ឯកឧត្តម នេត្រ ភក្ត្រា ធ្វើជាអធិបតីបិទបញ្ចប់ការអនុវត្តគម្រោងមេគង្គ-ឡានឆាងរបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ បន្ទាប់ពីការអនុវត្តគម្រោងស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២)
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់ការអនុវត្តគម្រោងមេគង្គ-ឡានឆាងរបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ ស្តីពី «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ» បន្ទាប់ពីការអនុវត្តគម្រោងស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២) នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នាសាលបណ្តុះបណ្តាលវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឆឹង ឈុង តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន។
ឯកឧត្តម ប្រាក់ ថាវអមិជា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង បានជម្រាបជូនអំពីលទ្ធផលនៃការអនុវត្តគម្រោង ដែលទទួលបានការគាំទ្រថវិកាពីមូលនិធិពិសេសមេគង្គ-ឡានឆាងរបស់រាជរដ្ឋាភិបាលចិន តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងទំហំថវិកាប្រមាណ ២៧ម៉ឺនដុល្លារអាម៉េរិក សម្រាប់រយៈពេលមួយឆ្នាំ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៦។
គម្រោងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកជំរុញការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងពង្រឹងសមត្ថភាពក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ទាំងនៅកម្ពុជា និងក្នុងតំបន់មេគង្គ-ឡានឆាង។ គោលបំណងសំខាន់ៗរបស់គម្រោងរួមមាន៖
ទី១. ទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយនៅកម្ពុជា និងក្នុងតំបន់ ដើម្បីរួមចំណែកធានាសន្តិសុខ និងសណ្តាប់ធ្នាប់ព័ត៌មាន ព្រមទាំងការទទួលបានព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព។
ទី២. លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ និងអាចជឿទុកចិត្តបាន ក្នុងចំណោមអ្នកសារព័ត៌មាន ប្រតិបត្តិករព័ត៌មាន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងអ្នកផលិតមាតិកា។
ទី៣. ជំរុញអក្ខរកម្មសារព័ត៌មាន និងឌីជីថលក្នុងចំណោមប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើនសមត្ថភាពក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងជឿជាក់ ឬចែករំលែកបន្ត។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៦ គម្រោងបានបញ្ចប់សកម្មភាពសំខាន់ៗចំនួន៣ ដែលផ្តោតលើការលើកកម្ពស់ការយល់ដឹង ការចែករំលែកបទពិសោធ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ លើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការអនុវត្តយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយនេះ មានសារៈសំខាន់ និងស្របតាមតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ន ខណៈព័ត៌មានក្លែងក្លាយកំពុងកើនឡើង និងរីករាលដាលយ៉ាងឆាប់រហ័សតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ក្រោមឥទ្ធិពលនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពិធីបិទបញ្ចប់គម្រោងនាពេលនេះ មិនមែនជាការបញ្ចប់សកម្មភាពការងារក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនោះទេ ប៉ុន្តែជាឱកាសសម្រាប់បូកសរុបលទ្ធផល និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងទំនុកចិត្តសាធារណៈ និងលើកកម្ពស់សណ្តាប់ធ្នាប់ព័ត៌មាន សំដៅការពារគុណតម្លៃស្នូលនៃសង្គម គឺ «សុចរិតភាពព័ត៌មាន»។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវចំពោះការផ្សព្វផ្សាយព័ត៌មាន និងការកសាងសង្គមដែលមានភាពធន់នឹងព័ត៌មានក្លែងក្លាយ គឺជាភារកិច្ចរួមរបស់យើងទាំងអស់គ្នា ដែលត្រូវបន្តយកចិត្តទុកដាក់ និងចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្នុងន័យនេះ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ និងជៀសវាងការចែករំលែកព័ត៌មានដែលមិនទាន់បានពិនិត្យផ្ទៀងផ្ទាត់។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមក្រសួងព័ត៌មាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ កិច្ចសហប្រតិបត្តិការ និងការរួមចំណែកដ៏មានតម្លៃក្នុងការអនុវត្តគម្រោងនេះឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់នូវសារសំខាន់មួយជូនដល់អ្នកចូលរួម និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ គឺ «បង្ការ ផ្ទៀងផ្ទាត់ សហការ»។ ឯកឧត្តមបានបញ្ជាក់ថា «បង្ការ» គឺត្រូវចាត់វិធានការមុនពេលព័ត៌មានក្លែងក្លាយរីករាលដាល «ផ្ទៀងផ្ទាត់» គឺត្រូវពិនិត្យប្រភព និងភាពត្រឹមត្រូវនៃព័ត៌មាន មុននឹងជឿជាក់ ឬផ្សព្វផ្សាយបន្ត និង «សហការ» គឺត្រូវរួមគ្នាបង្កើតបរិយាកាសព័ត៌មានដែលមានទំនុកចិត្ត និងមានភាពធន់នឹងព័ត៌មានក្លែងក្លាយ។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសង្ឃឹមថា គោលការណ៍ទាំងបីនេះនឹងក្លាយជាមូលដ្ឋានសម្រាប់ការអនុវត្តការងាររបស់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាកសាងបរិយាកាសព័ត៌មានដែលមានសុចរិតភាព គុណភាព និងទំនុកចិត្ត ព្រមទាំងធានាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត និងត្រឹមត្រូវ៕


