ប្រតិភូបច្ចេកទេសជប៉ុន ចុះសិក្សាស្វែងយល់ពីការចិញ្ចឹមបង្គា និងក្តាមថ្ម នៅស្រុកព្រៃនប់ ដើម្បីពង្រឹងវិស័យវារីវប្បកម្ម
ខេត្តព្រះសីហនុ៖ ប្រតិភូបច្ចេកទេសផ្នែកវារីវប្បកម្មមកពីប្រទេសជប៉ុន បានអញ្ជើញចុះបំពេញទស្សនកិច្ចសិក្សា នៅកសិដ្ឋានចិញ្ចឹមបង្គា និងក្តាមថ្មមួយកន្លែង ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ។
ដំណើរទស្សនកិច្ចសិក្សានេះ ដឹកនាំដោយ ឯកឧត្ដម ជា ឆេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញអមដំណើរពី លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងសំខាន់ដើម្បីស្វែងយល់អំពីបច្ចេកទេសនៃការចិញ្ចឹមបង្គា ក្តាមថ្ម និងការគ្រប់គ្រងវារីវប្បកម្មនៅក្នុងកសិដ្ឋាន ក៏ដូចជាការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ល្អៗរវាងអ្នកជំនាញការជប៉ុន និងកសិដ្ឋានក្នុងស្រុក ដើម្បីជំរុញប្រសិទ្ធភាពផលិតកម្ម។
ដំណើរទស្សនៈកិច្ចនេះ ក៏បានបង្ហាញពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងដៃគូអន្តរជាតិ (ប្រទេសជប៉ុន) ក្នុងការគាំទ្រការអភិវឌ្ឍវិស័យកសិកម្ម និងវារីវប្បកម្ម ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយនិរន្តរភាពផងដែរ។

អត្ថបទ: ម៉ារ៉ាឌី
ប្រភព:រដ្ឋបាលស្រុកព្រៃនប់





