មហាជនបានស្នើដល់រាជរដ្ឋាភិបាលជួយ ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹង ដើម្បីការពារមូលធនមនុស្សរបស់កម្ពុជា ។ យុវជនចំនួនជាង៧០០នាក់ បានផ្ញើអត្ថបទចូលរួមការប្រកួតវោហារស័ព្ទជាក្រុម ស្តីពីឥទ្ធិពលនៃគ្រឿងស្រវឹង ដែលរៀបចំឡើងរាជបណ្ឌិតសភាកម្ពុជា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា កាលពីពេលថ្មីៗនេះ។
នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតវោហារស័ព្ទជាក្រុម ដែលបានរៀបចំឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជាបេក្ខជនចំនួន៤ បានឡើងបង្ហាញសមត្ថភាព ដើម្បីទទួលបានប្រសិទ្ធនាមជា ជ័យលាភីនៃការប្រកួតវោហារសព្ទជាក្រុម នៅចំពោះមុខគណៈកម្មការផ្តល់ពិន្ទុ និងអ្នកចូលរួមសរុបប្រមាណ៣០០រូប។
យុវតី ស៊ាង គឹមសុទ្ធ មកពីសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតវោហារស័ព្ទជាក្រុម បានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលធនមនុស្សកម្ពុជា ដោយលើកឡើងបែបនេះថា “ក្នុងខណៈពេលដែលសាលារៀនកំពុងប្រឹងប្រែងបណ្តុះបណ្តាលចំណេះដឹង មន្ទីរពិសោធន៍កំពុងស្វែងរកនវានុវត្តន៍ ប៉ុន្តែនៅខាងក្រៅរបងសាលា និងនៅលើអេក្រង់ទូរស័ព្ទ សំឡេងអប់រំទាំងនោះបែរជាត្រូវសម្រែកនៃការជល់កែវ និងយុទ្ធសាស្ត្រទីផ្សារផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងលេបត្របាក់ស្ទើរតែទាំងស្រុង។ នៅពេលកុមារ និងយុវជនទទួលរងឥទ្ធិពលការផ្សាយពាណិជ្ជកម្ម ហើយឈានជើងចូលក្នុងវដ្តនៃការសេពគ្រឿងស្រវឹង វាមិនត្រឹមតែទៅបំផ្លាញកោសិកាខួរក្បាល បញ្ញាស្មារតី និង សមត្ថភាពសិក្សារបស់ពួកគេទាំងវ័យក្មេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានលួចប្លន់យកសុខភាព ផលិតភាពការងារ និង កាត់ផ្តាច់ឱកាសក្នុងការអភិវឌ្ឍខ្លួនទៅថ្ងៃអនាគតហើយពួកគេនឹងប្រែក្លាយពី “សសរទ្រូងជាតិដ៏រឹងមាំ” ទៅជា “បន្ទុកសង្គមដ៏ធ្ងន់ធ្ងរ” វិញ”។
ចំណែកជ័យលាភីលេខ២ ដែលបានមើលឃើញពីយុទ្ធសាស្ត្រពង្វក់យុវជននិងកុមារឲ្យសេពគ្រឿងស្រវឹង ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន“ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងកំពុងវាយលុកយ៉ាងគំហុក និងគ្មានដែនកំណត់ លើបណ្តាញសង្គម ដូចជា Facebook, TikTok និង YouTube ទាំងលើកញ្ចក់ទូរទស្សន៍ ប៉ាណូតាមដងផ្លូវ សម្ភារៈប្រើប្រាស់ និងព្រឹត្តិការណ៍តន្ត្រី-កីឡានានា ។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុត គឺយុទ្ធសាស្ត្រពង្វក់ស្មារតីតាមរយៈការផ្តល់រង្វាន់មហាសាល ដូចជាឡាន ម៉ូតូ មាសប្រាក់ ខុនដូរ ប្រាក់ខែ ដំណើរកំសាន្ត និងរង្វាន់ស្ទើរគ្រប់ក្រវិលកំប៉ុង ដែលទាក់ទាញឱ្យអ្នកប្រើប្រាស់ចង់ទិញព្រោះតែគិតថា”ចំណេញ”។ លើសពីនេះ ក្រុមហ៊ុនបានជួលតារាល្បីៗ និងអ្នកបង្កើតមាតិកា មកផ្សព្វផ្សាយ រួមផ្សំការវេចខ្ចប់យ៉ាងទាក់ទាញ និងរសជាតិប្លែកៗ ធ្វើឱ្យកុមារនិងយុវជនចង់ដឹងចង់សាក ហើយយល់ច្រឡំថា ការសេពគ្រឿងស្រវឹងជាសញ្ញានៃភាពស៊ីវិល័យ ទាន់សម័យ និងជាការកម្សាន្តអារម្មណ៍”។
រីឯជ័យលាភីលេខ៣នៃការប្រកួត យល់ឃើញអំពីបទដ្ឋានគតិយុត្តពាក់ព័ន្ធការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលកំពុងអនុវត្តបច្ចុប្បន្ន“ប្រកាស លេខ ០៨៤ ប្រក.ពម ស្តីពី ការ កំណត់ អំពី បែបបទ នីតិវិធី និង វិធាន ក្នុង ការ គ្រប់គ្រង ការ ផ្សាយពាណិជ្ជកម្ម ផលិតផល គ្រឿង ស្រវឹងតែឯងពិតជាពុំអាចការពារកុមារនិងយុវជនពីឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មបានទេ ហើយការអនុវត្តប្រកាសនេះក៏ នៅ ពុំ ទាន់ មាន ប្រសិទ្ធភាពគ្រប់គ្រាន់ នៅឡើយដែរ” ។ យុវជនភាគច្រើនដែលបានចូលរួមប្រកួត បានសំណូមពររដ្ឋាភិបាលឲ្យហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីការពារមូលធនមនុស្សរបស់កម្ពុជា។ ក្នុងស្ថានភាពបច្ចុប្បន្នដែលកម្ពុជាពុំទាន់ហាមឃាត់ការផ្សាយពាណិជ្ជកម្មទាំងស្រុងបាន រដ្ឋាភិបាលគួរហាមឃាត់ដាច់ខាត នូវការផ្សាយពាណិជ្ជគ្រឿងស្រវឹងក្នុងបណ្តាញព័ត៌មានសង្គម ព្រមទាំងហាមឃាត់មិនឱ្យមានវត្តមានតារា ឬបុគ្គលមានឥទ្ធិពល ចូលរួមផ្សព្វផ្សាយគ្រឿងស្រវឹងជាដាច់ខាត។ ទន្ទឹមនឹងនេះ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គួរមានត្រឹមតែ “ម៉ាក និងឡូហ្គោ” ផលិតផលប៉ុណ្ណោះ ។
ជាការឆ្លើយតប ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារត្រួតពិនិត្យការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានមានប្រសាសន៍សង្កត់ធ្ងន់ថា “ការប្រកួតវោហារសព្ទនេះ មានសារសំខាន់ណាស់ ព្រោះជាវេទិកាមួយដែលយើងបានស្តាប់លឺសម្លេងរបស់យុវជនព្រួយបារម្ភអំពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងយកធាតុចូលរបស់ក្មួយៗទៅពិចារណាសម្រាប់ការចាត់វិធានការបន្តទៀត”។ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថា “ប្រទេសខ្លាំង ត្រូវមានប្រជាពលរដ្ឋខ្លាំង ដើម្បីអភិវឌ្ឍន៍ប្រជាពលរដ្ឋ ត្រូវដកគ្រឿងស្រវឹងចេញពីខូរក្បាលមនុស្ស ដូច្នេះខ្ញុំសូមឲ្យមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង”៕







