អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡារួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននិងប្រើApp NoDrug ក្នុងសាលារៀន និងសហគមន៍។
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា រួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិច និងប្រើApp NoDrug ក្នុងសាលារៀន និងសហគមន៍ តាមរយៈសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បារីអេឡិចត្រូនិច មេរោគអេដស៍ ជំងឺអេដស៍ និងការប្រឆាំងផលិតផលក្លែងក្លាយនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលមានការចូលរួមពីសំណាក់មន្រ្តីនៃអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងនិស្សិតចំនួនជាង៤០០នាក់ ដើម្បីក្លាយខ្លួនជាជនបង្គោលក្នុងដំណើររួមគ្នាអភិវឌ្ឍមូលធនមនុស្សឱ្យមានប្រសិទ្ធភាព។
ឯកឧត្តម ធូ ភា អភិបាលរងតំណាងអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ដោយបានលើកឡើងនូវសភាពការណ៍ទូទៅពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារបង្ក្រាបករណីបារីអេឡិចត្រូនិច Vape ។ល។ សំដៅរក្សាឱ្យបាននូវសុវត្ថិភាពប្រជាពលរដ្ឋពិសេសយុវជន យុវនារី និងបានសំណូមពរដល់អ្នកចូលរួម ទាំងអស់ត្រូវតែប្រើល្បឿនសូន្យមើលឆ្វេង-ស្ដាំមុនឆ្លងកាត់ពីផ្លូវតូចមកកាន់ផ្លូវធំ ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។
ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ បានពាំនាំនូវប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណកោតសរសើរ ចំពោះកិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា និងបានលើកឡើងថា បញ្ហាគ្រឿងញៀនគឺជាបញ្ហារួមរបស់យើងទាំងអស់គ្នាដែលតម្រូវឲ្យមានការចូលរួមពីគ្រប់សមាសភាព បង្ការទប់ស្កាត់កុំឲ្យរីករាលដាលក្នុងសហគមន៍ដែលក្នុងនោះយុវជនគឺជាកម្លាំងស្នូលជួយទៅដល់ការងារផ្សព្វផ្សាយ អប់រំ ផ្តល់ព័ត៌មានពិតដល់ក្រុមគ្រួសារក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងសហគមន៍ មិនទៅពាក់ព័ន្ធនឹងគ្រឿងញៀនដែលនាំទុក្ខដល់ខ្លួនឯង នាំចម្បែងដល់ក្រុមគ្រួសារ និងនាំបញ្ហាដល់សហគមន៍ ព្រមទាំងបានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ត្រូវជួយផ្សព្វផ្សាយនិងប្រើប្រាស់App NoDrug: https://nodrugsnacd.com/download_kh ដើម្បីចំណេះដឹង ព័ត៌មាន កំសាន្ត អប់រំ ព្យាបាល រាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ ។
ឯកឧត្តម សាស្ត្រាចារ្យ វេជ្ជបណ្ឌិត មហាបរិញ្ញា ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ បានថ្លែងថា សុខភាពគឺជីវិតហើយការអប់រំគឺការអភិវឌ្ឍ ស្របតាមផែនការយុទ្ធសាស្រ្តជាតិស្តីពីសុខភាពសិក្សា រួមគ្នាបង្ការទប់ស្កាត់និងដោះស្រាយរាល់បញ្ហាផ្សេងៗ គាំពាសុខភាពនិងអនាគតរបស់កុមារ/យុវជនដែលជាទំពាំងស្នងឬស្សី និងសូមអំពាវនាវដល់អ្នកចូលរួមទាំងអស់ឲ្យខិតខំបង្កើនការងារផ្សព្វផ្សាយអប់រំ ផ្ដល់ចំណេះដឹងនិងបំផុសការចូលរួមពីប្រជាពលរដ្ឋបន្ថែម ឆ្ពោះទៅជោគជ័យរួមគ្នាគឺកសាងបានសង្គមមួយដែលមានការរីកចម្រើន អភិវឌ្ឍលើគ្រប់វិស័យ ដោយគ្មានការញាំញីពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាសង្គមនានា និងជំរុញការទាញយកប្រើប្រាស់ App NoDrug បង្កើនចំណេះដឹងបច្ចេកវិទ្យាដើម្បីធ្វើការសិក្សាស្រាវជ្រាវគឺ ” រៀនឲ្យពូកែ រៀនឱ្យឆ្លាត ” ។



