ប្រមុខដឹកនាំ-មេដឹកនាំប្លុកអាស៊ានបានចូលរួមក្នុងពិធីបើកកិច្ចប្រជុំរួមគ្នានៅប្រទេសហ្វីលីពីន ទោះបីជាស្ថានភាពសកលកំពុងតានតឹងស្ថិតក្រោមសម្ពាធនៃឥទ្ធិពលសង្រ្គាមនៅមជ្ឈឹមបូព៌ាក្តី

ថ្ងៃនេះមេដឹកនាំអាស៊ីអាគ្នេយ៍បានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ទោះបីស្ថានភាពសកលកំពុងក្រោមសម្ពាធយ៉ាងខ្លាំងក្តី ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើប្រជាជន និងសេដ្ឋកិច្ចក្នុងតំបន់ពីសង្គ្រាមអ៊ីរ៉ង់ ដែលរដ្ឋមន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា “វាមិនគួរកើតឡើងតាំងពីដំបូងមកម៉្លេះ”។ ក្តីព្រួយបារម្ភរបស់ប្រមុខរដ្ឋ មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវបានគូសបញ្ជាក់ដោយការសម្រេចចិត្តរបស់ពួកគេក្នុងការផ្តោតកិច្ចពិភាក្សាលើផែនការបន្ទាន់រួមគ្នា ដើម្បីធានាថាតំបន់ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ពួកគេ ដែលភាគច្រើននាំចូលប្រេង និងឧស្ម័នពីមជ្ឈិមបូព៌ា នឹងត្រូវតែមានការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងស្បៀងអាហារដែលមានស្ថេរភាព។ ប្រទេសហ្វីលីពីនកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៅទីក្រុងដែនកោះសេប៊ូ។ ប្រធានាធិបតី Ferdinand Marcos Jr.បញ្ជាក់ថាភាពលំបាកដ៏សំខាន់មួយរបស់មេដឹកនាំអាស៊ានគឺរបៀបអនុវត្តនៃការជម្លៀសពីតម្រូវការទ្រង់ទ្រាយធំចេញពីតំបន់មជ្ឈិមបូព៌ា ជាកន្លែងដែលពលរដ្ឋរបស់ពួកគេជាងមួយលាននាក់ធ្វើការ និងរស់នៅ ប្រសិនបើអរិភាពរីករាលដាលម្តងទៀត។ ពលរដ្ឋអាស៊ីអាគ្នេយ៍ជាច្រើននាក់ត្រូវស្លាប់ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារយោធានៅថ្ងៃទី ២៨ខែកុម្ភៈប្រឆាំងនឹងរដ្ឋឥស្លាមអ៊ីរ៉ង់។ អរិភាពនេះវានៅតែបន្តកើតមានម្តងម្កាល ទោះបីជាមានបទឈប់បាញ់រយៈពេលមួយខែក៏ដោយ ជាពិសេសនៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz។ សេចក្តី ប្រកាសរួមដោយមេដឹកនាំទាំងអស់ បានគូសបញ្ជាក់ពីផែនការបន្ទាន់មួយ បានអំពាវនាវឱ្យសមាជិករដ្ឋចំនួន ១១ នៃប្លុកអាស៊ាន ត្រូវចែករំលែកព័ត៌មាន និងពង្រឹងការសម្របសម្រួលជាមួយអង្គការអន្តរជាតិ “ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋអាស៊ាននៅក្នុងតំបន់ដែលកំពុងរងផលប៉ះពាល់”។ ផែនការបន្ទាន់របស់អាស៊ានគឺអំពាវនាវឱ្យមានសកម្មភាព រួមទាំងការផ្តល់សច្ចាប័នដែលអាចធ្វើទៅបាននៅឆ្នាំនេះនៃកិច្ចព្រមព្រៀង ដែលនឹងបើកផ្លូវសម្រាប់ការចែករំលែកប្រេងឥន្ធនៈសង្គ្រោះបន្ទាន់ ដែលមានការសម្របសម្រួល ការរៀបចំផែនការបណ្តាញអគ្គិសនីក្នុងតំបន់ ការធ្វើពិពិធកម្មប្រភពប្រេងឆៅរបស់តំបន់ ការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី និងការសិក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ រួមទាំងថាមពលនុយក្លេអ៊ែរស៊ីវិលផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ