ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនការផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពភាសាបរទេសដល់មន្ត្រី និងអ្នកសារព័ត៌មាន ដើម្បីបង្កើនលទ្ធភាពផលិត និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់អន្តរជាតិ កាត់បន្ថយការយល់ច្រឡំអំពីកម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពជាក់ស្តែង ការអភិវឌ្ឍ និងសក្តានុពលរបស់ប្រទេសជាតិ។
បច្ចុប្បន្នក្រសួងព័ត៌មានបានធ្វើការផ្សាយព័ត៌មានជាភាសាបារាំង ភាសាអង់គ្លេស ភាសាចិន និងភាសាអារ៉ាប់ រួមមកហើយ ។ ការពង្រីកការផ្សព្វផ្សាយតាមភាសាទាំងនេះ ជួយបង្កើនលទ្ធភាពឱ្យសាធារណជននៅតាមបណ្តាប្រទេសនានាទទួលបានព័ត៌មានអំពីកម្ពុជាពីប្រភពដែលអាចផ្ទៀងផ្ទាត់បាន។
ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ភាសាអង់គ្លេសក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា៖ «ការចេះភាសាបរទេស ជាពិសេសភាសាអង់គ្លេស គឺជាកត្តាសំខាន់ដែលអាចជួយឱ្យមន្ត្រី និងអ្នកសារព័ត៌មានពង្រីកសមត្ថភាពការងាររបស់ខ្លួន ទាំងការទទួលព័ត៌មានពីប្រភពអន្តរជាតិ ការស្វែងយល់ពីបរិបទនៃព្រឹត្តិការណ៍នានា និងការផលិតព័ត៌មានដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជនដែលប្រើប្រាស់ភាសាផ្សេងៗគ្នា»។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងបរិបទដែលព័ត៌មានហូរឆ្លងកាត់ព្រំដែនយ៉ាងឆាប់រហ័ស សមត្ថភាពភាសាបរទេសមិនត្រឹមតែជួយសម្រួលដល់ការទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនលទ្ធភាពរបស់កម្ពុជាក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងផ្តល់ការយល់ដឹងត្រឹមត្រូវអំពីប្រទេសជាតិទៅកាន់ពិភពលោកផងដែរ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានពីកម្ពុជាទៅកាន់សាធារណជនអន្តរជាតិ មិនមែនគ្រាន់តែជាការបកប្រែខ្លឹមសារពីភាសាខ្មែរទៅជាភាសាបរទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការយល់ដឹងច្បាស់លាស់អំពីបរិបទ ការជ្រើសរើសពាក្យពេចន៍ឱ្យបានត្រឹមត្រូវ និងការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានហ្មត់ចត់ ដើម្បីធានាថា អត្ថន័យដើមនៃព័ត៌មានត្រូវបានរក្សាទុក និងមិនបង្កឱ្យមានការបកស្រាយខុសពីការពិត។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ការមានជំនាញភាសាបរទេសល្អ រួមផ្សំជាមួយជំនាញវិជ្ជាជីវៈសារព័ត៌មាន និងការទទួលខុសត្រូវក្នុងការផលិតព័ត៌មាន នឹងជួយឱ្យការផ្សព្វផ្សាយព័ត៌មានអំពីកម្ពុជាទៅកាន់ពិភពលោកកាន់តែមានភាពច្បាស់លាស់ ត្រឹមត្រូវ និងមានប្រសិទ្ធភាព»។
ឯកឧត្តមបានបន្ថែមថា ការផ្តល់ព័ត៌មានដែលមានភាពត្រឹមត្រូវ និងទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការបំពេញចន្លោះព័ត៌មាន កាត់បន្ថយការសន្និដ្ឋានដោយខ្វះមូលដ្ឋាន និងជួយឱ្យសាធារណជនអន្តរជាតិទទួលបានការយល់ដឹងអំពីកម្ពុជាដោយផ្អែកលើអង្គហេតុ។ ដូច្នេះ ការពង្រឹងសមត្ថភាពភាសាបរទេសត្រូវដើរទន្ទឹមគ្នាជាមួយការលើកកម្ពស់ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មានមុនផ្សព្វផ្សាយ និងការទទួលខុសត្រូវចំពោះខ្លឹមសារដែលផលិតចេញ។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានចាត់ទុកការបណ្តុះបណ្តាលភាសាអង់គ្លេសដល់មន្ត្រីក្រសួងព័ត៌មានថា ជាការវិនិយោគលើធនធានមនុស្ស ដែលជួយពង្រឹងចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់មន្ត្រីឱ្យឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
ឯកឧត្តមបានលើកឡើងថា សមត្ថភាពអាន ស្តាប់ សរសេរ បកប្រែ និងទំនាក់ទំនងជាភាសាអង់គ្លេស នឹងជួយឱ្យមន្ត្រីបំពេញការងារបានកាន់តែមានប្រសិទ្ធភាព ព្រមទាំងបង្កើនឱកាសក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នព័ត៌មាន និងដៃគូអន្តរជាតិ។
ពាក់ព័ន្ធនឹងការទូតព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់នៃការពង្រីកសមត្ថភាពទំនាក់ទំនង និងការផ្សព្វផ្សាយព័ត៌មានជាភាសាបរទេស ដើម្បីឱ្យកម្ពុជាអាចចែករំលែកព័ត៌មានពីស្ថានភាពជាក់ស្តែង សមិទ្ធផល សក្តានុពល និងការអភិវឌ្ឍរបស់ខ្លួនទៅកាន់សាធារណជនអន្តរជាតិបានកាន់តែទូលំទូលាយ។ ទន្ទឹមនឹងនេះ ការផ្តល់ឱកាសដល់មន្ត្រីទទួលបានចំណេះដឹង និងបទពិសោធន៍ពីក្រៅប្រទេស ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ គឺជាចំណែកសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យគណៈកម្មការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន (ក.អ.ម) បន្តរៀបចំវគ្គបណ្តុះបណ្តាលភាសាបរទេសបន្ថែមទៀត ជាពិសេសភាសាបារាំងក្នុងវិស័យព័ត៌មាន ដើម្បីពង្រឹងសមត្ថភាពមន្ត្រីក្នុងការបំពេញការងារ និងទំនាក់ទំនងជាមួយដៃគូអន្តរជាតិ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការផ្សព្វផ្សាយព័ត៌មានក្នុងបរិបទអន្តរជាតិ។
ការបង្កើនសមត្ថភាពភាសាបរទេសនេះ ក៏មានសារៈសំខាន់ផងដែរក្នុងការត្រៀមលក្ខណៈសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍អន្តរជាតិនេះតម្រូវឱ្យមានការត្រៀមលក្ខណៈយ៉ាងម៉ត់ចត់លើការងារព័ត៌មាន ការផ្សព្វផ្សាយ និងការសម្របសម្រួលជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដោយសមត្ថភាពភាសាបរទេសជួយសម្រួលដល់ការទំនាក់ទំនង និងការផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាល «ភាសាអង់គ្លេសក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» បានប្រព្រឹត្តទៅរយៈពេល៣ខែ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃក្រសួងព័ត៌មាន។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសរបស់មន្ត្រី ដើម្បីគាំទ្រដល់ការអាន ការសរសេរ ការបកប្រែ និងការទំនាក់ទំនងក្នុងការងារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ៕


