មឈូសសពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានដាក់តាំងបង្ហាញនៅទីក្រុងតេអេរ៉ង់ជាផ្លូវការ មុនពិធីដង្ហែរសពតាមទីក្រុងនានាជាលើកចុងក្រោយក្នុងរយៈពេលជាច្រើនថ្ងៃ
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានឲ្យដឹងថាក្បួនដង្ហែមួយបានឆ្លងកាត់មឈូសដាក់សពរបស់អតីតមេដឹកនាំកំពូលរបស់រដ្ឋអ៊ីស្លាមអ៊ីរ៉ង់លោក Ayatollah Ali Khamenei និងក្រុមគ្រួសាររបស់គាត់ ដែលបានស្លាប់កាលពីការវាយប្រហារដំបូងរបស់សហរដ្ឋអាម៉េរិករួមគ្នាជាមួយនឹងអ៊ីស្រាអែល។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅគ្រាដំបូងនៃសង្គ្រាមជាមួយអ៊ីរ៉ង់បានសម្លាប់លោក Khamenei និងសមាជិកគ្រួសាររបស់គាត់មួយចំនួន។ នៅព្រឹកថ្ងៃសុក្រនេះ កងកម្លាំងសន្តិសុខបានលើកមឈូសរបស់លោក Khamenei ពីលើដោយដៃផ្ទាល់របស់ពួកគេ នៅពេលដែលមឈូសមកដល់វិមាន Grand Mosalla ក្នុងទីក្រុងតេអេរ៉ង់។ មេដឹកនាំសាសនាបានដើរកាត់មឈូសរបស់លោក Khamenei ក៏ដូចជាសមាជិកគ្រួសាររបស់លោកដែលត្រូវបានសម្លាប់ផ្សេងទៀតរួមមានទាំងចៅស្រីអាយុ ១៤ខែរបស់លោកដែលមានឈ្មោះថា Zahra Mohammadi Golpayegani។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថាសពរបស់លោក Khamenei ស្ថិតនៅក្នុងមឈូសមួយនៅលើវេទិកាខ្ពស់ជាមួយនឹងភួងផ្កា tulip ពណ៌ក្រហមនៅពីមុខវា។ ជាអ្វីមួយដែលមើលទៅហាក់ដូចជាមេអំបៅក្រដាសព្យួរពី ពិដាននៅពីមុខវាដែរ។ ចាប់ផ្តើមពីថ្ងៃសៅរ៍នេះ អ៊ីរ៉ង់នឹងធ្វើពិធីបុណ្យសពរយៈពេលមួយថ្ងៃពេញនិងផ្លូវការសម្រាប់អតីតមេដឹកនាំកំពូលរបស់ពួកគេ គឺលោក Ayatollah Ali Khamenei ហើយសពរបស់លោកនឹងត្រូវដឹកជញ្ជូនជាសាធារណៈទៅកាន់ទីក្រុងនានាទូទាំងប្រទេសអ៊ីរ៉ង់ និងប្រទេសជិតខាងអ៊ីរ៉ាក់ដើម្បីជាការលាគ្នាចុងក្រោយដោយផ្ទាល់សម្រាប់អ្នកគាំទ្ររបស់លោក។ អាជ្ញាធរមានគម្រោងបិទផ្លូវថ្នល់ បិទដែនអាកាស និងការប្រកបរបររស់នៅប្រចាំថ្ងៃនៅក្នុងទីក្រុងតេអេរ៉ង់ ដើម្បីទុកពេលវេលាសម្រាប់អ្នកចូលរួមកាន់ទុក្ខអាចរំលឹកដល់ជីវិតចុងក្រោយរបស់លោក Khamenei ដែលបានដឹកនាំប្រទេសអ៊ីរ៉ង់អស់រយៈពេលជាច្រើនទសវត្សរ៍ដោយប្រើកណ្តាប់ដៃដែកប្រឈមមុខនឹងក្រុមលោកខាងលិចមិនថាពីអតីតកាល រហូតដល់បច្ចុប្បន្ននោះទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






