ជប៉ុន សន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា ក្រោយទទួលបទពិសោធផ្ទាល់ពីការធ្វើដំណើរគ្រប់ខេត្តក្រុង

ភ្នំពេញ ៖ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន សន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា ដែលឯកឧត្តមបានទទួលបទពិសោធដោយផ្ទាល់ពីការធ្វើដំណើរគ្រប់ខេត្តក្រុងនៃកម្ពុជាដល់ប្រជាជនជប៉ុន និងបានលើកជាសំណើពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជំរាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នាទីស្ដីការក្រសួងទេសចរណ៍ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ។

ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍កន្លងមក ព្រមទាំងបានបញ្ជាក់ពីការបន្តគាំទ្រការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការផ្សព្វផ្សាយទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ 

ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកជាសំណើស្នើសុំពិនិត្យលទ្ធភាពសិក្សាលើការលើកលែងទិដ្ឋាការ ជូនដល់ភ្ញៀវទេសចរជប៉ុនដែលអញ្ជើញមកទស្សនាកម្ពុជា៕