ឯកឧត្ដមរដ្ឋលេខាប្រចាំការ សេង សុមុនី អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្ដីពី « កិច្ចសន្ទនាអន្តរជំនឿសាសនាដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា »
ភ្នំពេញ៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម សេង សុមុនី រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ក្នុងពិធីបើកសិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនាដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា នានៅសាលផ្ការំដួល ទីស្តីការក្រសួង។
ពិធីនេះមានការយាង និមន្ត និងអញ្ជើញចូលរួមដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះត្រ័យរតនាវង្សាចារ្យ ទូច សាទរ ព្រះមេគណគណៈធម្មយុត្តិកនិកាយរាជធានីភ្នំពេញ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំសាសនាគ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការ សមាគមនានាយ៉ាងច្រើនកុះករ។
នាឱកាសនេះ លោក ខន សុផាន់ណារ៉ា ប្រធាននាយកដ្ឋានពាហិរសាសនា នៃអគ្គនាយកដ្ឋានកិច្ចការសាសនា បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តម គណៈអធិបតី និងអង្គពិធីទាំងមូលថា ព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យធម្មការនិងសាសនារួមាន៖
១.វិស័យព្រះពុទ្ធសាសនា មានគណៈសង្ឃទាំងពីរគណៈ បច្ចុប្បន្នមានវត្តប្រមាណ ៥,១៥០ វត្តមានពុទ្ធិកសិក្សាគ្រប់កម្រិត និងព្រះសង្ឃ សរុបប្រមាណ ៧៣,៦២០ អង្គ។
២.វិស័យពាហិរសាសនាក៏មាន ការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ រួមមាន៖ សាសនាឥស្លាម នសាសនាគ្រិស្ដសាសនាមាន ព្រមទាំងមានសាសនាផ្សេងៗកំពុងគោរពនិងប្រតិបត្តិទៅតាមគោលជំនឿ នៃនិកាយសាសនារៀងៗខ្លួន។ ដោយឡែកគោលបំណងក្នុងរៀបចំសិក្ខាសាលាស្ដីពីកិច្ចសន្ទនាអន្តរជំនឿ ដើម្បីសុខដុមនីយកម្មសាសនាឆ្នាំ២០២៦នេះ ក្រោមមូលបទ “សាសនិកចូលរួមកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលជាការបោះជំហ៊ានថ្មីមួយទៀត នៃកិច្ចសន្ទនាអន្តរជំនឿសាសនា ដែលមិនត្រឹមតែគោលបំណងដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជាប៉ុណ្ណោះទេ គឺដើម្បីជជែក ពិភាក្សាគ្នា ផ្លាស់ប្តូរគំនិតយោបល់និងចែករំលែកនូវបទពិសោធន៍ល្អៗ ធ្វើយ៉ាងណាពង្រឹងឱ្យសហគមន៍សាសនានីមួយៗ ចូលរួមគាំទ្រ និងអនុវត្តកម្មវិធីគោលនយោបាយតាមរយៈការជំរុញការអនុវត្តនូវអ្វីដែលមេដឹកនាំសាសនានីមួយៗបានឯកភាពរួមគ្នា ក៏ដូចជាការចូលរួមទាំងអស់គ្នាក្នុងការអនុវត្តនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយ ព្រមទាំងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាស្ថេរភាពសន្តិភាព និងបន្តការ អភិវឌ្ឍន៍រីកចម្រើនជឿនលឿន សម្រាប់សង្គមជាតិយើងទាំងមូល។
ឯកឧត្ដម សេង សុមុនី រដ្ឋលេខាធិការប្រចាំ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួងធម្មការនិងសាសនា ក្រោមការដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន ក្នុងការសម្របសម្រួលនិងជួយគាំទ្រដល់គ្រប់សាសនាទាំងអស់ ដែលបាននិងកំពុងគោរពប្រតិបត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជាស្របទៅនឹងច្បាប់នៃរដ្ឋធម្មនុញ្ញារបស់កម្ពុជា ដើម្បីបន្តអនុវត្តន៍កិច្ចការ ទាំងនេះទៅតាមក្រិត្យក្រម នៃព្រះធម៌ ព្រះវិន័យ ពាក្យប្រៀនប្រដៅក្នុងសាសនានីមួយៗ ដែលជាការរួមចំណែកធ្វើឱ្យយើងសម្រេចបាននូវសង្គមជាតិមួយដ៏ល្អផូរផង់គ្មានអំពើហិង្សាការរើសអើង ការប្រកាន់ពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ រួមចំណែកការពារ សុខសន្តិភាពអត្តសញ្ញាណជាតិ សាមគ្គីភាព ប្រពៃណីវប្បធម៌ទំនៀមទម្លាប់។
ដើម្បីឲ្យអង្គសិក្ខាសាលាប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ឯកឧត្ដម រដ្ឋលេខាធិការប្រចាំ បានពាំនាំនូវអនុសាសន៍ចង្អុលបង្ហាញរបស់ ឯកឧត្តមរដ្ឋមន្រ្តី ដូចខាងក្រោម៖
១.សូមឱ្យថ្នាក់ដឹកនាំគ្រប់សាសនាទាំងអស់ គោរពនៅច្បាប់របស់របស់ព្រះរាជាណាចក្រកម្ពុជា រក្សាសុខដុមនីយកម្មសាសនាដែលមានសម្រាប់ ដើម្បីប្រទេសជាតិឱ្យប្រទេសកម្ពុជាកាន់តែមាន ការរីកចម្រើនប្រកបដោយសុខសន្តិភាព។
២.សូមឱ្យបន្តចូលរួមថែរក្សាការពារសន្តិភាព ស្ថេរភាព និងគាំទ្រ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្សនិងការអភិវឌ្ឍវិស័យសាសនា ។
៣.សូមឱ្យគោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមការអំពាវនាវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
៤.សូមឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធនិងមេដឹកនាំសាសនា បន្តអនុវត្តមុខងារតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការអប់រំទូន្មាន និងផ្សព្វផ្សាយឱ្យបានជ្រួលជ្រាបគ្រប់ មជ្ឈដ្ឋានជាពិសេស បរិស័ទជាយុវជន ៕


