លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង ២ ៤០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ទទួលបានចំណេះដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ,

តួអង្គដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺអ្នកសារព័ត៌មាន ប្រជាពលរដ្ឋ សិស្ស និស្សិត, ដូច្នេះ វិធានការដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគឺការផ្សព្វផ្សាយព័ត៌មាន និងការទទួលបានព័ត៌មានពិតក្នុងចំណោមប្រជាពលរដ្ឋ។

ការផ្តល់នូវចំណេះដឹងនានាទាក់ទងព័ត៌មានក្លែងក្លាយនេះធ្វើឡើងក្នុងឱកាសបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ រៀបចំឡើងដោយក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នាវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីតំណាងក្រសួងអប់រំយុវជន និងកីឡា គណៈគ្រប់គ្រង និង សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ប្រមាណ ២ ៤០០នាក់។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «យុវវ័យសម័យនេះ មិនត្រឹមតែត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃពិភពឌីជីថល។ យុវវ័យទាំងអស់ត្រូវពង្រឹងខ្លួនឱ្យមានសមត្ថភាពក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដ៏រឹងមាំ ដើម្បីបន្សុទ្ធលំហព័ត៌មានក្នុងសង្គម ការពារគ្រួសារ និងសហគមន៍ពីហានិភ័យ និងគ្រោះថ្នាក់នៃការផ្សាយបំភ្លៃ បំផ្លើស ក្លែងបន្លំ និងបំពុលសង្គម»។

តាមរយៈយុទ្ធនាការនេះ បានដើរតួជាប្រព័ន្ធការពារ និងជាយន្តការយុទ្ធសាស្ត្រផ្នែកអក្ខរកម្មឌីជីថល ដែលផ្តោត លើការលើកកម្ពស់សមត្ថភាពយុវជនក្នុងការទប់ស្កាត់ និងជៀសផុតពីអន្ទាក់នៃឧបាយកលនយោបាយ បោកប្រាស់ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាទំនើប។ យុទ្ធនាការនេះនឹងបំពាក់ចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាននិង ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតម្រង់ទិសយុវវ័យឱ្យក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដែលមានស្មារតីម្ចាស់ការ ក្នុងការផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយតែព័ត៌មានពិត ប្រកបដោយគុណតម្លៃសម្រាប់គ្រួសារ និងសហគមន៍។

ដូច្នេះ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ធ្វើឡើងក្នុងគោលបំណងពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន។ យុទ្ធនាការនេះបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះ ដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់យុវវ័យសំដៅពង្រឹងភាពធន់របស់ពួកគេក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព្រោះយុវវ័យក្នុងសម័យឌីជីថលមានការប្រឈមខ្លាំងជាមួយការប្រើប្រាស់បច្ចេកវិទ្យាដែលមិនបម្រើឱ្យផលប្រយោជន៍វិជ្ជមាន ប្រសិនបើមិនមានការអប់រំណែនាំ និងពង្រឹងផ្នែកអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទេនោះ។ យើងរួមគ្នាកម្ចាត់ព័ត៌មានក្លែងក្លាយ និងរួមគ្នាពង្រឹងការយល់ដឹងផ្នែកព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ។

ក្រសួងព័ត៌មានដឹកនាំការអនុវត្តយុទ្ធនាការនេះនៅទូទាំងប្រទេស ដោយសហការជាមួយក្រសួង- ស្ថាប័នរដ្ឋ និងឯកជន ខណៈនៅថ្នាក់ក្រោមជាតិមានការសម្របសម្រួលអនុវត្តដោយមន្ទីរព័ត៌មានរាជធានី- ខេត្ត ក្រោមកិច្ចសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

គួររំលឹកជូនថា ការឈានមកដល់ជំហានទី២នេះ ការអនុវត្តឈរលើមូលដ្ឋានគ្រឹះនៃភាពជោគជ័យ ពីយុទ្ធនាការជំហានទី១ ដែលបានអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៥ នៅទូទាំង ២៥ រាជធានី-ខេត្ត។ យុទ្ធនាការជំហានទី១ បានផ្តល់ចំណេះដឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ រួមនឹងអក្ខរកម្មឌីជីថល ត្រូវបានបញ្ជ្រាបជូនដល់ពលរដ្ឋជិត ១០ លាននាក់ តាមរយៈសកម្មភាពឃោសនាផ្ទាល់ និងបានផ្សព្វផ្សាយសារទៅដល់អ្នកប្រើប្រាស់ទូរស័ព្ទសរុបជាង ២៣លាន អង្គ/នាក់ទូទាំងប្រទេសក្រោមសហប្រតិបត្តិការ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សមិទ្ធផលទាំងនេះមិនត្រឹមតែលើកកម្ពស់ចំណេះដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវសុវត្ថិភាពព័ត៌មានឌីជីថល និងការពារ សហគមន៍កម្ពុជាពីហានិភ័យនៃព័ត៌មានក្លែងក្លាយយ៉ាងមានប្រសិទ្ធភាព៕