មន្ត្រីជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ទទូចលើការគ្រប់គ្រងច្រកសមុទ្រហ័រមូស ហើយដើម្បីសុវត្ថិភាពគ្រប់កប៉ាល់ទាំងអស់ត្រូវមកសុំការអនុញ្ញាតិពីពួកគេសិន
មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបញ្ជាក់ពីការគ្រប់គ្រងប្រទេសរបស់លោក លើច្រកសមុទ្រហ័រមូស ហើយបាននិយាយថា កប៉ាល់ដែលចង់ឆ្លងកាត់ច្រកនេះត្រូវតែទទួលបានការអនុញ្ញាតពីកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ជាមុនសិន ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។ “កប៉ាល់ណាមួយដែលចង់ឆ្លងកាត់ ត្រូវតែធ្វើដូច្នេះ ដោយមានការអនុញ្ញាតពីកងកម្លាំងប្រដាប់អាវុធសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ជាដាច់ខាត ដើម្បីរក្សាសុវត្ថិភាពពួកគេ”។ លោក Yadollah Javani អនុប្រធាននយោបាយនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ IRIB បានគូសបញ្ជាក់ថាកប៉ាល់ណាមួយដែលជាកម្មសិទ្ធិរបស់សត្រូវ និងព្យាយាមឆ្លងកាត់នឹងត្រូវដោះស្រាយប្រឈមមុខយ៉ាងម៉ឺងម៉ាត់ជាមួយពួកគេ”។ លោក Javani បាននិយាយថា ប្រធានាធិបតីអាមេរិក Donald Trump កំពុងកុហក នៅពេលដែលលោកអះអាងថាលោកកំពុងព្យាយាមបើកផ្លូវឆ្លងកាត់នៅច្រកសមុទ្រហ័រមូស ដោយសារហេតុផលមនុស្សធម៌។ “ការកុហករបស់លោក Trump គឺច្បាស់ណាស់មាននៅទីនេះដែរ! លោកចង់និយាយថា សកម្មភាពរបស់លោកគឺធ្វើមនុស្សធម៌ សម្រាប់ការបើកផ្លូវឆ្លងកាត់ច្រកសមុទ្រហ័រមូស ប៉ុន្តែពិភពលោកដឹងច្បាស់ណាស់ពីលែសរបស់លោក។ លោក Javani បានអះអាងថា ប្រទេសរបស់លោកនឹងទទួលបានជ័យជម្នះ ប្រសិនបើការប្រឈមមុខដាក់គ្នាកាន់តែធ្ងន់ធ្ងរឡើងៗ ហើយលោកប្រធានាធិបតី Trump មិនអាចស្តារស្ថានការណ៍ឡើងវិញដូចមុនពេលមានសង្គ្រាមនោះទេ។ កិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់លោកប្រធានាធិបតី Donald Trump ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ថាមពលពិភពលោកនឹងត្រូវបរាជ័យ។ ការបំបែកនូវការគ្រប់គ្រងរបស់អ៊ីរ៉ង់នៅលើច្រកសមុទ្រនេះនឹងបន្ធូរបន្ថយក្តីបារម្ភផ្នែកសេដ្ឋកិច្ចពិភពលោក និងការបដិសេធរបស់អ៊ីរ៉ង់ ថាជាប្រភពដ៏សំខាន់នៃឥទ្ធិពលនោះ។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបែបនេះក៏ប្រឈមនឹងហានិភ័យនៃការផ្ទុះឡើងនូវការប្រយុទ្ធគ្នាទ្រង់ទ្រាយធំបានដែរ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ជាលើកដំបូងនៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលជំរុញឱ្យអ៊ីរ៉ង់បិទច្រកសមុទ្រនេះតែម្តង។ ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនធានារ៉ាប់រងរបស់ពួកគេទំនងជាមិនប្រថុយប្រថានបែបនេះទេ ដោយសារតែអ៊ីរ៉ង់បានបាញ់ទៅលើកប៉ាល់ជាច្រើនក្នុងផ្លូវទឹក ហើយបានសន្យាថានឹងបន្តធ្វើដូច្នេះដើម្បីប្រឆាំងនឹងអាម៉េរិកដូចគ្នា៕
សម្រួលអត្ថបទ៖ សុផារិន្ទ



