ឯកឧត្តម ឈិន កេតនា ណែនាំឲ្យគ្រប់ក្រសួងស្ថាប័ន រៀបចំឱ្យបានស័ក្តិសមបំផុត ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ ព្រះវស្សា

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធាន អចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំ បុណ្យជាតិ-អន្តរជាតិ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ច ត្រៀម លក្ខណៈរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះ ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ ព្រះវស្សា ។

កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាល រាជធានីភ្នំពេញ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រធាន អង្គប្រជុំ បានថ្លែងអំណរគុណចំពោះឯកឧត្តម លោក ជំទាវ និងអង្គប្រជុំទាំងអស់ ដែលមានវត្តមានតាមការ អញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងបានផ្តល់ឱកាសជូនសមាជិក សមាជិកា មានមតិពិភាក្សាផ្លាស់ប្តូរយោបល់ព្រមទាំងធ្វើការបូក សរុបនិងកំណត់បែងចែកភារកិច្ចដល់គ្រប់ក្រសួង រដ្ឋ លេខាធិការដ្ឋាន និងស្ថាប័ន ត្រូវរៀបចំតាំងព្រះបរម ឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានតុបតែងលម្អភ្លើងពណ៌ កំណាត់បូឱ្យបានស័ក្តិសម លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកអបអរសាទរ ព្រមទាំងរៀបចំសារថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ផ្ញើជូនក្រសួងព្រះបរមរាជវាំង និងទូរទស្សន៍ជាតិកម្ពុជា ដើម្បីផ្សព្វផ្សាយ។

បន្ទាប់ពីបានផ្លាស់ប្តូរយោបល់គ្នាពីភារកិច្ចចំពោះមុខ និងកិច្ចការចម្បងដែលត្រូវបំពេញក្នុងព្រះរាជពិធី បុណ្យចម្រើនព្រះជន្មខាងលើរួចមក អង្គប្រជុំបាន ឯកភាពកំណត់កាលបរិច្ឆេទនិងទីតាំងសម្រាប់ប្រារព្ធ ពិធីព្រមទាំងបែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិ ការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីខេត្តដែលពាក់ព័ន្ធ សម្រាប់អនុវត្តឲ្យទទួលបានជោគជ័យបំផុត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧៣ យាង ចូល ៧៤ព្រះវស្សា នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នាពេលខាងមុខ។

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធាន អចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំ បុណ្យជាតិ-អន្តរជាតិ ប្រធានអង្គប្រជុំក៏បាន សំណូមពរឲ្យ ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ភ្នំពេញ ធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំឲ្យបានជ្រាប និងអនុវត្តតាមស្មារតីអង្គប្រជុំឲ្យទទួលបានលទ្ធផលល្អ ប្រសើរបំផុត។