ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
នារសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក “សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥” ក្រោមកិច្ចសហការរៀបចំដោយ ក.អ.ក. រួមជាមួយ សភាពាណិជ្ជកម្មកម្ពុជា។
សិក្ខាសាលាជាន់ខ្ពស់នេះមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្រប សម្រួល ក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ.), ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិក គ.ស.រ.ជ, អង្គទូតពីបណ្តាប្រទេសជាមិត្ត, ថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា, តំណាងសភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា, និងតំណាងវិស័យឯកជន វិនិយោគិន ព្រមទាំងដៃគូអភិវឌ្ឍន៍ជាសមាជិក គ.ស.ឯ.រ.ជ. សរុបប្រមាណ ៣០០រូប។
ថ្លែងក្នុងសុន្ទរកថាបើកដ៏មានអត្ថន័យស៊ីជម្រៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំឮកដោយស្មារតីដឹងគុណថា យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គឺជាមរតកដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើមប្រវត្តិសាស្ត្រមួយនេះ ដើម្បីបង្កើតឡើងនូវបរិយាកាសកិច្ចសន្ទនា និងដោះស្រាយបញ្ហាប្រឈមនានាដោយតម្លាភាព។ យន្តការនេះត្រូវបានបន្តពូនជ្រំ និងដឹកនាំដោយផ្ទាល់ប្រកបដោយភាពម៉ឺងម៉ាត់ និងចក្ខុវិស័យវែងឆ្ងាយដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក.អ.ក. ផ្ទាល់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលជានិច្ចកាលតែងចាត់ទុកផ្នែកឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់បំផុតមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ មិនមែនគ្រាន់តែជាវេទិកាជួបជុំធម្មតានោះទេ ប៉ុន្តែគឺជាការផ្សព្វផ្សាយពីលទ្ធផលផ្លែផ្កាជាក់ស្តែង កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអន្តរក្រសួង-ស្ថាប័ន និងវិស័យឯកជន ក្នុងការប្រែក្លាយរាល់ការប្តេជ្ញាចិត្ត ឱ្យទៅជាសកម្មភាពកែទម្រង់ដ៏រឹងមាំ សំដៅធានាឱ្យបាននូវបរិយាកាសធុរកិច្ច និងវិនិយោគមួយដ៏មានភាពទាក់ទាញ និងមានឧត្តមភាពប្រកួតប្រជែងខ្ពស់ ទាំងក្នុងតំបន់និងលើឆាកអន្តរជាតិ។
បន្ថែមលើយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចពីការខិតខំប្រឹងប្រែងពង្រីកយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន (P-PSD) ឱ្យកាន់តែមានភាពបត់បែន និងជិតស្និទ្ធ ក៏ដូចជាការរៀបចំកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ចរវាងរដ្ឋ និងវិស័យឯកជន (P-PS Breakfast Briefing) ដែលកាន់តែបង្កលក្ខណៈបើកទូលាយរវាងផ្នែករដ្ឋ និងវិស័យឯកជន។ ជាមួយគ្នានោះ ឯកឧត្តមក៏បានប្រកាសជាថ្មីអំពីគំនិតផ្តួចផ្តើមនៃកម្មវិធី “Open Day with DPM” ដែលជាយន្តការបើកចំហទ្វារដ៏មានសារៈសំខាន់ ក្នុងការទទួលជួបប្រឹក្សាយោបល់ និងស្តាប់រាល់កង្វល់ ក៏ដូចជាសំណូមពរនានារបស់វិនិយោគិនដោយផ្ទាល់ ជុំវិញបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា ដែលកម្មវិធីនេះនឹងរៀបចំឡើងនាពេលដ៏ខ្លីខាងមុខ។
អនុលោមតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធាន ក.អ.ក. ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុង ក.អ.ក. បាននិងកំពុងរៀបចំកំណែទម្រង់រដ្ឋបាល និងជំរុញទំនើបកម្មប្រព័ន្ធការងារ តាមរយៈការកាត់បន្ថយនូវរាល់នីតិវិធីរដ្ឋបាលស្មុគស្មាញ ក៏ដូចជាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការចុះបញ្ជីវិនិយោគ ដើម្បីឆ្លើយតបទៅនឹងល្បឿននៃការវិនិយោគនៅកម្ពុជា។
ពាក់ព័ន្ធនឹងសកម្មភាពនៅលើឆាកអន្តរជាតិ ឯកឧត្តមឧបនា យករដ្ឋមន្ត្រី បានរំឮកអំពីភាពជោគជ័យនៃបេសកកម្មគោះទ្វារវិនិយោគនាពេលថ្មីៗកន្លងទៅ ទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសចិន។ ខណៈពេលដែលពិភពលោកកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជា ទាំងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ឯកឧត្តមក៏បានបញ្ជាក់ពីទស្សនៈជាយុទ្ធសាស្ត្រថា៖ រាជរដ្ឋាភិបាលមិនបានមើលឃើញភាពមិនប្រាកដប្រជារបស់សកលលោកជាឧបសគ្គនោះទេ ប៉ុន្តែយើងកំពុងប្រែក្លាយវាឱ្យទៅជាកាលានុវត្តភាពសម្រាប់កម្ពុជា តាមរយៈការបង្ហាញពីសក្តានុពលពិត ភាពអំណោយផលនៃច្បាប់វិនិយោគ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលរលកនៃការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់សកល។
វិស័យភស្តុភារកម្ម គឺជាសរសៃឈាមសេដ្ឋកិច្ច និងជាចំណុចស្នូលនៃភាពប្រកួតប្រជែង ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំឮកដល់កិច្ចប្រជុំយុទ្ធសាស្ត្រនាពេលថ្មីៗកន្លងទៅ ជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានផ្តោតការពិភាក្សាលើការធ្វើឱ្យកាន់តែប្រសើរឡើងនូវ ការដឹកជញ្ជូននាំចេញ-នាំចូល និងប្រព័ន្ធភស្តុភារកម្មជាតិ។ បន្ថែមលើនេះ ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្ម លើកទី១១ កម្ពុជាបាននិងកំពុងជម្រុញរបៀបវារៈសំខាន់ៗរួមមាន៖
១. ការប្រមូលសូចនាករប្រតិបត្តិការភស្តុភារកម្ម (២.០)
២. ការរៀបចំអភិវឌ្ឍប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) និង
៣. វឌ្ឍនភាពនៃសេចក្ដីព្រាងច្បាប់ស្ដីពី “ភស្តុភារកម្ម” រៀបចំតាក់តែងឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការពង្រឹងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់ដែលនឹងប្រព្រឹត្តទៅទីស្តីការ ក.អ.ក. នាពេលឆាប់ៗខាងមុខ រួមមាន៖
១. កិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC)
២. កិច្ចប្រជុំកំពូលប្រទេសដែលនិយាយភាសាបារាំង (The Francophonie Summit) និងព្រឹត្តិការណ៍ធុរកិច្ចអមនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង
៣. ការផ្សាយផ្ទាល់ (Live Broadcasting) ជាសកលរបស់ស្ថាប័នព័ត៌មានសេដ្ឋកិច្ចលំដាប់ពិភពលោក Bloomberg ចេញពីទីស្តីការ ក.អ.ក. ផ្ទាល់តែម្តង នៅចុងខែកក្កដានេះ។
ក្នុងការត្រៀមលក្ខណៈដើម្បីឈានទៅសម្រេចបាននូវការ កែទម្រង់កាន់តែស៊ីជម្រៅ សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២០ ខាងមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវទស្សនៈតម្រង់ទិសដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ថា រាជរដ្ឋាភិបាលតែងតែនៅទីនេះ ត្រៀមខ្លួនរួចជាស្រេចដើម្បីស្តាប់ និងដោះស្រាយបញ្ហាប្រឈមនានាដោយតម្លាភាពជាមួយវិស័យឯកជន ហេតុនេះ យើងទាំងអស់គ្នាទាំងរដ្ឋ និងឯកជនត្រូវតែមានភាពបុរេសកម្ម មិនមែនរង់ចាំឱ្យមានបញ្ហាកើតឡើង ទើបមកដោះស្រាយ ឬមានប្រតិកម្មតាមក្រោយនោះទេ។
មុននឹងបញ្ចប់សុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ជាចុងក្រោយថា ភាពរឹងមាំ និងជោគជ័យទៅថ្ងៃអនាគត គឺស្ថិតនៅលើភាពកាន់តែរឹងមាំជាមួយគ្នារវាងផ្នែករដ្ឋ និងវិស័យឯកជន ប្រកបដោយស្មារតីបុរេសកម្ម ជាមួយឆន្ទៈរួមគ្នាពួតដៃកសាងគ្រឹះសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន មានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិ សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យ “កម្ពុជាឆ្នាំ២០៥០” ជាប្រទេសមានចំណូលខ្ពស់៕







