តែងទាំងនេះ គឺជាស្ពានភ្ជាប់ចំណេះដឹង វប្បធម៌ និងព័ត៌មានរវាងប្រទេសទាំងពីរ ដែលនឹងផ្តល់ប្រយោជន៍ដល់មន្ត្រីរាជការ យុវជន និងសាធារណជន ព្រមទាំងជាសក្ខីភាពថ្មីមួយទៀតនៃការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យព័ត៌មាន និងសោតទស្សន៍។

ក្នុងឱកាសនោះ ឯកឧត្តម ផឹង ពីន បានលើកឡើងថា ព្រឹត្តិការណ៍អំណាន «Tomorrow’s Boss» បានយក «ថ្ម» ជានិមិត្តរូប ដែលក្នុងវប្បធម៌នៃប្រទេសទាំងពីរ តំណាងឱ្យភាពស៊ីជម្រៅ ភាពឧស្សាហ៍ព្យាយាម និងសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែង។

ឯកឧត្តមបានលើកឧទាហរណ៍ពីការអភិវឌ្ឍរបស់ទីក្រុងយីអ៊ូ ប្រទេសចិន ដែលបានផ្លាស់ប្តូរពីទីក្រុងតូច និងមធ្យមមួយដែលមិនជាប់សមុទ្រ ឬព្រំដែនជាតិ ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើពិភពលោក តាមរយៈការខិតខំប្រឹងប្រែង ការបង្កើតថ្មី និងការប្រែក្លាយធនធានដែលមានស្រាប់ទៅជាតម្លៃថ្មី។

ឯកឧត្តម ផឹង ពីន បានប្រៀបប្រដូចដំណើរនៃសហគ្រិនភាពរបស់យុវជនទៅនឹងការឆ្លាក់ត្បូងយក់ឱ្យក្លាយជាស្នាដៃសិល្បៈដ៏ល្អឯក ដែលទាមទារការខិតខំប្រឹងប្រែង អត់ធ្មត់ និងការបំផុសគំនិតថ្មីៗពីការប្រាស្រ័យទាក់ទង និងការរៀនសូត្រពីគ្នាទៅវិញទៅមក។

ពាក់ព័ន្ធនឹងការសម្ពោធទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» ឯកឧត្តមបានចាត់ទុកថា ជាសកម្មភាពដ៏កក់ក្តៅមួយទៀតដែលរួមចំណែកបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន។ ទូដាក់សៀវភៅនេះ កន្លងមកត្រូវបានរៀបចំ និងបង្កើតឡើងនៅប្រទេសឡាវ មីយ៉ាន់ម៉ា ស្រីលង្កា និងវៀតណាម ហើយទទួលបានការស្វាគមន៍ពីអ្នកអាននៅក្នុងប្រទេសទាំងនោះ។

ឯកឧត្តមបានបង្ហាញក្តីសង្ឃឹមថា តាមរយៈទូដាក់សៀវភៅនេះ យុវជនកម្ពុជា និងចិនកាន់តែច្រើន នឹងមានឱកាសអានរឿងរ៉ាវរបស់គ្នា យល់ដឹងពីក្តីសុបិន និងបទពិសោធន៍របស់គ្នាទៅវិញទៅមក ព្រមទាំងជួយផ្សព្វផ្សាយគំនិត «ភាពកក់ក្តៅពីភាគខាងត្បូង» និងស្មារតី «បង្កើនទំនាក់ទំនងតាមរយៈសៀវភៅ» ឱ្យកាន់តែទូលំទូលាយ និងមាននិរន្តរភាព។

ការរៀបចំព្រឹត្តិការណ៍អំណាន «Tomorrow’s Boss» និងការសម្ពោធទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅកម្ពុជា បានបង្ហាញពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការអាន ការផ្លាស់ប្តូរចំណេះដឹង និងវប្បធម៌ ព្រមទាំងការបំផុសស្មារតីសហគ្រិនភាព និងនវានុវត្តកម្មរបស់យុវជន ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិនឱ្យកាន់តែជិតស្និទ្ធ៕