កម្ពុជា-ខេត្តយូណានប្រទេសចិន បើកឱកាសថ្មីសម្រាប់យុវជន និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយ

ភ្នំពេញ៖ កម្ពុជា និងខេត្តយូណាន នៃប្រទេសចិន បានបង្ហាញពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងការបង្កើតឱកាសថ្មីៗសម្រាប់យុវជន ក្នុងវិស័យសហគ្រិនភាព ការច្នៃប្រឌិត និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ការបង្ហាញនេះធ្វើឡើងក្នុងព្រឹត្តិការណ៍អានសៀវភៅស្តីពីសហគ្រិនភាពយុវជនកម្ពុជា-ចិន ក្រោមប្រធានបទ «ថៅកែនាពេលអនាគត» (Tomorrow’s Boss) និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» (Warmth from the South) នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។

ក្នុងឱកាសនេះ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន កំពុងមានសន្ទុះរីកចម្រើន និងបន្តស៊ីជម្រៅក្រោមក្របខណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» (Diamond Hexagon) ដែលបើកលទ្ធភាពសម្រាប់ការពង្រីកកិច្ចសហការក្នុងវិស័យជាច្រើន។

ឯកឧត្តមបានមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះ ទំនាក់ទំនងកម្ពុជា-ចិន ស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយបន្តត្រូវបានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅ ដោយត្រូវបានលើកកម្ពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និង “មិត្តភាពដែកថែប”»។

ដោយឡែក សម្រាប់វិស័យព័ត៌មាន ឯកឧត្តម កឹម គុណវឌ្ឍន៍ បានលើកឡើងថា កិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសោតទស្សន៍ មានតួនាទីជាស្ពានសម្រាប់ពង្រឹងការយល់ដឹង និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័ស។

ឯកឧត្តមបានមានប្រសាសន៍ថា៖ «វិស័យព័ត៌មាន និងសោតទស្សន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជា “កាតាលីករ” និង “ស្ពាននៃមិត្តភាព” ដោយឆ្លុះបញ្ចាំងពីការពិត លើកកម្ពស់វប្បធម៌ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក»។

ក្នុងន័យនេះ ឯកឧត្តមបានអំពាវនាវឱ្យបន្តពង្រីកកិច្ចសហការលើការផលិតមាតិកាឌីជីថល ការច្នៃប្រឌិតបច្ចេកវិទ្យាព័ត៌មាន ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការរួមគ្នាទប់ស្កាត់ព័ត៌មានមិនពិត។ ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការរវាងទូរទស្សន៍ជាតិកម្ពុជា (TVK) និងមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិខេត្តយូណាន សម្រាប់តំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លើការផលិតកម្មវិធីទូរទស្សន៍ ក៏ត្រូវបានលើកឡើងជាឧទាហរណ៍ជាក់ស្តែងនៃការពង្រីកការងាររវាងភាគីទាំងពីរ។

ក្រៅពីវិស័យប្រព័ន្ធផ្សព្វផ្សាយ ការផ្លាស់ប្តូរតាមរយៈអំណាន និងការអប់រំ ក៏កំពុងក្លាយជាច្រកមួយសម្រាប់ភ្ជាប់យុវជននៃប្រទេសទាំងពីរ។ ការបង្កើតទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅក្រសួងព័ត៌មាន គឺជាសកម្មភាពមួយដែលលើកកម្ពស់ការអាន និងការយល់ដឹងអំពីសង្គម វប្បធម៌ និងជីវិតរបស់ប្រជាជនចិន និងកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ផឹង ពីន អនុប្រធានផ្នែកឃោសនាការ និងជាប្រធានការិយាល័យកសាងអរិយធម៌ខាងស្មារតី នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តយូណាន បានគូសបញ្ជាក់ពីតួនាទីរបស់ «ផ្លូវសូត្រតាមផ្លូវអាកាស» (Air Silk Road) ក្នុងការតភ្ជាប់ប្រទេសទាំងពីរ ដោយលើកឧទាហរណ៍ពីយុវជនកម្ពុជាដែលកំពុងបម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ក្នុងខេត្តសៀមរាប។

ឯកឧត្តមបានលើកទឹកចិត្តឱ្យយុវជនចិន និងកម្ពុជាពង្រឹងមិត្តភាព សហការគ្នា និងហ៊ានសាកល្បងគំនិតថ្មីៗ ដើម្បីស្វែងរកឱកាសអាជីវកម្មក្នុងវិស័យដែលមានសក្តានុពល ដូចជា សេដ្ឋកិច្ចឌីជីថល ថាមពលបៃតង និងកសិកម្មទំនើប។

ឯកឧត្តមបានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងមានភាពក្លាហានក្នុងការសាកល្បង និងមិនខ្លាចបរាជ័យ ដោយរួមគ្នាស្វែងរកឱកាសអាជីវកម្មថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល ថាមពលបៃតង និងកសិកម្មទំនើបជាដើម»។

ឯកឧត្តម ផឹង ពីន ក៏បានស្វាគមន៍ចំពោះការបង្កើតទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅកម្ពុជា ដោយបញ្ជាក់ថា គំនិតផ្តួចផ្តើមស្រដៀងគ្នានេះក៏ត្រូវបានអនុវត្តនៅប្រទេសឡាវ មីយ៉ាន់ម៉ា ស្រីលង្កា និងវៀតណាមផងដែរ។ ឯកឧត្តមបានសង្ឃឹមថា តាមរយៈសៀវភៅ និងសកម្មភាពអំណាន យុវជននៃប្រទេសទាំងពីរនឹងមានឱកាសស្វែងយល់ពីរឿងរ៉ាវ វប្បធម៌ និងក្តីសុបិនរបស់គ្នាទៅវិញទៅមក។

ជាមួយគ្នានេះ ឯកឧត្តម កឹម គុណវឌ្ឍន៍ បានលើកឡើងពីឱកាសសម្រាប់និស្សិត និងយុវជនកម្ពុជា តាមរយៈការអប់រំ សហគ្រិនភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅខេត្តយូណាន រួមមានវិស័យផលិតកម្មកម្រិតខ្ពស់ ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចឌីជីថល។

តាមរយៈព្រឹត្តិការណ៍នេះ កិច្ចសហប្រតិបត្តិការកម្ពុជា-យូណាន ត្រូវបានបង្ហាញថា កំពុងពង្រីកពីការផ្លាស់ប្តូរផ្នែកព័ត៌មាន និងសោតទស្សន៍ ទៅកាន់ការអប់រំ អំណាន សហគ្រិនភាព និងការច្នៃប្រឌិតរបស់យុវជន។ សកម្មភាពទាំងនេះបានបង្កើតច្រកថ្មីសម្រាប់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងជាមូលដ្ឋានសម្រាប់បន្តពង្រឹងទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែស៊ីជម្រៅនាពេលអនាគត៕