អភិបាលស្រុកព្រៃនប់ ចុះសួរសុខទុក្ខអតីតពលករ និងជនភៀសសឹក ដែលកំពុងបំពេញការងារ នៅក្រុមហ៊ុន រុនហ្ស៊ីម៉ៅ

លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានចុះសួរសុខទុក្ខបងប្អូនអតីតពលករមកពីប្រទេសថៃ និងជនភៀសសឹក ដែលបានចូលបម្រើការងារនៅក្រុមហ៊ុន រុនហ្ស៊ីម៉ៅ ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ នសព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ។

ក្នុងឱកាសនោះ លោកអភិបាល បានសម្តែងនូវក្តីរីករាយដែលបានឃើញបងប្អូនមានការងារធ្វើប្រកបដោយស្ថិរភាព និងទទួលបានប្រាក់ឈ្នួលសមរម្យ ចន្លោះពី ៣៥០ ដល់ ៤៥០ ដុល្លារអាមេរិក ក្នុងមួយខែ ដែលជាចំណូលដ៏រឹងមាំសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងផ្តល់ឱកាសអប់រំដល់កូនៗ។
លោកបានបញ្ជាក់ថា ការវិលត្រឡប់មកបម្រើការងារក្នុងស្រុកវិញ មិនត្រឹមតែផ្តល់នូវចំណូលទៀងទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យសមាជិកគ្រួសារបានរស់នៅជួបជុំគ្នាប្រកបដោយភាពកក់ក្តៅ និងជិតស្និទ្ធ។
រដ្ឋបាលស្រុកព្រៃនប់ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីបង្កើនឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ប្រភព:រដ្ឋបាលស្រុកព្រៃនប់