គណៈកម្មការរៀបចំការប្រឡង ចាប់ផ្តើមដំណើរការបែងចែកកន្លែងការងារជូនបេក្ខជនជាប់បម្រុងគ្រូបង្រៀន កម្រិតអនុវិទ្យាល័យ

នៅព្រឹកព្រលឹមនាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដំណើរការបែងចែកកន្លែងការងារជូនបេក្ខជនប្រឡងជាប់បម្រុងជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតអនុវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ (សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦) បានចាប់ផ្តើមប្រព្រឹត្តទៅជាផ្លូវការ ស្ថិតនៅមណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE)។

ចាប់តាំងពីម៉ោង ៦:០០ ព្រឹក បេក្ខជនជាច្រើនរូបបានធ្វើដំណើរមកដល់ទីតាំង និងបានចុះឈ្មោះបញ្ជាក់វត្តមានតាមក្រុមភូមិសាស្ត្រនីមួយៗនៅក្នុងបន្ទប់បែងចែកកន្លែងការងារ។ បេក្ខជនទាំងអស់បានត្រៀមខ្លួនរួចជាស្រេច ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់ដូចជា សលាកបត្រចុះឈ្មោះប្រឡង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ដើម្បីត្រៀមចូលរួមស្តាប់ការណែនាំ និងជ្រើសរើសទីតាំងបម្រើការងាររបស់ខ្លួន។

ដើម្បីធានាឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូន ក្រុមការងារសម្របសម្រួល និងក្រុមការងារបច្ចេកទេសអន្តរក្រសួង រវាងក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់ពង្រាយកម្លាំងយ៉ាងសកម្មនៅតាមច្រកចូលនៃ «អគារ K» (សាលប្រជុំធំ) ដើម្បីជួយសម្រួលដល់ការពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងការចុះវត្តមានរបស់បេក្ខជន ប្រកបដោយតម្លាភាព យុត្តិធម៌ និងសុក្រឹតភាពខ្ពស់។

មុនពេលឈានដល់វគ្គចាប់យកប៉ុស្តិ៍ការងារ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ រួមជាមួយគណៈកម្មការអន្តរក្រសួង បានចុះជួបសំណេះសំណាលផ្ទាល់ ព្រមទាំងផ្តល់ការណែនាំ និងពន្យល់អំពីបច្ចេកទេសយ៉ាងលម្អិតដល់បេក្ខជនទាំងអស់។

គណៈកម្មការបានបញ្ជាក់ថា នីតិវិធីនៃការជ្រើសរើសទីតាំងការងារត្រូវបានរៀបចំឡើងយ៉ាងរហ័ស និងច្បាស់លាស់ ដោយផ្តល់សិទ្ធិជូនបេក្ខជនគ្រប់រូបក្នុងការជ្រើសរើសសាលារៀនដែលខ្លួនបំណងចង់ទៅបម្រើការងារ ផ្អែកលើតម្រូវការជាក់ស្តែងតាមមុខវិជ្ជា និងភូមិសាស្ត្រនៃសាលានីមួយៗ។