ទោះបីសង្រ្គាមជាមួយអ៊ីរ៉ង់នៅតែបន្ត និងកិច្ចព្រមព្រៀមនៅតែតានតឹងក្តី ប៉ុន្តែលោកប្រធានាធិបតី Trump នៅស្វាគមន៍ក្រុមជម្រើសជាតិអ៊ីរ៉ង់កាន់ FIFA World Cup នៅទឹកដីអាម៉េរិកដដែល

ប្រធានាធិបតី Donald Trump បានទទូចកាលពីថ្ងៃព្រហស្បតិ៍ថា «អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀង» ប៉ុន្តែបាននិយាយទៀតថាមាន «បញ្ហាព្រោះគ្មាននរណាម្នាក់ដឹងច្បាស់ថាមេដឹកនាំពួកគេជានរណា»។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval ថា «វាមានបញ្ហាបន្តិច អ្នកដឹងទេ? មេដឹកនាំត្រូវបានលុបចោលរួមជាមួយយោធារបស់ពួកគេ ស្ទើរតែទាំងអស់នៃយោធារបស់ពួកគេទៅហើយ»។ លោក Trump បានបន្ថែមថា «យើងសង្ឃឹមថាវាអាចត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ»។ លោក Trump បាននិយាយថា «គ្មាននរណាម្នាក់ដឹងថាការចរចាជាអ្វីនោះទេ លើកលែងតែខ្ញុំ និងមនុស្សពីរបីនាក់ផ្សេងទៀត។ ហើយពួកគេចង់ធ្វើកិច្ចព្រមព្រៀងខ្លាំងណាស់»។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានសច្ចារកាលពីថ្ងៃព្រហស្បតិ៍ដោយសម្លេងរឹងរូសថានឹងការពារសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់សាធារណរដ្ឋអ៊ីស្លាម ដែលលោក Trump បានព្យាយាមកាត់បន្ថយវាតាមរយៈការវាយប្រហារតាមអាកាស និងជាផ្នែកមួយនៃកិច្ចព្រមព្រៀងទូលំទូលាយជាងមុនដើម្បីពង្រឹងបទឈប់បាញ់ដ៏រង្គោះរង្គើនៃសង្គ្រាមពួកគេ។ ប្រទេសប៉ាគីស្ថានបាននិយាយថា ខ្លួននៅតែសម្របសម្រួលកិច្ចចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹង ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដក៏នឹងស្វាគមន៍ការទំនាក់ទំនងដោយផ្ទាល់រវាងភាគីទាំងពីរ សូម្បីតែតាមទូរស័ព្ទក៏ដោយ។ ទន្ទឹមនឹងនេះដែរ នៅពេលដែលគេសួរថាតើក្រុមបាល់ទាត់អ៊ីរ៉ង់គួរតែអាចលេងក្នុងព្រឹត្តិការណ៍ World Cup ដែលធ្វើជាម្ចាស់ផ្ទះដោយសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដាដែរឬទេ លោក Trump បាននិយាយថា “ទុកឲ្យពួកគេលេងបាន”។ នោះជាសម្លេងខុសគ្នាឆ្ងាយកាលពី រយៈពេលពីរទៅបីសប្តាហ៍មុន នៅពេលដែលប្រធានាធិបតីអាមេរិកបានព្រមានក្រុមជម្រើសជាតិអ៊ីរ៉ង់ពីការមកកាន់ទីនេះដើម្បីលេងក្នុងព្រឹត្តិការណ៍ World Cup។ ប្រធាន FIFA លោក Gianni Infantino បានសង្កត់ធ្ងន់នៅឯសមាជប្រចាំឆ្នាំរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ថា អ៊ីរ៉ង់នឹងចូលរួមក្នុងការប្រកួតនេះ ដែលចាប់ផ្តើមនៅខែមិថុនាខាងមុខ។ លោកប្រធានាធិបតី Trump បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval បន្ថែមថា “លោកអ្នកមើលចុះ អ្នកដឹងទេថាវាជាអ្វី? ទុកឲ្យពួកគេលេងឲ្យបានល្អចុះ”។ សូមបញ្ជាក់ថាអ៊ីរ៉ង់នឹងចាប់ផ្តើមចូលរប្រកួតបាល់ទាត់ពិភព FIFA World Cup របស់ខ្លួនទល់នឹងនូវែលសេឡង់នៅថ្ងៃទី ១៥ ខែមិថុនា នៅ កីឡដ្ឋាន Inglewood រដ្ឋ California៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ