ក្រសួងបរិស្ថានពង្រឹងភាពជាដៃគូជាមួយគ្រួសារ UN ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍទីក្រុងដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ

ក្រសួងបរិស្ថាន និងអង្គការ UN Habitat បានចុះអនុស្សារណៈនៃការយោគយល់គ្នា»ស្តីពីកិច្ចសហប្រតិបត្តការស្តីពីការគ្រប់គ្រងធនធានធម្មជាតិ កិច្ចគាំពារសង្គម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រសួងស្ថាប័ន ពាក់ព័ន្ធ រួមជាមួយអង្គការ ដៃគូ ដៃគូអភិវឌ្ឍន៍ ជាច្រើននាក់។

ឯកឧត្តម ស៊ុ ធីអគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន បានឱ្យដឹងថា អនុស្សារណៈនៃការយោគយល់គ្នានេះ នឹងធ្វើឱ្យក្រសួងបរិស្ថាននិងអង្គការសហប្រជាជាតិ ដែលក្នុងនោះUN-Habitat បានអនុវត្តការងារកាន់តែជិតស្និតបន្ថែមទៀតលើការកសាងសមត្ថភាព និងការកៀរគរធនធាន ដើម្បីបន្ស៊ាំ និងពង្រឹងភាពធន់នៅក្នុងប្រទេសកម្ពុជា។

លោកស្រី Kazuko ISHIGAKI ប្រធានអង្គការUN-Habitat ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក បានលើកឡើងនូវគម្រោង និងផែនការសកម្មភាពជាច្រើន រួមទាំងការរៀបចំគោលនយោបាយ និងការអនុវត្តគម្រោងដើម្បីឆ្លើយតបនឹងការប្រែប្រួអាកាសធាតុនៅតំបន់ឆ្នេរ ហើយសម្រេចបាននូវភាពជោគជ័យប្រកបដោយមោទនភាព។ លោកស្រី ថ្លែងអំណរគុណដល់ក្រសួងបរិស្ថានកម្ពុជា ដែលជានិច្ចជាកាលបានផ្តល់កិច្ចសហការល្អ ហើយបន្តទៅមុខអង្គការ UN-Habitat នឹងបន្តកិច្ចសហប្រតិបត្តិការ អនុវត្តគោលនយោបាយបរិស្ថាននិងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សមត្ថភាពស្ថាប័ន និងជំរុញវិធីសាស្ត្រគ្រប់គ្រងបរិស្ថានទីក្រុង ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាបន្ន និងចីរភាព។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ ជាការបង្ហាញពីការគាំទ្រ ការចូលរួម និងគាំទ្រដល់ក្រសួងបរិស្ថាន ក្នុងការអនុវត្តភារកិច្ច ការទទួលខុសត្រូវលើការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន និងការអភិវឌ្ឍន៍ដោយចីរភាព ដើម្បីកម្ពុជាសម្រេចបានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន សំដៅឆ្ពោះទៅសម្រេចបានការបង្កើនគម្របព្រៃឈើច្រើន និងការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍លើកឡើងពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលជាប្រទេសរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតិ ចូលរួមធ្វើសកម្មភាពជាច្រើន ស្របតាមផែនការនិងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពូជា ក្នុងនោះផែនការយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី២ (CCCSP) ២០២៤-២០៣៣ ដោយបញ្ជ្រាបគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការបន្ស៊ាំ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដោយជំរុញការចូលរួម និងការអនុវត្តការងារពីភាគីពាក់ព័ន្ធនានា។ ជាមួយគ្នានេះប្រទេសកម្ពុជាក៏បានដាក់ជូននូវផែនការជាតិ រួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកទី៣(NDC:3.0) ដែលបានកំណត់កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន៥៥% នៅឆ្នាំ២០៣៥ ខាងមុខ។

ឯកឧត្តមរដ្ឋមន្រ្តីបានផថ្លែងបន្ថែមថា អាទិភាពចម្បងរបស់កម្ពុជា គឺការកសាងភាពធន់ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ បណា្តលមកពីការប្រែប្រួលអាកាសធាតុ ហើយសកម្មភាពឆ្លើយតបនឹង ទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ និងដៃគូរបស់យើង៕