មនុស្ស២នាក់ស្លាប់ ៤នាក់របួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥.២ រ៉ិចទ័រវាយប្រហារភាគខាងត្បូងប្រទេសចិនជាប់ព្រំដែនទីក្រុងហុងកុង! និងបង្ខំឱ្យជម្លៀសមនុស្សចេញជាង៧០០០នាក់

មនុស្សពីរនាក់បានស្លាប់បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.២ រ៉ិចទ័របានវាយប្រហារខេត្តក្វាងស៊ីភាគនិរតីប្រទេសចិនភ្លាមៗ ដែលស្ថិតនៅក្បែរតំបន់មួយនៅទីក្រុងហុងកុងដែរ បន្ទាប់ពីវេលាពាក់កណ្តាលអធ្រាត្រចូលដល់ថ្ងៃចន្ទនេះ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ មនុស្ស៤នាក់ផ្សេងទៀតបានរងរបួស ខណៈដែលប្រជាជនជាង ៧០០០ នាក់ត្រូវបានគេជម្លៀសខ្លួនចេញពីទីក្រុងលីវចូវ។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា អគារចំនួន ១៣ កន្លែងបានដួលរលំ និងមានហេតុការណ៍រអិលបាក់ដីដែលបង្កឡើងដោយគ្រោះរញ្ជួយដី និងបានបិទផ្លូវសំខាន់ៗដែលនាំទៅដល់តំបន់ដែលរងផលប៉ះពាល់នោះដែរ។ សេវាកម្មរថភ្លើងដែលឆ្លងកាត់ក្រុងលីវចូវនោះ ក៏ត្រូវបានលុបចោល ឬពន្យារពេលផងដែរ។ បេសកកម្មស្វែងរកប្រជាជនដែលបាត់ខ្លួនបានបញ្ចប់នៅវេលារសៀលថ្ងៃចន្ទនេះ បន្ទាប់ពីមនុស្សចុងក្រោយដែលជាប់គាំង គឺជាបុរសអាយុ ៩១ ឆ្នាំម្នាក់ ត្រូវបានគេរកឃើញថានៅរស់រានមានជីវិត និងស្ថិតក្នុងស្ថានភាពល្អ។ តាមរយៈរូបភាពវីដេអូដែលចាក់ផ្សាយដោយ CCTV បានបង្ហាញពីគ្រឿងយន្តជីកដី បានឈូសឆាយកំទេចកំទីនៅកន្លែងរងគ្រោះមហន្តរាយនោះ ដើម្បីឲ្យប្រាកដថាពិតជាគ្មានសពមនុស្សដែលកប់នៅខាងក្រោមនោះទេ៕
 
សម្រួលអត្ថបទ៖ សុផារិន្ទ