ដំណោះស្រាយដើម្បីការពារក្រុងព្រះសីហនុពីជំនន់ទឹកភ្លៀង តាមរយៈការបន្ថែមលូ និងបើកប្រព័ន្ធរំដោះទឹក
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពស្ពាន អូរ និងផ្លូវមួយចំនួនក្នុងក្រុងព្រះសីហនុ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដើម្បីស្វែងរកដំណោះស្រាយបច្ចេកទេស និងការពារការជន់លិចក្នុងរដូវវស្សា។
នៅក្នុងបេសកកម្មចុះពិនិត្យផ្ទាល់នេះ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារជំនាញ បានអញ្ជើញទៅពិនិត្យទីតាំងប្រព័ន្ធរំដោះទឹក និងចំណុចប្រឈមសំខាន់ៗ រួមមាន៖
១. ស្ពានអ៊ុនតាក់ (ស្ថិតក្នុងសង្កាត់លេខ៣)
២. កំណាត់ផ្លូវ ២៨ មិថុនា
៣. អូរស្ពានសណ្ឋាគារឯករាជ្យ
៤. ស្ពានចំការស្ពៃ (ស្រែត្រគួន)
៥. ស្ពានអង្គការម្លប់តាប៉ាង
៦. ប្រព័ន្ធអូរ និងប្រឡាយរំដោះទឹក ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានផ្តល់អនុសាសន៍ និងណែនាំដល់មន្ត្រីជំនាញឱ្យប្រញាប់ប្រញាល់សាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងបន្ថែមទៀតស្របនឹងលូចាស់ នៅតាមបណ្តោយផ្លូវឯករាជ្យ (ត្រង់ចំណុចស្ពានអ៊ុនតាក់) ដើម្បីបង្វែរមុខទឹកឱ្យហូរទម្លាក់ចូលទៅក្នុងអូររំដោះទឹក ស្ថិតក្នុងសង្កាត់លេខ៣ ឱ្យបានលឿន និងទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន រួមកម្លាំងគ្នាកាយដីភក់ កកស្ទះ និងប្រមូលសំរាមចេញពីមាត់លូ និងផ្លូវទឹកហូរ ដើម្បីបើកផ្លូវទឹកឱ្យមានចរន្តហូរលឿន ជៀសវាងការស្ទះបង្កជាជំនន់ទឹកភ្លៀងលិចលង់តាមដងផ្លូវ និងខ្នងផ្ទះប្រជាពលរដ្ឋ។
ការចុះពិនិត្យ និងដាក់ចេញនូវវិធានការឆ្លើយតបបន្ទាន់នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាព ការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងរក្សាសណ្តាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុឱ្យមានភាពល្អប្រសើរក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់ខ្លាំងនារដូវវស្សានេះ។
អត្ថបទ : មនសូត្រ







