មនុស្ស៥នាក់ស្លាប់ និង៣៨នាក់រងរបួស ក្នុងគ្រោះថ្នាក់អគ្គីភ័យឆាបឆេះផ្សារទំនើបនៅភាគពាយ័ព្យប្រទេសម៉ិកស៊ិក

យ៉ាងហោចណាស់មនុស្សប្រាំនាក់ស្លាប់ និង ៣៨នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Los Mochis ប្រទេសម៉ិកស៊ិក នេះបើយោងតាមអាជ្ញាធរដែនដីបានបញ្ជាក់។ អគ្គីភ័យបានឆាបឆេះនៅ Plaza Fiesta Las Palmas ដោយមានផ្សែងក្រាស់ហោះចេញពីដំបូលអគារនានាក្នុងទីក្រុង ហើយវាបានបំពេញជ្រៀតចូលទៅកាន់ច្រករបៀង និងចំណតរថយន្តរបស់ផ្សារទំនើបផងដែរ។ ក្នុងរូបភាពវីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គេបានឃើញអណ្តាតភ្លើងរាលដាលពាសពេញហាងទំនិញនានានៅក្នុងផ្សារទំនើប ខណៈដែលពិដានចាប់ផ្តើមដួលរលំ ហើយមនុស្សម្នាបានព្យាយាមរត់គេចខ្លួនចេញពីផ្សែងដ៏ក្រាស់នោះ។ ការិយាល័យរដ្ឋអាជ្ញា Sinaloa បានប្រាប់កាសែត AP ថា យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់នៅក្នុងអគ្គីភ័យ និង ៣៨នាក់ផ្សេងទៀតបានរងរបួស ហើយពួកគេទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងៗគ្នាក្នុងទីក្រុង។ ក្រុមសម្របសម្រួលការពារជនស៊ីវិលថ្នាក់ជាតិបាននិយាយនៅសារដែលបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យោងតាមការណែនាំរបស់លោកស្រីប្រធានាធិបតី Claudia Sheinbaum មកកាន់ទីភ្នាក់ងារ និងលេខាធិការដ្ឋានសន្តិសុខសហព័ន្ធ ត្រូវតែបញ្ចេញប្រតិបត្តិការណាមួយ ដើម្បីឆ្លើយតបទៅនឹងភាពអាសន្ននេះឲ្យបានឆាប់ និងរក្សាសុវត្ថិភាពមនុស្សជាកត្តាចំបង៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ