មណ្ឌលសាលាភូមិន្ទរដ្ឋបាល មានបេក្ខជនជាង ១ពាន់នាក់បានចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នៅកម្រិតមធ្យមសិក្សា
បេក្ខជន ចំនួន ១១,៨៤១នាក់ (ស្រី ៧,២៤០នាក់) ត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នៅកម្រិតមធ្យមសិក្សា (វិទ្យាល័យ និងអនុវិទ្យាល័យ) ឱ្យចូលបម្រើការងារនៅគ្រឹះស្ថានសិក្សាសាធារណៈ ឆ្នាំសិក្សា២០២៦-២០២៧។ សម័យប្រឡងប្រព្រឹត្តទៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងចំនួន៤ មានសាលាភូមិន្ទរដ្ឋបាល (ERA) ,វិទ្យាស្ថានជាតិអប់រំ (NIE), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។
នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល (ERA) វត្តមានបេក្ខជនសរុបចំនួន ១,១៦៨នាក់ (ស្រី ៧៥៤នាក់) មកពីតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស បានចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នៅកម្រិតអនុវិទ្យាល័យ លើជំនាញប្រវត្តិវិទ្យា និងភាសាបរទេស ដែលនឹងត្រូវចាប់ផ្តើមដំណើរការជាផ្លូវការនៅម៉ោង ១៣:០០នាទីនេះ។
បេក្ខជនបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរឹងដកហូតទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់ពីក្រុមការងារអនុគណៈកម្មការ ព្រមទាំងអ្នកចូលរួមសង្កេតការណ៍មានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) តំណាងសាកលវិទ្យាល័យនានា សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) សាធារណជនដែលបានដាក់ពាក្យស្ម័គ្រចិត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត និងមានការផ្ទៀងផ្ទាត់ឯកសារចាំបាច់ រួមមានសលាកបត្រឯកត្តជន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មុននឹងឈានជើងចូលទៅកាន់បន្ទប់ប្រឡងរៀងៗខ្លួន។
គ្រប់យន្តការ និងទិដ្ឋភាពនៃការរៀបចំដ៏ហ្មត់ចត់នាវេលានេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបានដាច់ខាតនូវដំណើរការប្រឡងប្រជែងដែលប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍និយាមនីតិប្រតិបត្តិបានកំណត់។


