ក្រសួងព័ត៌មានកម្ពុជា និងខេត្តយូណានប្រទេសចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន អំណាន និងយុវជន ផ្តល់ផលប្រយោជន៍ដល់ការផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងវប្បធម៌

ភ្នំពេញ៖ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ជាតំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូឃោសនាការ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តយូណាន ដឹកនាំដោយឯកឧត្តម ផឹង ពីន អនុប្រធានផ្នែកឃោសនាការ និងជាប្រធានការិយាល័យកសាងអរិយធម៌ខាងស្មារតី នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តយូណាន នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។

ជំនួបនេះធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូខេត្តយូណាន អញ្ជើញមកចូលរួមព្រឹត្តិការណ៍អំណាន និងសហគ្រិនភាពយុវជនចិន-កម្ពុជា «Tomorrow’s Boss» ដែលជាវេទិកាសម្រាប់លើកកម្ពស់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងគំនិតច្នៃប្រឌិតរបស់យុវជននៃប្រទេសទាំងពីរ។

ក្នុងជំនួបនេះ ឯកឧត្តម កឹម គុណវឌ្ឍន៍ បានលើកឡើងថា ទំនាក់ទំនងរវាងក្រសួងព័ត៌មានកម្ពុជា និងស្ថាប័នព័ត៌មាន និងឃោសនាការនៃខេត្តយូណាន បានបន្តរីកចម្រើន និងក្លាយជាឧទាហរណ៍ជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការកម្រិតថ្នាក់ក្រោមជាតិ ដែលផ្តល់ផលប្រយោជន៍ដល់ការផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងវប្បធម៌។

ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានអនុវត្តសកម្មភាពជាច្រើន ដោយពង្រីកពីការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ទៅកាន់ការផលិតមាតិកា ការលើកកម្ពស់វប្បធម៌អំណាន និងការច្នៃប្រឌិត។ ជាក់ស្តែង ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការផលិតកម្មវិធីទូរទស្សន៍រវាងទូរទស្សន៍ជាតិកម្ពុជា (TVK) និងមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃខេត្តយូណាន ព្រមទាំងការបង្កើតទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅក្រសួងព័ត៌មាន បានបង្ហាញពីការពង្រីកវិសាលភាពនៃការផ្លាស់ប្តូររវាងស្ថាប័នទាំងពីរ។

ឯកឧត្តម កឹម គុណវឌ្ឍន៍ បានបញ្ជាក់ថា សកម្មភាពទាំងនេះបានបង្កើតឱកាសថ្មីសម្រាប់ការសិក្សារៀនសូត្រ និងចែករំលែកបទពិសោធន៍ ជាពិសេសសម្រាប់យុវជន ដែលជាកម្លាំងសំខាន់ក្នុងការបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តម ផឹង ពីន បានគូសបញ្ជាក់ពីចំណងមិត្តភាពរវាងចិន និងកម្ពុជា ដោយចាត់ទុកប្រទេសទាំងពីរជា «មិត្តដែកថែប» ដែលរួមសុខរួមទុក្ខ និងជួយយកអាសាគ្នាទៅវិញទៅមក។ ឯកឧត្តមបានលើកឡើងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០២៥ បានបើកទំព័រថ្មីនៃការកសាងសហគមន៍វាសនារួមចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ក្នុងបរិបទនេះ ឯកឧត្តម ផឹង ពីន បានចាត់ទុកយុវជនថា ជាអ្នកបន្តវេននៃចំណងមិត្តភាពចិន-កម្ពុជា និងជាដៃគូសំខាន់ក្នុងការកសាងសហគមន៍វាសនារួមរវាងប្រទេសទាំងពីរ។ ព្រឹត្តិការណ៍ «Tomorrow’s Boss» ក៏ជាវេទិកាមួយដែលអាចផ្តល់ឱកាសដល់យុវជន ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងគំនិតសហគ្រិនភាព ព្រមទាំងស្វែងរកឱកាសសម្រាប់ការអភិវឌ្ឍខ្លួន។

ឯកឧត្តមបានបន្តថា ក្នុងនាមជាច្រកជួរមុខសម្រាប់ការជំរុញទំនាក់ទំនងរវាងចិន និងអាស៊ីអាគ្នេយ៍ ខេត្តយូណាននឹងបន្តបង្កើតលក្ខខណ្ឌ និងឱកាសសម្រាប់យុវជននៃប្រទេសទាំងពីរ ក្នុងការសិក្សា ផ្លាស់ប្តូរ និងសហការគ្នា។

ជំនួបសំដែងការគូរសមនាឱាកាសនេះ បានបង្ហាញថា ទំនាក់ទំនងរវាងក្រសួងព័ត៌មានកម្ពុជា និងស្ថាប័នព័ត៌មាន និងឃោសនាការនៃខេត្តយូណាន មានមូលដ្ឋានរឹងមាំពីសកម្មភាពជាក់ស្តែងកន្លងមក និងកំពុងបន្តពង្រីកទៅកាន់វិស័យថ្មីៗ។ តាមរយៈការបន្តផ្តល់ឱកាសដល់ការផ្លាស់ប្តូរព័ត៌មាន ការអាន ការច្នៃប្រឌិត និងការចូលរួមរបស់យុវជន ភាគីទាំងពីររំពឹងថា ទំនាក់ទំនង និងចំណងមិត្តភាពរវាងប្រជាជនកម្ពុជា-ចិន នឹងបន្តមានភាពស៊ីជម្រៅ និងរស់រវើកថែមទៀត៕