ក្រុមអ្នកតវ៉ានៅទីក្រុង São Paulo ជួបជុំគ្នាអបអរសាទរជ័យជម្នះរបស់លោក Lula da Silva ក្នុងអាណត្តិជាប្រធានាធិបតីប្រេស៊ីលលើកទី៤ និងថ្កោលទោសលោក Bolsonaro

មួយសប្តាហ៍បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតរបស់ប្រធានាធិបតី Luiz Inácio Lula da Silva ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីក្រុងសៅប៉ូឡូ ដើម្បីអបអរនឹងជ័យជម្នះរបស់លោកផង និងតវ៉ាប្រឆាំងចំពោះការចាកចេញទៅកាន់សហរដ្ឋអាមេរិករបស់លោក Flávio Bolsonaro ផង ដែលជាបេក្ខជនប្រធានាធិបតីដែលបានបរាជ័យពីការបោះឆ្នោត។ សមាជិកព្រឹទ្ធសភារូបនេះបានចាកចេញពីប្រទេសប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិក ជាមួយភរិយា និងកូនស្រីពីរនាក់ ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតជុំទីពីរ ជាមួយនឹងលោកប្រធានាធិបតី Lula ដោយលោកបានអះអាងថា ខ្លួនកំពុងរងនូវការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយពីសំណាក់ចៅក្រមតុលាការកំពូល គឺលោក Alexandre de Moraes។ គ្រួសារនេះទទួលបានទិដ្ឋាការ (Visa) ពីសំណាក់រដ្ឋបាលរបស់លោក Trump។ ក្រុមអ្នកតវ៉ាបានលើកឡើងពីក្តីបារម្ភជុំវិញការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការនយោបាយរបស់ប្រទេសប្រេស៊ីល។ លោក Vinicius Oliveira បាននិយាយថា៖ ដំបូងឡើយ ខ្ញុំមានការព្រួយបារម្ភបន្តិចថា គាត់ (សំដៅលើលោក Flavio Bolsonaro) អាចនឹងប៉ុនប៉ងធ្វើរដ្ឋប្រហារអ្វីមួយ ដោយមានការគាំទ្រពីនយោបាយសហរដ្ឋអាមេរិក។ ប៉ុន្តែ លោក Trump ផ្ទាល់កំពុងជាប់រវល់យ៉ាងខ្លាំងជាមួយយុទ្ធនាការឃោសនាបោះឆ្នោតសភាក្នុងប្រទេសរបស់លោក។ គាត់ទំនងជានឹងបរាជ័យក្នុងការបោះឆ្នោតទាំងនោះ។ សិទ្ធិរបស់ជនជាតិដើមភាគតិច ក៏ជាបញ្ហាសំខាន់មួយដែលត្រូវបានលើកឡើងក្នុងអំឡុងពេលតវ៉ានេះដែរ ដោយអ្នកចូលរួមបានអំពាវនាវឱ្យមានការការពារកាន់តែខ្លាំងចំពោះសហគមន៍ជនជាតិដើមភាគតិច ជាពិសេសបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីអំពើហិង្សាប្រឆាំងនឹងភូមិដ្ឋាននានា ក្រោយលទ្ធផលបោះឆ្នោតត្រូវបានប្រកាស។ ការតវ៉ានេះបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏រីករាយ ដោយមានក្រុមតន្ត្រី Samba សម្តែងនៅលើឆាក ហើយប្រជាជនបានចេញមកអបអរសាទរជ័យជម្នះរបស់លោក Lula ក្នុងការបោះឆ្នោតជុំទីពីរ ដែលនាំឱ្យលោកទទួលបានការដឹកនាំប្រទេសក្នុងអាណត្តិជាលើកទី៤៕

សម្រួលអត្ថបទ៖ សុផារិន្ទ