ឧកញ៉ា ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូ ចូលរួមពិធីដាក់ក្រពុំបិណ្ឌផ្កាឈូកអបអរសាទរទិវារំលឹកខួបលើកទី៣៣ នៃការប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ដឹកនាំដោយ ឧកញ៉ាសាស្រ្តាចារ្យសមូហកបណ្ឌិត ឡី សុភាព និងសមាជិកសមាជីកា បានអញ្ជើញចូលរួម «ពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ» ជាលើកទី២ នាសួនច្បារខាងលិចវិមានឯករាជ្យ ដើម្បីអបអរសាទរខួប ៣៣ឆ្នាំ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ដែលជាច្បាប់កំពូលរបស់ជាតិ។

ព្រឹត្តិការណ៍ជាតិដ៏មានអត្ថន័យប្រវត្តិសាស្ត្រនេះ ត្រូវបានដឹកនាំរៀបចំ និងសម្របសម្រួលយ៉ាងហ្មត់ចត់ដោយ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ។

នៅក្នុងពិធីផ្លូវការដែលបានចាប់ផ្តើមឡើងចាប់ពីម៉ោង ៦:០០ ព្រឹក ឧកញ៉ា ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំនៃសមាគម បានកាន់ «ក្រពុំបិណ្ឌផ្កាឈូក» ដែលរៀបចំឡើងយ៉ាងប្រណិតពីផ្កាឈូកស្រស់ចំនួន ៩ថ្នាក់ រំលេចដោយទម្រពណ៌មាស និងរុយបង់ព័ទ្ធជុំវិញ ដើម្បីអញ្ជើញយកទៅដាក់ និងគោរពរដ្ឋធម្មនុញ្ញនៅ «នីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ»។

ការអញ្ជើញចូលរួមរបស់គណៈប្រតិភូសមាគមវិនិយោគិនកម្ពុជានាពេលនេះ មិនត្រឹមតែជាការរំលឹកប្រវត្តិសាស្ត្រ ៣៣ឆ្នាំ នៃច្បាប់កំពូលរបស់ជាតិនោះទេ ប៉ុន្តែគឺជា «និមិត្តរូបនៃមោទនភាពជាតិ» ដែលបង្ហាញពីការចងចាំ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ ដែលជាគ្រឹះនៃការចាប់ផ្តើមសន្តិភាព សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ជាមួយគ្នានេះដែរ ខ្លឹមសារស្នូលនៃព្រឹត្តិការណ៍គឺការដាស់ស្មារតី និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់សាធារណជន ជាពិសេសស្រទាប់យុវជន និងអ្នកបន្តវេនជំនាន់ក្រោយ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីតម្លៃឥតកាត់ថ្លៃបាននៃរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងឆន្ទៈម្ចាស់ការ និងរួមគ្នារក្សាការពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យបានគង់វង្សជារៀងរហូត ក្រោមស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរវាងស្ថាប័នរដ្ឋ និងប្រជាជាតិទាំងមូលក្រោមឆ័ត្រនៃរដ្ឋធម្មនុញ្ញតែមួយ៕