គ្រោះធម្មជាតិ ស្លាប់និងរបួសជិត៥០នាក់ ក្នុងរយៈពេល៦ខែដើមឆ្នាំ និងប៉ះពាល់ដល់លំនៅដ្ឋានជាង៥ពាន់ខ្នង

ភ្នំពេញ ៖ រយៈពេល៦ខែ ឆ្នាំ២០២៦នេះ គ្រោះធម្មជាតិរួមមាន ខ្យល់កន្ត្រាក់និងគ្រោះរន្ទះបាញ់ បានកើតឡើងចំនួន២៥៦លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន១៩នាក់ រងរបួស២៧នាក់ និង ប៉ះពាល់លំនៅដ្ឋាន៥០២៣ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកក្កដា នេះថា ខ្យល់កន្ត្រាក់បានកើតឡើងចំនួន២២៨លើក បណ្តាលឱ្យមនុស្សស្លាប់៣នាក់ រងរបួស៩នាក់ ប៉ះពាល់លំនៅដ្ឋាន៥០២០ខ្នង សាលារៀន១៧៣អគារ មណ្ឌលសុខភាព១ វត្តអារាម៣កន្លែងនិងតូបផ្សារ៤តូប។ គ្រោះរន្ទះបាញ់ ក្នុងរយៈពេល៦ខែឆ្នាំ២០២៦ បានកើតឡើងចំនួន២៨លើកបណ្តាលឱ្យមនុស្សស្លាប់១៦នាក់ រងរបួស១៨នាក់ងាប់គោក្របី៩ក្បាលនិងលំនៅដ្ឋាន៣ខ្នង។

លោកបានបន្តថា តួលេខនេះបើធៀបទៅនឹង រយៈពេល៦ខែដូចគ្នាឆ្នាំ២០២៥ ឃើញថាមានការថយចុះខណៈ៦ខែឆ្នាំ មុនខ្យល់កន្ត្រាក់និងគ្រោះរន្ទះបាញ់បានកើតឡើងចំនួន២៥៨លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៣៦នាក់ របួស៨០នាក់និងប៉ះពាល់ផ្ទះ៦២០០ខ្នង។ ក្នុងនោះខ្យល់កន្ត្រាក់បាន កើតឡើងចំនួន ១៩០ លើកបណ្តាលប៉ះពាល់លំនៅដ្ឋានចំនួន៦២៨៦ ខ្នង សាលារៀន៣៦អការ តូបលក់ដូរ ២១ វត្តអារាម ១៩កន្លែង ស្លាប់៥នាក់ និង របួស២៧នាក់។ រីឯ៦ខែ ឆ្នាំ២០២៥ គ្រោះរន្ទះបាញ់ បានឡើងចំនួន ៦៨លើក បណ្តាលឱ្យមនុស្សស្លាប់ ៣១នាក់ រងរបួស ៥៣នាក់ ងាប់គោក្របី ៧១ក្បាល និងខូចខាតផ្ទះ ១២ខ្នង៕