ខេត្តព្រះសីហនុ ស្វាគមន៍ប្រតិភូពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ចូលរួមកិច្ចប្រជុំក្រុមការងារទេសចរណ៍ GMS លើកទី៥៨ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO)
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS)ទាំងប្រាំមួយ ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចូលរួមកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារទេសចរណ៍ GMS លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តមសុង តុង ហាប់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម មាំង ស៊ីណេត អភិបាលនៃអណៈអភិបាលខេត្តព្រះសីហនុ សរុបចំនួន៨០រូប ។
ថ្លែងក្នុងមតិស្វាគមន៍ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ពីតួនាទីរបស់ខេត្តតាមបណ្តោយច្រករបៀងទេសចរណ៍ភាគខាងត្បូងមហាអនុតំបន់មេគង្គ និងជាប៉ូលសេដ្ឋកិច្ចដ៏សកម្ម និងជាច្រកចេញអន្តរជាតិផងដែរ។ លើសពីនេះ ខេត្តព្រះសីហនុ ក៏ជាគោលដៅទេសចរណ៍តំបន់ឆ្នេរដ៏សំខាន់ ដែលតភ្ជាប់រវាងតំបន់មិនមានឆ្នេរ តំបន់វប្បធម៌ និងតំបន់ភ្នំ មកកាន់ឆ្នេរសមុទ្រ ដើម្បីកម្សាន្ត និងភ្លក់រសជាតិអាហារសមុទ្រស្រស់ៗ។ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តព្រះសីហនុត្រូវបានអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងនោះ ឯកឧត្តម ក៏បានកត់សម្គាល់ពីការពង្រីកការតភ្ជាប់ផ្លូវអាកាស—ជាមួយក្រុមហ៊ុនអាកាសចរណ៍ចំនួនបួនដែលបានប្រតិបត្តិការជើងហោះហើរជាមធ្យម ៣៤ ជើងក្នុងមួយសប្តាហ៍ទៅកាន់គោលដៅក្នុងតំបន់ និងជើងហោះហើរពិសេសតាមរដូវកាលនាពេលខាងមុខ—រួមជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធខេត្ត ការបណ្តុះបណ្តាលធនធានមនុស្ស និងការធានាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ អន្តរជាតិ។
ក្នុងពិធីបើកនៃ កិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ ជាផ្លូវការ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់លើតួនាទីរបស់វិស័យទេសចរណ៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតំបន់ ការបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធដើម្បីផ្សព្វផ្សាយ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS) ជាគោលដៅទេសចរណ៍តែមួយ។ ឯកឧត្តម បានកត់សម្គាល់ថា ខណៈចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាបានថយចុះ ១៦.៩% ពី ៦.៧០ លាននាក់ ក្នុងឆ្នាំ២០២៤ មកប្រមាណ ៥.៥៧ លាននាក់ ក្នុងឆ្នាំ២០២៥ ចំណូលពីទេសចរណ៍អន្តរជាតិបានកើនឡើង ៦.៦% ពី ៣.៦៣៧ ពាន់លានដុល្លារអាមេរិក ដល់ ៣.៨៧៨ ពាន់លានដុល្លារអាមេរិក—ដែលឆ្លុះបញ្ចាំងពីតម្លៃទេសចរណ៍កាន់តែខ្ពស់ និងភាពធន់នៃវិស័យនេះ។


