គណបក្សប្រឆាំងតូចធំនៅឥណ្ឌាប្រមូលផ្តុំគ្នាបន្តទាមទារឱ្យប្រធានគណៈកម្មការរៀបចំការបោះឆ្នោតលាលែងពីតំណែង និងព្យាយាមទម្លាក់លោក Modi ចេញពីអំណាច
កាលពីថ្ងៃអាទិត្យនេះគណបក្សប្រឆាំងនានានៅក្នុងប្រទេសឥណ្ឌា បានបន្តទាមទារឱ្យប្រធានគណៈកម្មការរៀបចំការបោះឆ្នោតលាលែងពីតំណែង ដោយបានរៀបចំការតវ៉ាថ្មីមួយទៀត ដែលជាសញ្ញាបង្ហាញពីការមិនពេញចិត្តរបស់សាធារណជនចំពោះរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ។ ការតវ៉ានេះត្រូវបានផ្តួចផ្តើមឡើងដោយសម្ព័ន្ធគណបក្សប្រឆាំងដែលមានឈ្មោះថា INDIA មកពីពាក្យពេញ Indian National Developmental Inclusive Alliance ដោយមានអ្នកចូលរួមរាប់ម៉ឺននាក់។ អ្នកតវ៉ាខ្លះបានកាន់ឧបករណ៍តន្ត្រី និងគ្រវីទង់ជាច្រើនប្រភេទនៃបក្សរបស់ពួកគេ ព្រមទាំងស្រែកពាក្យស្លោកប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលកណ្តាលបច្ចុប្បន្ន។ គណបក្សប្រឆាំងមួយចំនួននៅក្នុងសម្ព័ន្ធនេះ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៣ ក្នុងគោលបំណងទម្លាក់លោក Modi ចេញពីអំណាច បានកេណ្ឌសមាជិករបស់ខ្លួនមកពីតាមរដ្ឋនានាដើម្បីចូលរួមក្នុងការតវ៉ាដ៏ធំនេះ។ ព្រឹត្តិការណ៍នេះវាបានកើតឡើងនៅប៉ុន្មានសប្តាហ៍ បន្ទាប់ពីប៉ូលិសបានបង្ក្រាបលើក្រុមអ្នកតវ៉ានៅក្នុងទីក្រុងញូវដេលី។ ក្រោមការដឹកនាំរបស់លោក Rahul Gandhi ដែលជាមេដឹកនាំគណបក្សប្រឆាំងធំជាងគេគឺគណបក្ស Congress party និងមានការគាំទ្រពីចលនាយុវជនមួយដែលមានឈ្មោះថា «Cockroach» ប្រែថាសត្វកន្លាត នោះ។ ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យមានការការពារលទ្ធិប្រជាធិបតេយ្យនៅប្រទេសឥណ្ឌា ព្រមទាំងទាមទារឱ្យប្រធានគណៈកម្មការរៀបចំការបោះឆ្នោត លោក Gyanesh Kumar លាលែងពីតំណែង ពាក់ព័ន្ធនឹងបញ្ហាជម្លោះជុំវិញការកែសម្រួលបញ្ជីឈ្មោះអ្នកបោះឆ្នោតឡើងវិញ។ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីលាន Ramlila Maidan ដែលជាទីលានសាធារណៈដ៏ធំបំផុតមួយក្នុងទីក្រុងញូវដេលី ក្រោយពីខែមុនដែលប៉ូលិសបានដកទីតាំង Jantar Mantar ចេញពីបញ្ជីទីលានជួបជុំគ្នាដែលត្រូវបានអនុញ្ញាតជាផ្លូវការសម្រាប់ការធ្វើបាតុកម្មទូទៅនោះ។ មកដល់ពេលនេះលោក Modi មិនទាន់បានធ្វើការអត្ថាធិប្បាយជាសាធារណៈអ្វីទាំងអស់ជុំវិញការតវ៉ានេះនៅឡើយទេ។ ប៉ុន្តែមេដឹកនាំមួយចំនួននៅក្នុងគណបក្សរបស់លោក បានចោទប្រកាន់ក្រុមអ្នកតវ៉ាថាជា «ក្រុមបង្កភាពវឹកវរ» និងបានលើកឡើងថា ពួកគេទទួលបានការគាំទ្រពីមហាអំណាចបរទេស ប៉ុន្តែមិនបានបង្ហាញភស្តុតាងណាមួយជាក់លាក់ឡើយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


