ផ្លូវក្រវាត់ព្រំដែន កសាងសម្រេចបានជិត៩៩ភាគរយ ហើយ

ភ្នំពេញ ៖ បើតាមការបញ្ជាក់ពីមូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន នៅរសៀលថ្ងៃទី១៨ ខែសីហា ការកសាងផ្លូវក្រវាត់ ព្រំដែន គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ សម្រេចបានប្រមាណ៩៨,៨៧ភាគរយហើយ។

សូមបញ្ជាក់ថា រយៈពេលប្រមាណ២០ខែកន្លងមក ក្រុមការងា របានឈូសព្រៃទទឹង៥ម៉ែត្រ លើដីជាក់ស្តែងបានប្រវែង២៦ ៤,៤០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង២០ ម៉ែត្រ បានប្រវែង២៦៤,៤០គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង បន្ទាបចំណោតភ្នំ ចិតជញ្ជាំងភ្នំ ជីកប្រឡាយបង្ហូរទឹកភ្លៀង និងកសាងតួផ្លូវ សម្រេចបានប្រវែង២៦១,៩០ គីឡូម៉ែត និងចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់ បានប្រវែង២៥១,៩០គីឡូម៉ែត្រ។ ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបានប្រមាណជិត៩០ ភាគរយនៃផែនការរួម ដែលមានប្រវែងផ្លូវសរុប២៦៤,៤០ គីឡូម៉ែត្រ។ ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចការសាងសង់ហើយរួចរាល់ រីឯខេត្តរតនគិរី សម្រេចបានជាង៩៧ភាគរយ។

ចំពោះការឈូសបើកផ្លូវក្នុងទឹកដីកម្ពុជាទៅដល់បង្គោលលេខ០ (តំបន់កន្ទុយនាគ) ជាចំណុចប្រសព្វគ្នានៃព្រំដែនប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម និងបន្តពង្រឹងផ្លូវនេះ ឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ។ មូលនិធិកសាងបន្ថែមថា ចំពោះកិច្ចការរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន រកឃើញគ្រាប់គ្រប់ប្រភេទចំនួន១០៦គ្រាប់, លោហធាតុ១០០៦គីឡូ ក្រាម ក្នុងនោះ មានគ្រាប់បែកចង្កោមចំនួន៤៣គ្រាប់។ គួរជ្រាបថា ការកសាងផ្លូវក្រវាត់ព្រំដែននេះ ត្រូវបានពលរដ្ឋកម្ពុជាទូទាំងប្រទេស រួមគ្នាបរិច្ចាគប្រាក់តាមលទ្ធភាពរាងៗខ្លួន ដល់មូលនិធិកសាង ដើម្បីចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា កសាងផ្លូវក្រវាត់ព្រំដែនភាគខាងកើតនេះឡើង ដើម្បីជាប្រយោជន៍ជាតិជារួម៕