លោកជំទាវ ប្រាក់ ច័ន្ទសុខា អំពាវនាវឱ្យបន្តអប់រំផ្សព្វផ្សាយពីសីលធម៌ និងតម្លៃគ្រួសារខ្មែរ ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ

ខេត្តព្រះសីហនុ៖  មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយេនឌ័រប្រចាំត្រីមាសទី៣ និងលើកផែនការបន្តសម្រាប់ឆ្នាំ២០២៧ ក្រោមអធិបតីភាព លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និង លោកស្រី សៅ កាន ប្រធានមន្ទីរកិច្ចការនារីខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិកា និងអង្គការដៃគូពាក់ព័ន្ធ នៅសាលប្រជុំធំមន្ទីរកិច្ចការនារីខេត្ត

 ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦

​ថ្លែងក្នុងឱកាសនោះ លោកស្រី សៅ កាន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ពិភាក្សាអំពីបញ្ហាប្រឈម និងកំណត់ទិសដៅអាទិភាព ដើម្បីជំរុញការអនុវត្តការងារយេនឌ័រឱ្យកាន់តែមានប្រសិទ្ធភាព សំដៅលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រីនៅក្នុងខេត្ត។ លោកស្រីបានសង្កត់ធ្ងន់ថា សមភាពយេនឌ័រគឺជាកត្តាដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព ហើយការងារនេះមិនមែនជាភារកិច្ចរបស់ស្ត្រីតែប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ទាំងបុរស និងស្ត្រី ព្រមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធ។

​លោកស្រីប្រធានមន្ទីរបានបន្តថា ការបញ្ចូលយេនឌ័រទៅក្នុងគោលនយោបាយ ផែនការកម្មវិធី និងថវិការបស់ស្ថាប័ន គឺជាកិច្ចការចាំបាច់ ដើម្បីធានាថាស្ត្រី បុរស ក្មេងស្រី និងក្មេងប្រុស ទទួលបានឱកាស និងផលប្រយោជន៍ស្មើៗគ្នា។ ក្នុងន័យនេះ ក្រុមការងារយេនឌ័រនៅតាមមន្ទីរ ការិយាល័យ និងរដ្ឋបាលថ្នាក់ក្រោមជាតិ មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រ តាមរយៈការបញ្ជ្រាបទស្សនៈយេនឌ័រក្នុងការរៀបចំផែនការសកម្មភាព ការអនុវត្ត ការតាមដាន និងការវាយតម្លៃលទ្ធផលការងាររបស់អង្គភាពនីមួយៗ។ ទន្ទឹមនឹងនេះ លោកស្រីបានលើកទឹកចិត្តដល់ក្រុមការងារយេនឌ័រតាមមន្ទីរ-អង្គភាព ឱ្យយកចិត្តទុកដាក់ពិនិត្យឡើងវិញនូវលទ្ធផលការងារដែលបានអនុវត្តក្នុងឆមាសទី១ និងបន្តអនុវត្តក្នុងឆមាសទី២ ដោយផ្អែកលើសកម្មភាព និងសូចនាករដែលបានកំណត់ ព្រមទាំងពង្រឹងកិច្ចសហការជិតស្និទ្ធ ចែករំលែកបទពិសោធន៍ និងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីសម្រេចបានជោគជ័យរួម។

​ជាមួយគ្នានេះដែរ លោកជំទាវ ប្រាក់ ច័ន្ទសុខា បានថ្លែងកោតសរសើរចំពោះក្រសួង និងមន្ទីរកិច្ចការនារី ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររហូតទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក។ 

លោកជំទាវបានគូសបញ្ជាក់ថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ការលើកស្ទួយសិទ្ធិស្ត្រី និងកុមារ ពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងសង្គម។ ដូច្នេះ លោកជំទាវបានស្នើសុំឱ្យមន្ទីរកិច្ចការនារី និងការិយាល័យកិច្ចការនារីក្រុង-ស្រុក បន្តជួយបញ្ជ្រាប និងអប់រំផ្សព្វផ្សាយអំពីសីលធម៌ និងការចិញ្ចឹមកូន ព្រោះការអប់រំមានសារៈសំខាន់ណាស់សម្រាប់យុវវ័យឱ្យយល់ដឹងពីតម្លៃស្ត្រី និងគ្រួសារខ្មែរ។

​លោកជំទាវបានបន្ថែមទៀតថា ជាទូទៅអំពើហិង្សាតែងតែកើតមានលើស្ត្រី និងកុមារ ហើយនៅពេលមានអំពើហិង្សាកើតឡើង តម្លៃរបស់គ្រួសារ និងសង្គមក៏ត្រូវបាត់បង់ទៅតាមនោះដែរ ហេតុនេះ យើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់ភាពអវិជ្ជមានក្នុងសង្គម ដោយផ្សព្វផ្សាយអំពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងសីលធម៌សង្គម ព្រមទាំងចេះគោរពគ្នាទៅវិញទៅមក។ ការបង្កើតគំរូវប្បធម៌និយាយស្តីបែបវិជ្ជមាន និងការធ្វើជាគំរូល្អរបស់ឪពុកម្តាយចំពោះកូនៗ គឺជាកត្តារួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។

អត្ថបទ: មនសូត្រ