មេដឹកនាំមីយ៉ាន់ម៉ាលោក Min Aung Hlaing ធ្វើទស្សនកិច្ចនៅរុស្ស៊ីដើម្បីស្តារឡើងវិញនូវវិស័យកាទូត និងវិស័យថាមពល! បើទោះបីជាឆាកអន្តរជាតិទុកមីយ៉ាន់ម៉ាឱ្យនៅឯកោក៏ដោយ
លោកប្រធានាធិបតី Vladimir Putin បានទទួលស្វាគមន៍ប្រមុខរដ្ឋាភិបាលដែលគាំទ្រដោយយោធាមីយ៉ាន់ម៉ា មកកាន់ ប្រទេសរុស្ស៊ីក្នុងដំណើរទស្សនកិច្ចមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ថ្លែងនៅពេលចាប់ផ្តើមកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតីមីយ៉ាន់ម៉ាបច្ចុប្បន្ន Min Aung Hlaing ដោយលោកពូទីនបានកត់សម្គាល់ថា ប្រទេសទាំងពីរបានសហការគ្នាលើគោលនយោបាយការបរទេស និងបញ្ហាសន្តិសុខ ព្រមទាំងបានបង្កើតគម្រោងសេដ្ឋកិច្ចរួមគ្នាផងដែរ។ លើសពីនេះប្រទេសទាំងពីរបានធ្វើសមយុទ្ធយោធារួមគ្នា និងបានបង្កើតផែនការសម្រាប់រុស្ស៊ី ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ កំពង់ផែ រោងចក្រចម្រាញ់ប្រេង និងទីកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែរ។ លោក Putin បានមានប្រសាសន៍ថា “ថាមពលគឺជាវិស័យសំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រុស្ស៊ី-មីយ៉ាន់ម៉ា”។ ដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចចុងក្រោយបង្អស់ក្នុងចំណោមដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់លោក Min Aung Hlaing ទៅកាន់ប្រទេសជិតខាងដែលក្នុងនោះរួមមានទាំងប្រទេសចិន ឥណ្ឌា ឡាវ និងប្រទេសថៃ ខណៈដែលលោកកំពុងស្វែងរកការពង្រឹងនូវការទទួលស្គាល់ពីអន្តរជាតិ និងទទួលបានឋានៈការទូតជាថ្មីឡើងវិញជាមួយប្រទេសដទៃទៀត ជាពិសេសជាមួយបណ្តាប្រទេសមហាអំណាចធំៗដែរ។ បើទោះបីជាស្ថិតក្នុងដំណើរទស្សនកិច្ចទាំងនោះក៏ដោយ ក៏ប្រទេសមីយ៉ាន់ម៉ាហាក់ដូចជាស្ថិតនៅតែឯកោយ៉ាងខ្លាំងដដែលនៅលើឆាកអន្តរជាតិចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា ដោយដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតភ្លូកទឹកភ្លូកដីរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។ ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយនានា ជាការឆ្លើយតបទៅនឹងការឡើងកាន់អំណាចដោយយោធានេះរបស់លោក Min Aung Hlaing ដែលលោកបានដឹកនាំ និងបានបង្ក្រាបដោយហិង្សារបស់ខ្លួនលើក្រុមអ្នកប្រឆាំង ដែលបន្សល់នូវចំនួនមនុស្សស្លាប់របស់ជនស៊ីវិលរាប់ពាន់នាក់ និងបង្កឱ្យមានសង្គ្រាមស៊ីវិលមិនចេះរីងស្ងួតផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






