រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឱ្យ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់អង្គការឥស្លាមម៉ាឡេស៊ី ដឹកនាំប្រតិភូនៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ភ្នំពេញ៖ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឱ្យ លោក Tuan Haji Mohd Azmi bin Abd Hamid ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់អង្គការឥស្លាមម៉ាឡេស៊ី (MAPIM) ដឹកនាំប្រតិភូនៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាទីស្តីការក្រសួង។

នាឱកាសនេះ លោក Tuan Haji Mohd Azmi bin Abd Hamid ប្រធានប្រតិភូក្រុមប្រឹក្សាពិគ្រោះយោបល់អង្គការឥស្លាមម៉ាឡេស៊ី បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី ថា ក្រុមប្រឹក្សាពិគ្រោះយោបល់អង្គការឥស្លាមម៉ាឡេស៊ី ក្រុមប្រឹក្សាពិគ្រោះយោបល់អង្គការឥស្លាមម៉ាឡេស៊ីត្រូវបានង្កើតឡើងក្នុងឆ្នាំ២០០៣ និងទទួលបានសច្ចាប័នក្នុងឆ្នាំ ២០១២ ក្នុងបេសកកម្មប្រមូលផ្តុំធនធាន និងមនុស្សធម៌ ដើម្បីការរីកចម្រើននៃការអភិវឌ្ឍមនុស្ស យុត្តិធម៌សង្គម និងសុខុមាលភាព។ ហើយក្នុងឱកាសនេះ លោក បានសុំការអនុញ្ញាត ឯកឧត្តម រដ្ឋមន្រ្តីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងវិស័យសេដ្ឋកិច្ចមានជាអាទិ៍៖

1. ការអភិវឌ្ឍន៍ឧស្សាហកម្មចំណីអាហារ និងស្តង់ដារហាឡាល់ដើម្បីពង្រីកទីផ្សារផលិតផលកម្ពុជាឱ្យបានកាន់តែទូលំទូលាយទៅកាន់ទីផ្សារក្នុងតំបន់ក៏ដូចជាសាកលលោក

2. ការអប់រំតាមការពង្រឹងសមត្ថភាពរបស់កនអ៊ីម៉ាំ និស្សិត ឱ្យទៅបណ្ដុះបណ្ដាលប្រទេសម៉ាឡេស៊ី ដើម្បីជម្រុញតួនាទីព្រះវិហារ និងកនអ៊ីម៉ាំក្នុងការចូលរួមចំណែកជួយដល់សហគមឥស្លាមនៅកម្ពុជា និង

3. ការផ្លាស់ប្តូរវប្បធម៌ ឬជំនឿទុកចិត្តគ្នារវាងប្រជាជននិងប្រជាជន ដើម្បីកសាងសង្គមប្រកបដោយសាមគ្គីភាព និងយុត្តិធម៌។

 

ឯកឧត្តម ចាយ បូរិន បានកោតសរសើរនិងថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាពិគ្រោះយោបល់អង្គការឥស្លាមម៉ាឡេស៊ី នៃប្រទេសម៉ាឡេស៊ី ដែលបានខិតខំបំពេញបេសកកម្មប្រមូលផ្តុំធនធាន និងមនុស្សធម៌ ដើម្បីការរីកចម្រើននៃការអភិវឌ្ឍមនុស្ស យុត្តិធម៌សង្គម និងសុខុមាលភាព និងតែងតែបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយសហគមឥស្លាម ក៏ដូចជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។ ឯកឧត្តមបានបញ្ជាក់ជូនថា ក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមមត៌កដឹកនាំប្រកប ដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យមានសេរីភាពពេញលេញលើការប្រតិបត្តិខាងផ្លូវសាសនា ដែលមិនប៉ះពាល់ដាល់សន្តិសុខសណ្ដាប់ធ្នាប់ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានស្នើរឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃសាសនាឥស្លាម និងគណៈប្រតិភូ ធ្វើការសិក្សាស្វែងយល់ពីការសាងសង់វិហារសាសន៍ឥស្លាមនៅកម្ពុជា ដោយកំណត់នៅរចនាបថវិហារឥស្លាមតែមួយ ដើម្បីជាការបង្ហាញអត្តសញ្ញាណសាសនាឥស្លាមនៅកម្ពុជា។ ទន្ទឹមនឹងនេះ វិហារឥស្លាម នឹងបានដើរតួជាសាលារៀន និងជាមជ្ឈមណ្ឌលអប់រំដ៏សំខាន់ក្នុងការបណ្តុះបណ្តាលចំណេះដឹងសាសនា ភាសា ព្រមទាំងក្រមសីលធម៌រស់នៅដល់កុមារ និងយុវជនជំនាន់ក្រោយឱ្យដើរលើផ្លូវល្អចៀសឆ្ងាយពីអបាយមុខ។ ដោយឡែកសម្រាប់ឧស្សាហកម្មហាឡាល ឯកឧត្តមរដ្ឋមន្រ្តី បានគាំទ្រនិងជំរុញឱ្យមានការចុះនូវវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាហាឡាលកម្ពុជា លើកទឹកចិត្តដល់គណៈប្រតិភូសិក្សាលទ្ធភាពក្នុងការវិនិយោគក្នុងវិស័យចំណីអាហារហាលឡាល់នៅកម្ពុជា លើការកែច្នៃកសិផលដែលមានសក្ដានុពលមួយចំនួននៅកម្ពុជា ដូចជាអង្ករ ម្រេច កាហ្វេ ស្វាយចន្ទីរ ខ្នុរ ស្វាយជាដើម និងការបញ្ចូលគោលការណ៍សុវត្ថិភាពម្ហូបអាហារ ក្នុងសាសនាអ៊ីស្លាមក្នុងខ្សែច្រវាក់ផលិតកម្មនឹងផ្តល់ការជឿទុកចិត្ត បង្កើនសុខុមាលភាព និងជម្រើសដ៏ចាំបាច់ខានមិនបានដល់អ្នកប្រើប្រាស់ជាអ្នកមូស្លីម ឬអ្នកកាន់សាសនាអ៊ីស្លាម។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន  បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌រវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលម៉ាឡេស៊ីកាន់តែរីកចម្រើន ឈានទៅរកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគម្រូសម្រាប់ទាំងក្នុងទំនាក់ទំនងទ្វេភាគី តំបន់ ក៏ដូចជាសាកលលោក និងសូមជូនពរដល់លោក Tuan Haji Mohd Azmi bin Abd Hamid ប្រធានប្រតិភូក្រុមប្រឹក្សាពិគ្រោះយោបល់អង្គការឥស្លាមម៉ាឡេស៊ីនិង សហការីទាំងអស់សម្រាប់ការបន្តបេសកកម្មការងារមនុស្សធម៌នៅកម្ពុជា តាមរយៈក្រសួងធម្មការនិងសាសនាទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បន្តទៀត ៕