ការប្រយុទ្ធគ្នាយ៉ាងតានតឹងរវាងកងទ័ពរដ្ឋាភិបាល និង កងជីវពលនាភាគនិរតីនៃប្រទេសសូម៉ាលីបានសម្លាប់មនុស្សរាប់សិបនាក់ ក្នុងនោះមានជនស៊ីវិល៤នាក់ដែរ

ការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងកងទ័ពរដ្ឋាភិបាល និងកងជីវពលនៅក្នុងទីក្រុង Baidoa (បៃដាវ) នាភាគនិរតីនៃប្រទេសសូម៉ាលីបានសម្លាប់យុទ្ធជនរាប់សិបនាក់ និងជនស៊ីវិលយ៉ាងហោចណាស់៤នាក់ ខណៈដែលមនុស្ស៩៨នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមមន្ត្រីមន្ទីរពេទ្យម្នាក់ដែលបានបញ្ជាក់។ មួយសន្ទុះក្រោយមកស្ថានភាពស្ងប់ស្ងាត់បាក៏នវិលត្រឡប់មកវិញនៅទីក្រុង Baidoa ខណៈដែលកងកម្លាំងសន្តិសុខបានល្បាតតាមដងផ្លូវសំខាន់ៗ និងត្រួតពិនិត្យតាមអគារ និងយានយន្តដែលខូចខាតពីការប្រយុទ្ធគ្នា។ ប្រជាពលរដ្ឋបានចេញពីផ្ទះរបស់ពួកគេដោយប្រុងប្រយ័ត្ន ទោះបីជាកងទ័ពនៅតែមានវត្តមានយ៉ាងច្រើន បង្រាយនៅក្នុងតំបន់សំខាន់ៗក៏ដោយ។ ការប្រយុទ្ធគ្នានេះបានផ្ទុះឡើងនៅព្រឹកថ្ងៃចន្ទ នៅពេលដែលក្រុមកងជីវពលបានវាយប្រហារទីតាំងរដ្ឋាភិបាលនៅជាយក្រុង ដែលជាជម្រករបស់ប្រជាជនជាងកន្លះលាននាក់ដែលបានផ្លាស់ទីលំនៅដោយជម្លោះ និងគ្រោះរាំងស្ងួត។ មន្ត្រីសូម៉ាលីបាននិយាយថា យ៉ាងហោចណាស់មានអ្នកវាយប្រហារចំនួន៣០នាក់ត្រូវបានសម្លាប់ ប៉ុន្តែមិនបានផ្តល់ចំនួនមនសុ្សស្លាប់ពិតប្រាកដសម្រាប់កងទ័ពរដ្ឋាភិបាលភ្លាមៗនោះទេ។ លោកវេជ្ជបណ្ឌិត Abdikahi Omar ប្រធានផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Bay Regional Hospital ក្នុងទីក្រុង Baidoa បាននិយាយថា យ៉ាងហោចណាស់មានជនស៊ីវិល៤នាក់ត្រូវស្លាប់ និង៩៨នាក់រងរបួស រួមទាំងស្ត្រី២៨នាក់ និងបុរសចំណាស់ម្នាក់ត្រូវគ្រាប់កាំភ្លើងផ្លោងដែរ។ អំពើហិង្សាចុងក្រោយនេះបានដាក់សម្ពាធបន្ថែមទៅលើសេវាសុខាភិបាលដែលកំពុងតស៊ូយ៉ាងលំបាកដើម្បីបម្រើប្រជាជន និងជំរំផ្លាស់ទីលំនៅនៅ Baidoa ចម្ងាយប្រហែល ២៤៥គីឡូម៉ែត្រនាភាគពាយ័ព្យនៃទីក្រុង Mogadishu (ម៉ូហ្កាឌីស៊ូ)។ លោក Omar បាននិយាយថា មន្ទីរពេទ្យរបស់លោកមានគ្រែត្រឹមតែ៤០ប៉ុណ្ណោះ ហើយបានរៀបចំតង់សង្គ្រោះបន្ទាន់ដើម្បីផ្ទុកអ្នកជំងឺដែលហូរចូលមកជាបន្តបន្ទាប់។ លោក​បាន​មាន​ប្រសាសន៍​ថា បុគ្គលិក​ពេទ្យ​ក៏​កំពុង​ជួប​បញ្ហា​ខ្វះខាត​ថ្នាំពេទ្យ​សំខាន់ៗដូចគ្នា។ អំពើហិង្សា​បាន​ចាប់ផ្តើម​ភ្លាមៗ​ក្រោយ​ម៉ោង៥ព្រឹកព្រឹក ដោយ​ផ្ទុះចេញពីទី​កន្លែង​នៅ​ជិត​មូលដ្ឋាន​យោធា​មួយកន្លែង​នា​ភាគ​ខាងកើត​នៃ​ទីក្រុង Baidoa៕

សម្រួលអត្ថបទ៖ សុផារិន្ទ