WHO បញ្ជាក់ថាមេរោគថ្មី Hantavirus មិនមែនជាជំងឺរាតត្បាតកូវីដ១៩ជំនាន់បន្ទាប់នោះទេ! ប៉ុន្តែវាជាជំងឺឆ្លងធ្ងន់ធ្ងរ ខណៈដែលបណ្តាប្រទេសអឺរ៉ុបនានាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់

លោកវេជ្ជបណ្ឌិត Abdirahman Mahamud នាយកផ្នែកផ្សព្វផ្សាយ និងឆ្លើយតបរបស់អង្គការសុខភាពពិភពលោក (WHO) បានប្រៀបធៀបករណីផ្ទុះឡើងនៃមេរោគ hantavirus ជាមួយនឹងស្ថានភាពនៅក្នុងប្រទេសអាហ្សង់ទីនអំឡុងឆ្នាំ ២០១៨-២០១៩ និងបន្ទាប់ពីមានមនុស្សដែលមានរោគសញ្ញាបានចូលរួមក្នុងពិធីជួបជុំសង្គមមួយថា ស្ថានភាពនៅពេលនោះវាបានបណ្តាលឱ្យមានករណីឆ្លងត្រឹមតែ ៣៤ករណីប៉ុណ្ណោះ។ លោក Mahamud បាននិយាយទៀតថា “យើងមិនអាចរំពឹងថានឹងគ្មានការរីករាលដាលដ៏ធំនោះទេ”។ “តាមបទពិសោធន៍ដែលរដ្ឋជាសមាជិករបស់យើងមាន និងសកម្មភាពដែលពួកគេបានធ្វើ យើងជឿថារឿងនេះនឹងមិននាំឱ្យមានខ្សែសង្វាក់នៃការចម្លងជាបន្តបន្ទាប់នោះដែរ”។ លោកបានមានប្រសាសន៍ថា “យើងជឿថាស្ថានភាពនេះនឹងក្លាយជាការផ្ទុះឡើងមានកំណត់ ប្រសិនបើវិធានការសុខភាពសាធារណៈត្រូវបានអនុវត្តខ្ជាប់ខ្ជួន ហើយសាមគ្គីភាពត្រូវបានបង្ហាញនៅទូទាំងប្រទេសទាំងអស់ដែរ”។ លោកស្រី Maria Van Kerkhove នាយកផ្នែកបង្ការជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក (WHO) បានមានប្រសាសន៍ថាការផ្ទុះឡើងនៃមេរោគ Hantavirus មិនមែនជាជំងឺរាតត្បាតកូវីដ-១៩ ជំនាន់បន្ទាប់នោះទេ ប៉ុន្តែវាជាជំងឺឆ្លងធ្ងន់ធ្ងរ។ លោកស្រីបន្ថែមថា “នេះមិនមែនជាការចាប់ផ្តើមនៃជំងឺរាតត្បាតនោះទេ ប៉ុន្តែវាជាឱកាសល្អមួយដែលអាចនិយាយបានថា ជាការវិនិយោគលើភ្នាក់ងារបង្កជំងឺប្រភេទនេះគឺវាមានសារៈសំខាន់ ពីព្រោះការព្យាបាល ការធ្វើរោគវិនិច្ឆ័យ និងផលិតវ៉ាក់សាំងដើម្បីជួយសង្គ្រោះជីវិត”។ លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា លោកសូមថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីអេស្ប៉ាញ ចំពោះ «ចិត្តសប្បុរស សាមគ្គីភាព និងការបំពេញកាតព្វកិច្ចសីលធម៌របស់លោក»។ លោកបានប្រាប់អ្នកយកព័ត៌មានពីទីក្រុងហ្សឺណែវថា «យើងមានទំនុកចិត្តលើសមត្ថភាពរបស់ប្រទេសអេស្ប៉ាញក្នុងការគ្រប់គ្រងហានិភ័យនេះ ហើយយើងកំពុងគាំទ្រពួកគេឱ្យធ្វើដូច្នេះដែរ»។ «ជាថ្មីម្តងទៀត យើងសូមវាយតម្លៃហានិភ័យចំពោះប្រជាជននៃកោះ Canary គឺមានកម្រិតទាប»។ លោក Van Kerkhove បាននិយាយថា អង្គការសុខភាពពិភពលោកកំពុងធ្វើការជាមួយប្រទេសទាំងអស់ដែលមានប្រជាជនខ្លួនឯងនៅលើនាវាទេសចរណ៍នោះ «ដើម្បីពិភាក្សាអំពីផែនការសម្រាប់ការធ្វើដំណើរដោយសុវត្ថិភាពរបស់អ្នកជំងឺទាំងនោះ បានត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ នៅពេលដែលពួកគេចុះពីនាវា និងនៅពេលដែលពួកគេត្រូវបានវាយតម្លៃផ្នែកវេជ្ជសាស្ត្ររួចរាល់» ដោយផែនការនេះ «កំពុងត្រូវបង្កើតឡើងហើយ»៕

សម្រួលអត្ថបទ៖ សុផារិន្ទ