ក្រុមហ៊ុនចំនួន១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពត ចូលរួមក្នុង សន្និសីទ នៃស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងក្រុងភីងថាន ខេត្តហ្វូជាន និងខេត្តកំពតព្រះរាជាណាចក្រកម្ពុជា។ ក្នុងសន្និសីទនេះ មានការចូលរួមពីភាគីចិន រួមមាន ឯកឧត្តម យៀក ទឺស៊ីង លេខារងបក្ស និងជាអភិបាលក្រុងភីងថាន, លោក ជា វេយប៊ីន ប្រធានមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ពិសោធន៍ចម្រុះភីងថាន, ឧកញ៉ា យ៉ាង ដាហ្វា ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន ព្រមទាំងក្រុមហ៊ុន និងសហគ្រាសផ្សេងៗចំនួន៥៧។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសគឺរក្សាបាននូវសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសអ្នកវិនិយោគមានទំនុកចិត្តក្នុងការបណ្តាក់ទុនរកស៊ីក្នុងប្រទេសកម្ពុជាដោយមិនមានការព្រួយបារម្ភអ្វីឡើយ។ ឯកឧត្តមអិបាលខេត្តបានបញ្ចាក់ថា ចំណងមិត្តភាពកម្ពុជា-ចិន គឺជាទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ និងយូរអង្វែង ដែលត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរពណ៌នាថាជា «មិត្តភាពដែកថែប» និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនង កម្ពុជា-ចិន បានវិវត្តរីកចម្រើនទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោងនិងឆ្ពោះទៅមុខ ហើយព្រមព្រៀងកសាងសហគមន៍ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដែលបង្ហាញឱ្យឃើញការតាំងចិត្តរបស់ខ្លួនក្នុងការបន្តការអភិវឌ្ឍប្រកបបរិយាបន្ន ចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក្រុងភីងថាន និងកំពត ទោះបីជាឆ្ងាយពីគ្នា ដោយភ្នំ និងសមុទ្រ ក៏ដោយ ក៏ការវិនិយោគទៅវិញទៅមករវាងសហគ្រាសនានា បានកសាងស្ពានកិច្ចសហប្រត្តិបត្តិការសម្រាប់តំបន់ទាំងពីរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានធ្វើបទបង្ហាញណែនាំអំពីសក្ដានុពល និងឱកាសវិនិយោគក្នុងខេត្តកំពត ជូនដល់ប្រតិភូ និងវិនិយោគិនភាគីចិន ហើយបានបញ្ជាក់ថា ខេត្តកំពត និងរង់ចាំស្វាគមន៍ជានិច្ចចំពោះវិនិយោគិនក្នុងខេត្តហ្វូជាន ពិសេសក្នុងទីក្រុងភីងថាន ទាំងអស់ ដែលមានបំណងចង់ទៅវិនិយោគលើទឹកដីនៃខេត្តកំពត ដែលជាខេត្តមានសក្តានុពលសម្រាប់ការវិនិយោគស្ទើគ្រប់វិស័យ ហើយការវិនិយោគទាំងអស់នឹងអាចជួយបង្កើតការងារជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានការងារធ្វើកាន់តែច្រើនបន្ថែមទៀត និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា ការរៀបចំសន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងក្រុងភីងថាន ខេត្តហ្វូជាន និងខេត្តកំពត នេះឡើង ក្នុងគោលបំណងបង្កើតវេទិកាទំនាក់ទំនងរវាងភាគីទាំងពីរ ដើម្បីបង្កើនការយល់ដឹងពីគ្នាឱ្យកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ កម្មវិធីសន្និសីទនេះ បានបញ្ចប់ទៅដោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ក្នុងនោះមានក្រុមហ៊ុនចំនួន១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន ក្នុងស្រុកជុំគីរី ខេត្តកំពត៕

 

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត