ក្រុមនាវិកមូលដ្ឋានសមុទ្ររាម និងកងទ័ពជើងទឹកកាណាដា រៀបចំការប្រកួតបាល់ទាត់មិត្តភាព ដើម្បីពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី

ខេត្តព្រះសីហនុ៖ ពិធីប្រកួតកីឡាបាល់ទាត់មិត្តភាពដ៏មានអត្ថន័យមួយ រវាងក្រុមនាវិកនៃមូលដ្ឋានសមុទ្ររាម និងក្រុមនាវិករបស់នាវាកងទ័ពជើងទឹកកាណាដា ត្រូវបានរៀបចំឡើងយ៉ាងសប្បាយរីករាយ ក្រោមបរិយាកាសស្និទ្ធស្នាល និងប្រកបដោយស្មារតីសាមគ្គីភាពជាអន្តរជាតិ នៅថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ។
កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមផ្ទាល់ដោយ លោកវរនាវីទោ ហ៊ុំ ឡៃ នាយការិយាល័យហ្វឹកហ្វឺន នៃមូលដ្ឋានសមុទ្ររាម ព្រមទាំងមានវត្តមានរបស់លោកនាយនាវី នាយនាវីរង និងពលនាវិកសរុបជាច្រើនរូបទៀត មកពីមូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹកកម្ពុជា ក៏ដូចជាកងកម្លាំងទ័ពជើងទឹករបស់កាណាដាផងដែរ។
ការប្រកួតបាល់ទាត់មិត្តភាពនេះ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ការទូតយោធាមួយ ដោយសារការពង្រឹងទំនាក់ទំនងទ្វេភាគី ជាស្ពានចម្លងក្នុងការបន្តពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងការទូតយោធារវាងប្រទេសទាំងពីរ។ បង្កើតឱកាសឱ្យកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានជួបជុំ ផ្លាស់ប្តូរយោបល់ និងស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក។ សុខភាពនិងស្មារតីក្រុម មិនត្រឹមតែជាសកម្មភាពហាត់ប្រាណដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះស្មារតីនៃការប្រកួតប្រជែងដោយការយោគយល់គ្នា។
ការប្រកួតបានប្រព្រឹត្តទៅយ៉ាងស្វាហាប់ ក្រោមការឃ្លាំមើល និងការគាំទ្រយ៉ាងច្រើនពីសំណាក់កងកម្លាំងទាំងសងខាងដែលបានស្រែកហ៊ោឱ្យទឹកចិត្តកីឡាករ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្កើតបានជារសជាតិនៃការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អៗ និងភាពស្និទ្ធស្នាលរវាងកងទ័ពជើងទឹកនៃមូលដ្ឋានសមុទ្ររាម និងនាវិកកាណាដា ក្នុងការពង្រឹងសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕
អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ
រូបភាព ៖ កងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម