ពិធីបុណ្យសពបែបនិមិត្តបានធ្វើឡើងក្នុងប្រទេសនេប៉ាល់ជាប្រទេសដែលកាន់សាសនាហិណ្ឌូភាគច្រើន! ក្រោយពីរយៈពេល៧ថ្ងៃដែលសាច់ញាតិរបស់ពួកគេរាប់ពាន់នៅតែបាត់ខ្លួន
គ្រួសារមួយចំនួននៅ Nuwakot ដែលជាស្រុកមួយក្នុងចំណោមស្រុកផ្សេងដែលរងផលប៉ះពាល់ខ្លាំងបំផុតពីគ្រោះទឹកជំនន់ល្បាប់ក្នុងប្រទេសនេប៉ាល់ បានរៀបចំពិធីបុណ្យសពជានិមិត្តរូបសម្រាប់សាច់ញាតិរបស់ពួកគេដែលនៅតែបាត់ខ្លួនរកមិនឃើញ ដោយសង្ឃឹមថាការរៀបចំពិធីនិមិត្តនេះ នឹងអាចជួយរំដោះព្រលឹងពួកគេឆាប់បានសោយសុខបន្ទាប់ពីសមាជិកគ្រួសារ ត្រូវបានសន្មតពួកគេបានស្លាប់អស់ហើយ ក្រោយរយៈពេល៧ថ្ងៃដោយកប់ទៅឆ្ងាយឬទីជ្រៅនៃល្បាក់ភក់។ ពិធីបុណ្យសពបែបនិមិត្តនេះ គឺមានភាពស្រដៀងគ្នា ទៅនឹងពិធីសាសនាដែលធ្លាប់បានធ្វើឡើងដែរនៅទីក្រុង Kathmandu ដែលជារដ្ឋធានីរបស់ប្រទេស។ នៅក្នុងប្រពៃណីហិណ្ឌូ ការបូជាសពគឺជាពិធីចុងក្រោយដ៏សំខាន់បំផុតមួយសម្រាប់ជីវិតរស់នៅរបស់ពួកគេ ហើយសម្រាប់គ្រួសារនីមួយៗ! ការធ្វើពិធីនេះទោះបីជាគ្មានខ្លួនសពនៃមនុស្សជាទីស្រលាញ់របស់ពួកគេក៏ដោយ ក៏ពួកគេបានធ្វើពិធីផ្តល់នូវអារម្មណ៍នៃការរំដោះខាងវិញ្ញាណជាមួយផងដែរ។ លោក Ganesh Neupane ដែលបានរៀបចំធ្វើពិធីបុណ្យសពជានិមិត្តរូបសម្រាប់សាច់ញាតិរបស់គាត់ឈ្មោះ Ganesh Neupane (គឺមានឈ្មោះដូចគ្នា) នៅទីក្រុង Kathmandu បាននិយាយថា “គ្រួសាររបស់យើង អ្វីដែលយើងគិតគឺថាគាត់លែងមានជីវិតទៀតហើយ។ ដូច្នេះយើងធ្វើពិធីរបស់យើងជាមួយនឹងសពនិមិត្តឡើងជាតំណាង។ ចំណែកនៅតាមច្រាំងទន្លេ Trishuli វិញ មានបូជាចារ្យម្នាក់បានដាក់រូបនិមិត្តពីចំបើងដែលតំណាងឱ្យសមាជិកគ្រួសារដែលបាត់ខ្លួន ហើយគ្របវាដោយគំនរឈើតូចៗមុនពេលពួកគេដុត ឬ បូជាវាបែបសាសនា។ គំនរភ្លើងបុណ្យសពនិមិត្តនេះត្រូវបានហ៊ុំព័ទ្ធដោយគ្រឿងបូជាដល់ព្រះហិណ្ឌូ នៅពេលដែលសាច់ញាតិបានប្រមូលផ្តុំគ្នាដើម្បីធ្វើពិធីលាគ្នាចុងក្រោយ។ មកដល់ពេលនេះក្រសួងការបរទេសនេប៉ាល់បាននិយាយថា ជនបរទេសចំនួន ៣២៤នាក់ត្រូវបានជួយសង្គ្រោះ ខណៈដែលជនបរទេសចំនួន ៥៩០នាក់ផ្សេងទៀតមកពី ៣៩ប្រទេសផ្សេងគ្នា នៅតែបាត់ខ្លួនបន្ទាប់ពីទឹកជំនន់ល្បាប់ដ៏កំណាច កាលពីថ្ងៃទី ២៦ ខែសីហាបានសម្លាប់មនុស្សសរុបទាំងពីរភាគីចិន-នេប៉ាល់កើនដល់១.១១៨នាក់ និងធ្វើឱ្យមនុស្សជាង ៣.៩០០នាក់បាត់ខ្លួននៅឡើយ។ នៅឯខាងភាគីប្រទេសចិនវិញ ក្រុមអ្នកជួយសង្គ្រោះបានបញ្ចប់ផ្លូវបណ្តោះអាសន្នមួយទៅកាន់ទីកន្លែងរងគ្រោះមហន្តរាយនៃកំពង់ផែ Gyirong នៅតាមព្រំដែននេប៉ាល់ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃពុធម្សិលមិញ។ ក្រុមជួយសង្គ្រោះបាននិងកំពុងសម្អាតផ្លូវនានាសម្រាប់គ្រឿងចក្រធុនធ្ងន់ដែលត្រូវប្រើប្រាស់ជាចំាបាច់ដើម្បីស្វែងមនុស្សទោះបីជាមានស្មុគស្មាញឆ្លងកាត់ព្រំដែន ដែលត្រូវបានទឹកជំនន់បោកបក់យកទៅយ៉ាងណាក៏ដោយ។ ផ្លូវដែលនាំទៅដល់ចំណុចឆ្លងកាត់នោះគឺត្រូវបានបំផ្លាញ និងកប់នៅក្រោមទឹក ភក់ និងថ្មបាក់ធំៗរួចទៅហើយ។ ហើយយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua វិញបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស២១នាក់បានស្លាប់ និង ៥៤១ នាក់នៅតែបាត់ខ្លួនពីភាគីទីបេប្រទេសចិន៕
សម្រួលអត្ថបទ៖ សុផារិន្ទ



