គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញចូលរួមពិធីបើកជាផ្លូវការ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ ដែលរដ្ឋសភាហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ
គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ដែលរដ្ឋសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La កណ្តាលទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ក្រោមមូលបទ “សភាធានាឱ្យបាននូវអាស៊ានមានសន្តិភាព វិបុលភាព ដោយយកប្រជាជនជាស្នូល”។
ពិធីបើកមហាសន្និបាត ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហ្វូស្ទីណូ បូជី ឌី ទី៣ (Faustino Bojie De Guzman Dy III) ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ ដោយមានវត្តមានប្រធានសភាប្រទេសសមាជិកអាស៊ាន ព្រមទាំងប្រតិភូសភាសង្កេតការណ៍អាយប៉ា ដៃគូអភិវឌ្ឍន៍ និងភ្ញៀវរបស់ម្ចាស់ផ្ទះរៀបចំមហាសន្និបាត ដែលឆ្លុះបញ្ចាំងពីសាមគ្គីភាព និងចក្ខុវិស័យរួមរបស់អាស៊ានក្នុងដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា ប្រកបដោយសុខសន្តិភាព វិបុលភាព ចីរភាព និងបរិយាបន្ន។
អន្តរសភាអាស៊ាន (អាយប៉ា) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត ៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់ AIPA បំពេញការងារការទូតសភាក្នុងការប្រមូលផ្តុំនូវមតិយោបល់ ទស្សនៈតំណាងពលរដ្ឋ ជាដៃគូមិនអាចខ្វះបានរបស់អាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ជាសហគមន៍តែមួយប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។
ក្នុងពិធីបើកជាផ្លូវការមហាសន្និបាតនេះ ប្រធានអាយប៉ាលើកទី៤៧ បានប្រកាសទទួលស្គាល់សាធារណរដ្ឋទីម័រឡេស្តេ ជាសមាជិកមួយបន្ថែមទៀតរបស់ AIPA។ ការបញ្ចូលសភានៃសាធារណរដ្ឋទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិរបស់ AIPA នឹងធ្វើឡើងនៅក្នុងរសៀលនេះ។ដែលធ្វើឱ្យសមាជិក AIPA កើនដល់១១ប្រទេស រួមមានសភាព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម និងទីម័រឡេស្ត។
ឯកឧត្តម ហ្វូស្ទីណូ បូជី ឌី ទី៣ បានថ្លែងអំណរគុណជ្រាលជ្រៅដល់សមាជិកអាយប៉ា សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ាទាំងអស់ ដែលបានមកជួបជុំគ្នានៅក្នុងទីក្រុងម៉ានីល បង្ហាញពីសាមគ្គីភាព ការរួមសហការគ្នា នៅក្នុងការលើកកម្ពស់យន្តការសភា កិច្ចសហប្រតិបត្តិការ និងការភ្ជាប់ទំនាក់ទំនង ដើម្បីសន្តិភាព វិបុលភាព និងការរីកចម្រើនប្រកបដោយចីរភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តម ប្រធានអាយប៉ាលើកទី៤៧ រំលេចពីតួនាទីសំខាន់របស់សមាជិកសភានៅក្នុងការលើកកម្ពស់កិច្ចសន្ទនា សម្រាប់ផលប្រយោជន៍ពលរដ្ឋនៅក្នុងតំបន់ ដែលពោរពេញដោយសក្តានុពលធម្មជាតិ និងធនធានមនុស្ស។ អំឡុងពេលមហាសន្និបាតនេះ សមាជិកសភានិងដៃគូទាំងអស់ ត្រូវពិភាក្សាលើប្រធានបទនានាជាច្រើន មានដូចជា កិច្ចប្រជុំពេញអង្គ វេទិកាអ្នកនយោបាយស្ត្រី កិច្ចប្រជុំគណៈកម្មាធិការស្ត្រី (WAIPA) កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំសមាជិកសភាវ័យក្មេង (YPA) និងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍អាយប៉ា ជាដើម។
កិច្ចប្រជុំទាំងអស់នោះដំណើរការក្រោមបរិយាកាសសាមគ្គីភាព ដើម្បីអនាគតរួមរបស់អាស៊ាន។ ក្រោយពិធីបើកមហាសន្និបាតហើយ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ទៅកាន់មហាសន្និបាតផងដែរ៕


