គណៈកម្មការព្រឹទ្ធសភាសាទរចំពោះលទ្ធផលការងារ ការសម្រេចបានរបស់ក្រសួងការងារ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងរយៈពេល ៣៤ខែកន្លងមកនេះ

(ភ្នំពេញ)៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូរបស់ក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការ នៃព្រឹទ្ធសភា ដែលដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (គណៈកម្មការទី៥) និងតំណាងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១)  នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ដោយមានការចូលរួមពីតំណាងគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះធ្វើឡើងក្នុងបំណងពង្រឹងទំនាក់ទំនង យន្តការតាមដាន ត្រួតពិនិត្យ និងកិច្ចសហប្រតិបត្តិការរវាងអំណាចនីតិប្បញ្ញតិ្ត និងនីតិប្រតិបត្តិ ក៏ដូចជារវាងក្រសួងការងារ និងព្រឹទ្ធសភា ដើម្បីជំរុញវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ និងស្របតាមបរិបទតំបន់ និងពិភពលោក។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីវឌ្ឍនភាពការងារដែលក្រសួងខិតខំសម្រេចបានស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយនានារបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍនវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ទាំង ១០ចំណុចរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន និងអនុសាសន៍ទាំង១០ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវការការពារសិទ្ធិនិងអត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ ហើយក៏បានរួមចំណែកធ្វើឱ្យកាន់តែមានភាពទាក់ទាញដល់អ្នកវិនិយោគទុន ដែលនាំឱ្យកំណើនការងារកាន់តែកើនឡើង ហើយកំណើនសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ក៏បន្តកើនឡើងដល់ចំនួន ៤៧ ៤៩៤សហគ្រាស នៅត្រឹមឆមាសទី១ ឆ្នាំ២០២៦ នេះ ហើយ​កម្មករនិយោជិតក្នុងប្រព័ន្ធ បានកើនឡើង​ដល់ ២,៣ លាននាក់ ក្នុងរយៈពេលដូចគ្នានេះ។

ក្រសួងបានអនុវត្តដោយជោគជ័យនូវវិធានការអន្តរាគមន៍ ដោយបានផ្តល់ការងារជូនបងប្អូន​អតីតពលករមកពីថៃសរុបប្រមា​ណ ៦៥ម៉ឺននាក់។ ក្រសួងក៏បានបន្តយកចិត្តទុកដាក់​​ខ្ពស់ក្នុងការលើកកម្ពស់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ចលនាប្រឡងប្រណាំង សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ លើកកម្ពស់លក្ខខណ្ឌការងារ​ ជាពិសេស លក្ខខណ្ឌ​សុវត្ថិភាព​​​និង​សុខភាព​​ការងារ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដោយសម្រេចបាននូវអត្រា​សះជា​នៃការផ្សះ​ផ្សា​វិវាទ​ការងារ​ទាំងនៅកម្រិតក្រសួងនិងក្រុមប្រឹក្សាអាជ្ញាកណ្តាល បានកើនឡើងដល់ ៩៥,៤%។

ទន្ទឹមនេះ ក្រសួងបន្តពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គម បន្តអនុវត្តការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិត ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ពង្រឹងកិច្ចសហការជាមួយវិស័យឯកជន ការពង្រីកគ្រឹះស្ថាន TVET ការអនុវត្តការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញ ផលិតភាព និងភាពប្រកួតប្រជែងខ្ពស់ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការវិនិយោគ ជាពិសេសវិស័យ TVET ដោយផ្តោតលើការអនុវត្តកម្មវិធី ១,៥លាន​ ស្របតាមតម្រូវការទីផ្សារការងារ ការលើកកម្ពស់សេវាសាធារណៈឌីជីថល ការទាក់ទាញវិនិយោគដែលបង្កើតការងារមានគុណភាព និងការបង្កើនផលិតភាព និងភាពប្រកួតប្រជែងរបស់កម្លាំងពលកម្មផងដែរ។

តំណាងគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដ៏គួរឱ្យកត់សម្គាល់ដែលក្រសួងសម្រេចបានក្នុងការអនុវត្តការងារលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានផ្តល់អនុសាសន៍ និងមតិយោបល់មួយចំនួន ដើម្បីឱ្យក្រសួងបន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ លើកកម្ពស់គុណភាពធនធានមនុស្ស បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងរបស់កម្លាំងពលកម្មកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការព្រឹទ្ធសភា ព្រមទាំងទទួលបានសំណូមពរ និងអនុសាសន៍ល្អៗយកទៅធ្វើការកែលម្អ និងពង្រឹងប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាដល់ប្រជាជនឱ្យកាន់តែប្រសើរស្របតាមអនុសាសន៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕