ម្ចាស់ចំការនៅស្រុកព្រៃនប់ បង្ហាញភាពជោគជ័យលើការដាំដុះ “វ៉ាន់នីឡា និងធុរេន” បច្ចេកទេសថ្មីបង្កើនចំណូលខ្ពស់
ខេត្តព្រះសីហនុ– ក្នុងយុគសម័យដែលកសិកម្មបែបទំនើបកំពុងមានសន្ទុះ លោក ថុង សេដ្ឋា ម្ចាស់ចំការគំរូមួយរូបស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបង្ហាញពីជោគជ័យក្នុងការដាំដុះដំណាំចម្រុះ ជាពិសេសគឺការរួមបញ្ចូលគ្នារវាងដំណាំមានតម្លៃខ្ពស់ វ៉ាន់នីឡា (Vanilla) និង ធុរេន។
នៅក្នុងចំការរបស់លោក ថុង សេដ្ឋា មិនមែនមានតែដំណាំមុខព្រួញពីរប៉ុណ្ណោះទេ ប៉ុន្តែលោកបានរៀបចំប្រព័ន្ធកសិកម្មចម្រុះ ដែលមានដូចជា កាកាវ សាវម៉ៅ ចេក និងបន្លែបង្ការជាច្រើនមុខទៀត។ ទោះជាយ៉ាងណា អ្វីដែលជាចំណុចលេចធ្លោបំផុត និងជាប្រភពចំណូលចម្បងនោះគឺវ៉ាន់នីឡា (មាសបៃតង) ជាដំណាំដែលត្រូវការការថែទាំខ្ពស់។ លោកបានបញ្ជាក់ថា វ៉ាន់នីឡាត្រូវការរយៈពេល ១៨ខែ ក្នុងការលូតលាស់ និងត្រូវរង់ចាំរហូតដល់ ៩ខែបន្ថែមទៀត ដើម្បីឱ្យផ្លែទុំល្អ និងមានគុណភាព។ ដំណាំនេះមានទីផ្សារទូលំទូលាយ ដោយអាចយកទៅកែច្នៃជាគ្រឿងក្រអូប (ទឹកអប់) និងគ្រឿងផ្សំក្នុងចំណីអាហារកម្រិតខ្ពស់។ ធុរេនតាមបច្ចេកទេសដែលលោកបានអភិវឌ្ឍ ការប្រមូលផលធុរេនគឺប្រើរយៈពេលត្រឹមតែ ៩០ថ្ងៃ ប៉ុណ្ណោះ គិតចាប់ពីថ្ងៃចេញផ្កា ក្តឹប រហូតដល់ទំអាចបេះបាន។
លោក ថុង សេដ្ឋា បានសង្កត់ធ្ងន់ថា ជោគជ័យនាពេលនេះមិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាជាលទ្ធផលនៃការ ការអភិវឌ្ឍបច្ចេកទេស យកចិត្តទុកដាក់លើការថែទាំដិតដល់ ការផ្ដល់ទឹក និងជីតាមក្បួនខ្នាត។ ការពង្រឹងស្តង់ដារ កែលម្អវិធីសាស្ត្រផលិតឱ្យស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវរសជាតិ និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ការសិក្សាទីផ្សារ ការពង្រីកបណ្តាញទីផ្សារ និងការយល់ដឹងពីតម្រូវការជាក់ស្តែងរបស់អ្នកទិញ ដើម្បីបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារឱ្យបានអតិបរមា។
តាមរយៈបទពិសោធន៍ជាក់ស្តែង លោកម្ចាស់ចំការបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានដីទំនេរ មិនគួរទុកដីឱ្យនៅទំនេរចោលនោះទេ។ លោកបានលើកទឹកចិត្តឱ្យ “ប្រើប្រាស់ដីឱ្យមានប្រសិទ្ធភាពបំផុត ដោយជ្រើសរើសដាំដំណាំឱ្យសមស្របទៅតាមរដូវកាល និងត្រូវសម្លឹងមើលតម្រូវការទីផ្សារជាធំ ដើម្បីធានាថាផលិតផលដែលផលិតបាន នឹងផ្ដល់ជាចំណេញត្រឡប់មកវិញ។”
ជោគជ័យរបស់លោក ថុង សេដ្ឋា គឺជាគំរូដ៏ល្អមួយសម្រាប់កសិករក្នុងខេត្តព្រះសីហនុ ក្នុងការប្តូរពីការដាំដុះតាមទម្លាប់ មកជាការដាំដុះតាមបច្ចេកទេស និងមានទិសដៅពាណិជ្ជកម្មច្បាស់លាស់ ដែលជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ ក៏ដូចជាកាត់បន្ថយការនាំចូលកសិផលពីក្រៅប្រទេសផងដែរ៕
រូបភាព ៖ សុខជា
អត្ថបទ៖ ស្រីមុំ



