មន្ទីរព័ត៌មានខេត្តព្រះសីហនុ បើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យស្ទឹងហាវ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយស្តីពី «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមអធិបតីភាព ឯកឧត្តម ទេព អាស្នារឹទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ តំណាងយុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ថ្លែងក្នុងពិធីបើកយុទ្ធនាការនេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដ៏មានសារៈសំខាន់នេះ។ លោកបានគូសបញ្ជាក់ថា ការបញ្ជ្រាបការយល់ដឹងអំពីព័ត៌មានក្លែងក្លាយ គឺជាប្រយោជន៍ដ៏ធំធេងសម្រាប់យុវជន និងសិស្សានុសិស្ស ដើម្បីពង្រឹងស្មារតីប្រុងប្រយ័ត្ន កុំឱ្យមានការធ្វេសប្រហែស ឬធ្លាក់ខ្លួនក្លាយជាជនរងគ្រោះ ឬជាអ្នកចែកចាយបន្តនូវព័ត៌មានមិនពិត ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការសិក្សារបស់ពួកគេ។
ជាមួយគ្នានេះដែរ ឯកឧត្តម ទេព អាស្នារឹទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍សំណេះសំណាល និងចែករំលែកបទពិសោធន៍ជាមួយសិស្សានុសិស្ស ដោយលើកឡើងពីសារៈសំខាន់នៃយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» និងវិធីសាស្ត្រក្នុងការផ្ទៀងផ្ទាត់ប្រភពព័ត៌មានមុននឹងជឿ ឬចែករំលែកបន្ត។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានស្នើសុំកិច្ចសហការពីគណៈគ្រប់គ្រងសាលា និងរដ្ឋបាលខេត្ត ក្នុងការបន្តជំរុញ និងបញ្ជ្រាបសារអប់រំស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនេះ ឱ្យបានជាប្រចាំនៅតាមគ្រឹះស្ថានសិក្សា ជាពិសេសនៅរៀងរាល់ថ្ងៃចន្ទ និងថ្ងៃសុក្រ ក្នុងមួយសប្តាហ៍ ដើម្បីដាស់តឿនក្រើនរំលឹកដល់សិស្សានុសិស្សឱ្យចងចាំ និងអនុវត្តជាប់ជាប្រចាំ។
នៅក្នុងកម្មវិធីនេះផងដែរ តំណាងយុវជនកម្ពុជា និងសិស្សានុសិស្សនៃវិទ្យាល័យស្ទឹងហាវ ក៏បានឡើងបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយៈការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមប្រកបដោយការទទួលខុសត្រូវ មិនផលិត មិនផ្សព្វផ្សាយ និងមិនចែករំលែកព័ត៌មានមិនពិត ព្រមទាំងចូលរួមផ្សព្វផ្សាយបន្តទៅកាន់ក្រុមគ្រួសារ និងសហគមន៍ ដើម្បីរួមគ្នាលើកកម្ពស់សុវត្ថិភាពព័ត៌មាន និងសន្តិសុខសង្គម។

អត្ថបទ៖ ស្រីភួង

